អន្តរជាតិ
មូលហេតុ​ដែល​ចិន​ច្បាស់​ជា​នឹង​ប្រកួតប្រជែង​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ក្នុង​ដែនសមុទ្រ​អាស៊ី​ដែលមាន​ជម្លោះ​
09, Jul 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ យន្តហោះប្រយុទ្ធប្រភេទ F-35B Lightning II ធ្វើប្រតិបត្តិការនៅតំបន់សមុទ្រចិនភាគខាងត្បូង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ យន្តហោះប្រយុទ្ធប្រភេទ F-35B Lightning II ធ្វើប្រតិបត្តិការនៅតំបន់សមុទ្រចិនភាគខាងត្បូង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
​តៃប៉ិ ៖ នាវា​ផ្ទុក​យន្តហោះ​អាមេរិក​៣​គ្រឿង​បាន​ចូលក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​កាលពីពេល​ថ្មីៗ​នេះ ដែល​នេះ​ជាការ​បង្ហាញ​កម្លាំង​ដ៏​ធំ​ខុស​ប្រក្រតី​មួយ​ក្នុង​ដែនទឹក​មាន​ជម្លោះ​របស់​អាស៊ី និង​ទំនងជា​ការព្រមាន​មួយ​ដល់ទី​ក្រុង​ប៉េកាំង​ផងដែរ​។ ប្រទេស​ចិន​ច្បាស់​ជា ធ្វើ​អ្វីៗ​ទាំងអស់​ក្នុងការ​ធានាថា នឹង​ឆ្លើយតប​ជាមួយ​ការបង្ហាញ​កម្លាំង​របស់​ខ្លួន​។ ទោះជា​យ៉ាងណាក៏ដោយ គ្មាន​ភាគី​ណាមួយ​ត្រូវគេ​រំពឹងថា នឹងធ្វើ​ការបាញ់ប្រហារ​មុន​ឡើយ​។​

 
​អ្នកវិភាគ​នយោបាយ​លើកឡើងថា ប្រទេស​ចិន​សង្ឃឹមថា ខ្លួន​នឹង​ឆ្លើយតប​គ្រប់​សកម្មភាព​យោធា​ទាំងអស់​របស់​អាមេរិក យ៉ាងហោចណាស់​ក៏​ក្នុង​រូបភាព​នៃ​ការប្រកួតប្រជែង​មួយ ដើម្បី​បង្ហាញ​កម្លាំង​របស់ខ្លួន​ក្នុង​ឆ្នាំ​ដែល​អាមេរិក​កំពុង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​តូចៗ​មួយ​ចំនូ​ន​ក្នុង​ទ្វីបអាស៊ី​ចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួន​អបអរ​ចំពោះ​រឿងនេះ​។​
 
​លោកស្រី Yun Sun មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​តំបន់​អាស៊ី​បូព៌ា​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Stimson ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​លើកឡើងថា​៖ «​គោលនយោបាយ​បច្ចុប្បន្ន​របស់​ចិន​គឺ​ថាបើ​អាមេរិក​ធ្វើ​អ្វីមួយ យើង​ត្រូវ​ឆ្លើយតប​ក្នុង​កម្រិត​ប្រហាក់ប្រហែលគ្នា និង​ដោយ​កម្រិត​ប្រាកដប្រជា​ដូចគ្នា​»​។​
 
​ទីបញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​៣​គ្រឿង​របស់​អាមេរិក USS Theodore Roosevelt, USS Nimitz និង USS Ronald Reagan បាន​ចូលទៅក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង កាលពី​ចុងខែ​មិថុនា​កន្លងទៅ​។​
 
​ទីបញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​២៩​មិថុនា​ថា ក្រុម​នាវា​ផ្ទុក​យន្តហោះ Nimitz និង Ronald Reagan នឹងចូលរួម «​សមយុទ្ធ​យោធា​និង​ប្រតិ​ប​តិ្ត​ការ សមាហរណកម្ម ដែល​រក្សា​ការតាំង​ចិត្ត​ប្រកបដោយ​ការឆ្លើយតប ការបត់បែន និង​ការ​អត់ធន់ ចំពោះ​កិច្ចព្រមព្រៀង ការពារ​គ្នា​ទៅវិញទៅមក​ជាមួយ​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​។​
 
​លោកស្រី Sun និយាយថា ប្រទេស​ចិន​នឹង​ឆ្លើយតប​តាមផ្លូវ​យោធា នយោបាយ និង​ការទូត​ព្រោះ​ចិន ដឹងថា លោក​ប្រធានាធិបតី​អាមេរិក Donald Trump អាច​ចាញ់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ខែវិច្ឆិកា​ខាងមុខ​។​
 
​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​នៃ​ទំនាស់​ពាណិជ្ជកម្ម ការខ្វែងគំនិត​គ្នា​លើ​អនាគត​នៃ​បូរណភាព​ទឹកដី​ចិន​ហុងកុង និង​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​កាន់តែខ្លាំង​ឡើង​នោះ បានធ្វើ​ឲ្យ​ចិន​ប្រុង​ជើងការ​ប្រឆាំង​ជាមួយ​លោក​ត្រាំ​។ កោះ​តៃវ៉ាន់​គ្រប់គ្រង​ដោយ​ខ្លួនឯង ប៉ុន្តែ​ចិន​បានចាត់ទុក​ដែន​កោះ​នេះ​ថា​ជា​របស់ខ្លួន​។​
 
