កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Chelsea ដណ្តើមបាន​លេខ​៣​ពី Leicester ឯ Sheffield កើន​ពិន្ទុ​ប្រជែង​កៅអី​អឺរ៉ុប​
09, Jul 2020 , 2:33 pm        
រូបភាព
Leicester City បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី​៤​វិញ ក្រោយ​ពួកគេ​ប្រកួត​ស្មើ​ជាមួយ Arsenal ក្នុង​លទ្ធផល ១-១ នា​ជំនួប​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​៨ ខែកក្កដា​។ Chelsea ដែល​ទទួលបាន​៣​ពិន្ទុ​បន្ថែម​តាមរយៈ​ការយក​ឈ្នះ Crystal Palace ៣-២ ដណ្តើមបាន​ចំណាត់ថ្នាក់​ទី​៣ ពី Leicester​។ Chelsea, Leicester និង Manchester United កំពុង​ប្រជែង​គ្នា​ខ្លាំង​ក្នុងការ​ដណ្តើមយក​កៅអី Champions League រដូវ​កាល​ក្រោយ​។​


​លទ្ធផល​ស្មើ​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣៤ បានធ្វើ​ឲ្យ​ក្រុម​រហស្សនាម​កញ្ជ្រោង ធ្លាក់​ទៅកាន់​លេខ​រៀង​ទី​៤ ដោយ​ទទួលបាន​៥៩​ពិន្ទុ គៀក​នឹង​ក្រុម​លេខ​៥ Man Utd ដែលមាន​៥៥​ពិន្ទុ តែ​ទើប​ប្រកួត​បាន​៣៣​លើក​។ Chelsea កើន​ដល់​៦០​ពិន្ទុ ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​បណ្តោះអាសន្ន​។​
 
​ស្របពេល​ក្រុម​តោ​ខៀវ Chelsea, Leicester និង Man Utd កំពុង​ប្រដេញ​គ្នា​សម្រាប់​តំណែង Top 4 រៀងៗ​ខ្លួន Manchester City បាន​បន្ត​នៅ​តំបន់​សុវត្ថិភាព​សម្រាប់​កៅអី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​ទៅហើយ បន្ទាប់ពី​លត់​ក្រុម Newcastle United ចាស់ដៃ ៥-០​។ ក្រុម​មេឃ​ខៀវ​មាន​៦៩​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​២ ដោយ​នាំមុខ​ក្រុម​លេខ​៣ ចំនួន​៩​ពិន្ទុ​។​
 
Wolverhampton Wanderers, Sheffield United និង Arsenal ក៏​ជា​ក្រុម​ចូលរួម​ប្រជែង​កៅ​អឺរ៉ុប​នេះ​ផងដែរ បើ​ទោះ​ក្រុម​ទាំងបី​ហាក់​មាន​ពិន្ទុ​ឆ្ងាយ​បន្តិច​ពី​ក្រុម​លេខ​រៀង​ទី​៥​ក៏ដោយ​។ Sheffield United បាន​យកឈ្នះ Wolves ១-០ ដើម្បី​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​៧​។​
 
Wolves រកបាន​៥២​ពិន្ទុ Sheffield United មាន​៥១​ពិន្ទុ និង Arsenal មាន​៥០​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣៤​លើក ខណៈ​ការប្រកួត​នៅសល់​ចំនួន​៤​លើក​ទៀត នឹងត្រូវ​បញ្ចប់​រដូវ​កាល ២០១៩-២០​នេះ​។​
 
​ដោយឡែក Norwich City ដែល​ប្រកួត​ចាញ់ Watford ២-១ បានធ្វើ​ឲ្យ​ក្រុម​ស្ថិតនៅ​បាត​តារាង​មួយ​នេះ កាន់តែ​លែងមាន​ឱកាស​ដើម្បី​គេចផុត​ពី​ការ​កាត់ចោល​ទៅ​លី​គ​ទី​២​រដូវ​កាល​ក្រោយ​។ Norwich រកបាន​តែ​២១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៣៤​លើក​។ Watford ដែល​រកបាន​៣​ពិន្ទុ​បន្ថែម នៅតែ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧​ដដែល ប៉ុន្តែ​មាន​គម្លាត​ពិន្ទុ​នាំមុខ​ក្រុម​នៅ​ទីតាំង​ត្រូវ​កាត់ចោល Aston Villa ចំនួន​៤​ពិន្ទុ​។ Aston Villa ដែល​នៅសល់​១​ប្រកួត​ក្នុង​ដៃ នឹងត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង​បិសាច​ក្រហម​ដែល​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​សម្រាប់​ជំនួប​សប្តាហ៍​ទី​៣៤ នៅ​រាត្រី​ថ្ងៃទី​៩ ខែកក្កដា​។​
 
West Ham United ក៏​មិនទាន់​អាច​ធានាបាន​ថា គេចផុត​ការចាត់​ចោល​ដែរ ក្រោយ​ពួកគេ​ចាញ់ Burnley ១-០ រួចមក​។ West Ham ស្ថិតនៅ​លេខ​រៀង​ទី​១៦​ដដែល តែមាន​៣១​ពិន្ទុ​ស្មើគ្នា​ជាមួយ Watford ស្របពេល​ក្រុម​ទាំងពីរ​នេះ រួមទាំង Aston Villa និង AFC Bournemouth ដែលមាន​២៧​ពិន្ទុ​ដូចគ្នា ត្រូវ​ប្រជែង​គ្នា​ខ្លាំង​ដើម្បី​បាន​សិទ្ធិ​លេង​នៅ​ក្របខណ្ឌ​កំពូល​នៅ​រដូវ​កាល​ថ្មី​ទៀត​។​
 
​សម្រាប់ Burnley វិញ បន្ទាប់ពី​រកបាន​៣​ពិន្ទុ​បន្ថែម ដែល​កើន​ដល​៤៩​ពិន្ទុ បានធ្វើ​ឲ្យ​ក្រុម​នេះ​អាច​ដំឡើង​ខ្លួន​ទៅ​ប្រកៀក​នឹង​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​យក​កៅអី Europa League ផងដែរ​៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com