បញ្ជូនចៅក្រម ទៅតុលាការ ក្រោយបើកឡានតាមចោរឆក់កាបូបលុយ រហូតបុកស្លាប់
ជាតិ
សង្គមជាតិ
បញ្ជូនចៅក្រម ទៅតុលាការ ក្រោយបើកឡានតាមចោរឆក់កាបូបលុយ រហូតបុកស្លាប់
09, Jul 2020 , 12:34 pm        
រូបភាព
ម៉ូតូរបស់ចោរឆក់កាបូប ដួល ក្រោយត្រូវឡានរបស់ចៅក្រម បុក (រូបពីបណ្តាញសង្គម)
ម៉ូតូរបស់ចោរឆក់កាបូប ដួល ក្រោយត្រូវឡានរបស់ចៅក្រម បុក (រូបពីបណ្តាញសង្គម)
លោក គង់ ខេមរា ចៅក្រមនៃសាលាដំបូងខេត្តកោះកុង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរ ក្រោយពីលោក បានបើករថយន្ត ដេញតាមម៉ូតូចោរឆក់កាបូបលុយរបស់លោក ហើយក៏បានបុកម៉ូតូ បណ្តាលឲ្យចោរឆក់នោះ ស្លាប់នៅកន្លែងកើតហេតុ។



លោក  ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទយ៉ាងខ្លីថា៖«ប្រហែលបញ្ជូនទៅដល់ហើយ»។ យ៉ាងណា លោក ពុំបានបញ្ជាក់ពីបទល្មើសរបស់ចៅក្រម គង់ ខេមរា ដែលសមត្ថកិច្ច សរសេរក្នុងកំណត់ហេតុ ហើយបញ្ជូទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះទេ។ 

លោក គ្រាន់តែអះអាងថា បើសារព័ត៌មានដទៃ សរសេរពីបទល្មើនោះយ៉ាងម៉េច គឺ វា ប្រាកដជាយ៉ាងនោះហើយ។ បើតាមសារព័ត៌មានមួយចំនួន សមត្ថកិច្ច បញ្ជូនចៅក្រម គង់ ខេមរា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងបទចោទមនុស្សឃាតដោយអចេតនា។ 

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លើបណ្តោយវិថីហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វីដេអូ ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព អំពីរថយន្តរបស់ចៅក្រម គង់ ខេមរា បុកម៉ូតូចោរឆក់នោះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម។ រថយន្តរបស់លោកចៅក្រម រងការខូចខាតខាងមុខ។

តាមរយៈរូបភាពលើបណ្តាញសង្គម គេ ឃើញលោកចៅក្រម ឈរកាន់កាបូបខ្មៅមួយ ក្រោយបុកម៉ូតូចោរឆក់។ កាបូបនោះ គឺជារបស់លោក ដែលត្រូវចោរឆក់ ដោយលោកអះអាងថា មានប្រាក់ជាង៦ពាន់ដុល្លារ។ 

បើតាមកោះសន្តិភាពដដែល ​ចោរឆក់នោះ គឺជា​ស្ត្រី​ ​​កាត់សក់ខ្លី ហើយមើលទៅ​ដូចជា​​មនុស្សប្រុស មានវ័យ៣០ឆ្នាំ ស្នាក់នៅ​ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​។ 

ហេតុការណ៍នេះ គឺដូចនឹងហេតុការណ៍ ដែលកើតឡើងកាលពីចុងឆ្នាំ២០១៨ គឺមានស្រ្តីជនជាតិវ័យ២៦ឆ្នាំម្នាក់ បានបើករថយន្ត តាមចោរឆក់២នាក់ ដែលជិះម៉ូតូជាមួយគ្នា ហើយក៏បុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ ចោរទាំង២នោះ បានឆក់ទូរស័ព្ទរបស់នាង។

កាលនោះសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសនាងឲ្យជាប់ពន្ធនាគារ២ឆ្នាំ តម្រូវឲ្យបង់ថវិកា១ពាន់ដុល្លារ ចូលទៅរដ្ឋ បង់១ម៉ឺនដុល្លារ ទៅគ្រួសារសព និង បង់៧,៥ពាន់ដុល្លារ ទៅអ្នករបួស។

ចំពោះទោស២ឆ្នាំ តុលាការ ឲ្យនាងអនុវត្តតែ៣ខែប៉ុណ្ណោះ បានន័យថា នាង ជាប់ទោស៣ខែ ហើយទោស១ឆ្នាំ៩ខែទៀត ត្រូវព្យួរ។

គេ កំពុងរង់ចាំមើលថា តើចៅក្រម គង់ ខេរមរា នឹងត្រូវទទួលទោសដូចស្រ្តីជនជាតិចិននោះដែរឬទេ?

Tag:
 ចៅក្រម
  បទល្មើសចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com