​លោកស្រី Sun បាន​បន្តថា​៖ «​ប្រទេស​ចិន​អាច​ជឿថា ខ្លួន​គ្មាន​អ្វីដែល​ត្រូវ​បាត់បង់​នោះទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​របស់​រដ្ឋបាល​លោក​ត្រាំ មុន​ការបោះឆ្នោត ហើយ​ចិន​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ពិបាកៗ​ទាំងអស់​ដែល​ក្រុង​ប៉េកាំង​មានបំណង​ចង់​ធ្វើ​ពី​អតីតកាល​តែ​មិនអាច​ធ្វើបាន ដូច្នេះ​ពេលនេះ​ជា​ពេល​មួយ​ដ៏​ល្អ​ដែល​ខ្លួន​អាចធ្វើ​»​។ 
 
​កាលពី​ខែ​មុន មន្ត្រី​ចិន​ក្នុង​ក្រុង​ប៉េកាំង បានអនុម័ត​ច្បាប់​សន្តិសុខ​មួយ​ក្នុង​បំណង​បញ្ឈប់​ការប្រឆាំង​តវ៉ា​ក្នុង​ក្រុង​ហុងកុង ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ព្រួយបារម្ភ  ហើយ​ការប៉ះទង្គិច​ជាមួយ​កងទ័ព​ឥណ្ឌា ក្នុង​រឿង​ជម្លោះទឹកដី​ជាមួយ​ប្រទេស​ឥណ្ឌា​ដែល​ជាស​ម្ព័​ន​មិត្ត​របស់​អាមេរិក​នោះ​។ 
 
​អ្នកដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ក្នុង​ក្រុង​ប៉េកាំង នឹង​ឆ្លើយតប​ទៅនឹង​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក ដើម្បី​ជាការ​រំឭក​ដល់​ពិភពលោក​ពី​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​អាស៊ី ជាពិសេស​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង នេះ​បើតាម​ការលើកឡើង​រប​ស់លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហបូរី​។ លោក​បាន​ប្រដូច​មហិច្ឆតា​ចិន​ទៅនឹង​ទ្រឹស្តី Monroe ឆ្នាំ​1823 ដែលជា​គោលនយោបាយ​អាមេរិក​មួយ ដែល​ចែងថា អំណាច​របស់​អឺរ៉ុប​មិនត្រូវ​ជ្រៀតជ្រែក​ក្នុង​រឿង​អាមេរិក ហើយ​អាមេរិក​ក៏​មិន​ជ្រៀតជ្រែក​ក្នុង​រឿង​អឺរ៉ុប​ដែរ​។ 
 
​លោក Oh Ei Sun បាន​ថ្លែងថា​៖ «​ប្រទេស​ចិន​នឹង​ចាត់ទុក​តំបន់​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ស្ថិតនៅក្រោម​ឥទ្ធិពល​របស់ខ្លួន ដែល​នេះ​វា​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ទ្រឹស្តី​របស់ Monroe ដែលថា បណ្តា​ប្រទេស​អឺរ៉ុប មិនគួរ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​អាមេរិក​នោះ​ទ‍េ​»​។​
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​អ្នក​ទាមទារ​ដែលមាន​ក​ង​ទ័ព​ខ្លាំងជាងគេ​ក្នុងការ​គ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ទំហំ​៣,៥​លាន​គីឡូ​ម៉ែត្រក្រឡា ដែលជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ត្រី​និង​ថាមពល​ឧស្ម័ន​។ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​ប្រទេស​វៀតណាម កំពុងស្ថិត​ក្នុង​ជម្លោះ​ជាមួយ​ចិន​ក្នុង​ការដណ្តើម​ការគ្រប់គ្រង​នូវ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទាំងអស់​ឬ​ផ្នែក​ខ្លះ ដែល​អាចមាន​ទំហំ​ប្រមាណ​៩០​ភាគរយ​នៃ​តំបន់​សមុទ្រ​ទាំងមូល​។​
 
​ទីក្រុង​វ៉ាស៊ីនតោន​លើកឡើងថា តំបន់​សមុទ្រ​ចិន​ខាងត្បូង​គួរ​ត្រូវ​ទុក​បើកចំហ​អន្តរជាតិ​ប្រើប្រាស់​។ ក្រោម​រដ្ឋបាល​លោក​ត្រាំ សហរដ្ឋអាមេរិក​បាន​ជួយ​ប្រទេស​វៀតណាម តៃវ៉ាន់ និង​ហ្វីលីពីន​ក្នុងការ​ពង្រឹង​កងទ័ព​របស់​ពួកគេ​។​
 
