​ដី​១២​ហិច​តា​ដែល​កាន់កាប់​ខុសច្បាប់​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ត្រូវបាន​ដកហូត​
ជាតិ
សង្គមជាតិ
​ដី​១២​ហិច​តា​ដែល​កាន់កាប់​ខុសច្បាប់​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ត្រូវបាន​ដកហូត​
10, Jul 2020 , 7:59 am        
រូបភាព
ដោយ​៖ ខន ណា​រី​
 
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ចាត់វិធានការ​ក្ដៅ​ទៅលើ​ជនខិលខូច​ដែល​រំលោភបំពាន​ដី​យក​ធ្វើជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន​ចំនួន ១២​ហិកតា នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុស​មៈ «​គិរី​រម្យ​» កាលពី​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០២០​។​

 
​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ចាត់វិធានការ​បន្ទាន់ ​នៅពេល​ដឹង​ដំណឹង​ថា​មាន​អ្នកធ្វើ​របង និង​សាងសង់​តូប​រំលោភ​យក​ដី​រដ្ឋ ​ធ្វើ​កម្មសិទ្ធិ​របស់ខ្លួន​។ 


 
​លោក​បន្ថែមថា​៖«​ពេលនេះ​មិនមែនជា​លើកដំបូង​នោះទេ មាន​ច្រើនលើក​មកហើយ​សម្រាប់​ស​កម្ម​ភាព​រំលោភបំពាន​បែបនេះ ហើយ​ពេលនេះ​រដ្ឋបាលខេត្ត ​កំពុង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច ​ដែល​បានធ្វើ​សកម្មភាព​ទាំងនោះ ដើម្បី​មក​ទទួលទោស​តាមផ្លូវ​ច្បាប់ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម រាយការណ៍ ថែរក្សា ការពារ កម្ម​សិទ្ធិ​សាធារណៈ​ទាំងអស់​»​។ 
 
​លោក​បាន​សង្កត់ធ្ងន់ថា​ សកម្មភាព​នេះ​ជនខិលខូច​ បាន​លួច​សាង​សង់រោង​ទាំងយប់ ​ដោយ​មិន​ឲ្យ​អាជ្ញាធរ​ដឹង​នោះទេ ហើយ​សូម​ឲ្យ​ជនខិលខូច​ទាំងនោះ ​បញ្ឈប់​ចំពោះ​ការរំលោភបំពាន​កម្ម​សិ​ទ្ធិ​សាធារណៈ ​ធ្វើជា​របស់​ផ្ទាល់ខ្លួន​ ព្រោះ​វា​មិន​រួច​ពី​ផ្លូវច្បាប់​នោះទេ​។​
 



​សូមបញ្ជាក់ថា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុស​មៈ «​គិរី​រម្យ​» មាន​ចម្ងាយ​ប្រមាណ ១១២​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ និង​ចម្ងាយ​ប្រមាណ ៦៥ គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្តកំពង់ស្ពឺ មាន​ផ្ទៃដី​ប្រមាណ ៨​ពាន់​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំរី​ផុត ឃុំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជា​ឧទ្យាន​ជាតិ​ដ៏​ល្បី​មួយ​ ក្នុងចំណោម​ឧទ្យាន​ជាតិ​ដទៃ​ ក្នុងប្រទេស​កម្ពុជា ហើយ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ សម្រេច​ចុះបញ្ជី​រមណីយដ្ឋាន​គិរី​រម្យ​ជា «​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​» ដោយ​ព្រះករុណា​ ព្រះបាទ​ សម្ដេច ​ន​រោ​ត្ដម ​សីហនុ ​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣  និង 
​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ​១៩៩៥ រហូតមកដល់​បច្ចុប្បន្ន ៕
 



Tag:
 ​ឧទ្យាន​ជាតិ​គិរី​រម្យ​
 ​កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com