ជាតិ
រថយន្ត
សេដ្ឋកិច្ច
កម្ពុជា​នឹង​ចេញ​បណ្ណ​បើក​បរអន្តរជាតិសម្រាប់ពលរដ្ឋយក​​ប្រើ​ប្រាស់​នៅ​ក្រៅប្រទេស​
13, Jul 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ យកទៅ​ប្រើប្រាស់​នៅក្រៅ​ប្រទេស​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​



​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ការចេញ​ប័ណ្ណបើកបរ​អន្តរជាតិ​នេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ យកទៅ​ប្រើប្រាស់​ក្នុង​ការបើកបរ​យានយន្ត​នៅតាម​បណ្ដា​ប្រទេស​នានា​បាន ។ ក្រសួង​នឹង​ដំណើរ​ការចេញ​ប័ណ្ណបើកបរ​អន្តរជាតិ​នេះ នៅ​ខែសីហា​ខាងមុខ​។​
 
​ថ្លែង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ កាលពី​ថ្ងៃទី​៧ កក្កដា រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ក្រសួង​នឹង​ចាប់ផ្តើម​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ ដោយសារតែ​ពេល​យើង​ទៅដល់​ប្រទេស​គេ បើកឡាន​មិនបាន មាន​ប័ណ្ណបើកបរ​ខ្មែរ​បើក​មិនបាន ដូចនេះ​យើង​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដែរ អ៊ីចឹង ​យើង​អាច​ចេញ​បណ្ណបើកបរ​អន្តរជាតិ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន ប័ណ្ណបើកបរ ហើយ​យកមក​ដូរ​សុំ​ធ្វើ​ប័ណ្ណបើកបរ​បណ្តោះអាសន្ន​សិន​ប៉ុន្មាន​ខែ​ចឹ​ង​ទៅ យើង​អាច​ចេញ​ជូន​ពួកគាត់​បាន​»​។​




 
​ប័ណ្ណបើកបរ​អន្តរជាតិ​នេះ ក៏មាន​តាម​ប្រភេទ​រថយន្ត​ផងដែរ ក្នុងនោះ​មាន​ប្រភេទ A, B, C ជាដើម​។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បោះត្រា​តាម​ប្រភេទ​ដែល​គាត់​ស្នើសុំ បើ​គាត់​ឡាន​ទេសចរណ៍ ប្រភេទ​នឹង​គឺ​បោះត្រា​ទៅលើ​រូបថត ហើយ​បោះត្រា​លើ​ប្រភេទ​នឹង​តែម្តង អ៊ីចឹង​ខែក្រោយ​អាច​ដំណើរការបាន​»​។ 
 
​បច្ចុប្បន្ន​ការិយាល័យ​ផ្ដល់​សេវា​ប័ណ្ណបើកបរ ដែល​ស្ថិតនៅក្រោម​ចំណុះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​២​ទីតាំង គឺ​ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២​។​ក្រសួង​សាធារណការ កំពុង​ត្រៀម​រៀបចំ​សេវា​ផ្ដល់​ប័ណ្ណបើកបរ ២​ទីតាំង​ទៀតផង​ដែរ ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​ពលរដ្ឋ ក្នុងការ​មក​ប្តូរ​ប័ណ្ណបើកបរ​។ ទីតាំង​ដែល​ក្រសួង​សិក្សា​នោះ គឺ​នៅ​ផ្សារ​ទំនើប​នូ​រ៉ូ​ម៉​ល របស់​ក្រុមហ៊ុន ជីប ម៉ុង និង​ម៉​ល ជីប ម៉ុង សែន​សុខ​៕

Tag:
 ប័ណ្ណបើកបរ​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com