​លោក Oh និយាយថា មន្ត្រី​ចិន «​ពិតជា​មិន​ស្វាគមន៍​នាវាចំបាំង​អាមេរិក​ទាំងអស់​ដែល​បាន​ឆ្លងកាត់​តំបន់​សមុទ្រ​ខាង​ត្បួ​ង​ឡើយ​»​។​
 
​អ្នកជំនាញ​យោធា​ចិន​ជឿថា ការ​ចល័ត​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​បានបង្ហាញ​ពី «​នយោបាយ​អនុត្តរភាព​នៅក្នុង​តំបន់​» នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រដ្ឋ​ចិន Global Times ដែលមាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​១៤​មិថុនា​។ គេហទំព័រ​របស់​សារព័ត៌មាន​នេះ បាន​ចុះផ្សាយ​ថា «​ប្រទេស​ចិន​អាចធ្វើ​ការប្រឆាំង​តបត​វិញ​តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា និង​បង្ហាញ​ពី​លទ្ធភាព​និង​ការតាំង​ចិត្ត ក្នុងការ​ការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន​។​
 
​ប្រទេស​ចិន​កន្លងមក​បានបង្ហាញ​ការតាំង​ចិត្ត​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សកម្មភាព​នាវា​អាមេរិក​ក្នុង​តំបន់​អាស៊ី​រួចហើយ​។ សកម្មភាព​ឆ្លើយ​តបក​ន្ល​ង​មក​របស់​ចិន បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​អាមេរិក មាន​ភាព​ល្អក់កករ និង​ធ្វើ​ឲ្យ​ប្រទេស​តូចៗ​មួយចំនួន​ក្នុង​តំបន់​អាស៊ី​មានការ​ភ័យខ្លាច​មិន​ហាន​កាន់ជើង​ខាង​ណា​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី សកម្មភាព​ទាំងនោះ​មិនដែល​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​នៅឡើយ​ទេ​។​
 
​ការឆ្លងកាត់​របស់​នា​វា​សង្គ្រាម​អាមេរិក​ក្នុង​ច្រក​សមុទ្រ​ដែល​ខណ្ឌ​ចែក​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិនដីគោក​នោះ បានទទួល​ការឆ្លើយតប​វិញ​ពី​ចិនដីគោក ចាប់តាំងពី​ឆ្នាំ​២០១៧​មក ដែល​ក្នុងនោះ​រួមមាន​ការហោះ​ចូលក្នុង​ដែនអាកាស​តៃវ៉ាន់​ដោយ​យន្តហោះ​ចំបាំង​របស់​ចិនដីគោក ជា​ឧទាហរណ៍​។ នៅពេលដែល​នាវា​ពិឃាដ​បំពាក់​មី​ស៊ី​ល​របស់​អាមេរិក USS Barry បាន​ឆ្លងកាត់​ជិត​តំបន់​ត្រួតត្រា​របស់​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ខែមេសា​នោះ ប្រទេស​ចិន​បាន​ប្តូរ​ឈ្មោះ​កូន​កោះ​ចំនួន​៨០​និង​ប្រែក្លាយ​តំបន់​ទាំងនោះ​ឲ្យ​ទៅជា​កន្លែង​ដែលមាន​ផលប្រយោជន៍​សម្រាប់​ចិន​។ 
 
​លោក Alexander Huang សាស្ត្រាចារ្យ​មុខវិជ្ជា​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Tamkang ក្នុង​កោះ​តៃវ៉ាន់ លើកឡើងថា ប្រទេស​ចិន​រំពឹងថា ការឆ្លើយតប​របស់ខ្លួន​ប្រឆាំងនឹង​អាមេរិក​នឹង​បង្កើន​ការជឿជាក់​របស់​ប្រជាជន​ចិន​លើ​កងទ័ព​របស់ខ្លួន​។ រដ្ឋាភិបាល​ចិន​សង្ឃឹមថា នឹង​អាច​បង្ហាញ​ដល់​ប្រជាជន​របស់ខ្លួន​ថា​ចិន​អាច​ប្រឈម​ជាមួយ​អាមេរិក​ដោយផ្ទាល់​បាន​។​
 
​លោក Huang និយាយថា​ក្នុងឱកាស​ខួប​១០០​ឆ្នាំ នៃ​កំណើត​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ឆ្នាំក្រោយ ប្រទេស​ចិន​នឹង​ពង្រឹង​ការប្រឆាំង​របស់ខ្លួន​ទៅលើ​ឥទ្ធិពល​អាមេរិក​។ រដ្ឋាភិបាល​ឯក​បក្ស​របស់​ប្រទេស​ចិន​ជាទូទៅ​បាន​ព្យាយាម​ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន នៅមុន​ពេល​មាន​ព្រឹត្តិការ​ណ៏​ធំ​កើតឡើង​។​
 
​លោក Huang លើកឡើងថា​៖ «​ខ្ញុំ​គិតថា​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ខាងមុខនេះ ពួកគេ​នឹង​អាច​បង្ហាញ​ពី​កម្លាំង​របស់គេ​។ គ្មាន​ហេតុផល​ណា​ដែល​គេបោះបង់​ចោល​នូវ​បំណង​នោះឡើយ​នៅពេលនេះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com