អង្គការឧតុនិយមពិភពលោក(World Meteorological Organization) បានព្យាករថាសីតុណ្ហភាពពិភពលោក នឹងបន្តកើនឡើងនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។ វាបង្ហាញថា ពិភពលោកទាំងមូលប្រឈមការលំបាកកាន់តែខ្លាំងក្នុងការដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុសាកលដោយជោគជ័យ។
សីតុណ្ហភាពពិភពលោកនឹងបន្តកើនឡើង ហើយអាចកើនលើស ១ អង្សា ធៀបនឹងសីតុណ្ហភាពមុនសម័យក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ នេះជាការវាយតម្លៃក្នុងរបាយការណ៍សិក្សាថ្មីមួយរបស់អង្គការឧតុនិយមពិភពលោកដែលចេញផ្សាយថ្ងៃ ៨ ខែកក្កដា។
របាយការណ៍វិទ្យាសាស្ត្រនេះបានបង្ហាញថា វាមានឱកាស ២០ភាគរយ ដែលសីតុណ្ហភាពអាចនឹងបន្តឡើងចុះ ចន្លោះពីឆ្នាំ២០២០ ទៅឆ្នាំ២០២៤ ហើយឆ្នាំខ្លះសីតុណ្ហភាពនេះអាចនឹងកើនឡើងដល់លើស ១,៥អង្សាថែមទៀតក៏មាន។ ដោយសារក្នុងឆ្នាំនីមួយៗ សីតុណ្ហភាពកើនឡើងជាញឹកញាប់ វានឹងបង្កផលប៉ះពាល់ច្រើនដល់តំបន់ទាំងអស់នៅក្នុងពិភពលោកផង។
យ៉ាងណាក៏ដោយចុះ ការកើនឡើងសីតុណ្ហភាពសកលនេះ ពុំមានន័យថា សីតុណ្ហភាពនេះនឹងកើនហួសកម្រិត ១,៥អង្សាជាអចិន្ត្រយ៍ឡើយ។ វាគ្រាន់មានន័យថា ការបន្តកើនកំដៅនេះនៅតែបន្តកើតឡើង ហើយជាលទ្ធផល ប្រទេសទាំងអស់ជាសមាជិកនឹងកាន់តែជួបឧសគ្គច្រើន ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ដែរ។
កិច្ចព្រមព្រៀងអាកាសធាតុជាប្រវត្តិសាស្ត្រនេះ មានគោលដៅចម្បងទប់ស្កាត់ការកើនឡើងសីតុណ្ហភាពមិនឲ្យលើស ២អង្សា តាមរយៈការកម្រិតការបញ្ចេញឧស្ម័នកាបូនិចដែលជាដើមហេតុចម្បងធ្វើឲ្យកើនកម្តៅផែនដីដែរ។
របាយការណ៍ដដែលនេះបង្ហាញថា បច្ចុប្បន្ននេះ និន្នាការសកលជំរុញឲ្យសីតុណ្ហភាពពិភពលោកកើនឡើងប្រហែល ១,២អង្សាជាមធ្យម ធៀបទៅនឹងសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម។ នេះយោងតាមលោក Michael Mann អ្នកជំនាញអាកាសធាតុនៅសាកលវិទ្យាល័យPenn State។
អ្នកវិទ្យសាស្ត្ររូបនេះបានបញ្ជាក់ថា ពិភពលោកឥឡូវនេះកំពុងស្ថិតក្នុងចំណុចកណ្តាលនៃចំណុចឡើងចុះនៃសីតុណ្ហភាពសកល ដែលជាមធ្យមមានកម្រិត ១,៤ អង្សាធៀបនឹងមុនសម័យបដិវត្តន៍ឧស្សាហកម្ម។
លោកបន្ថែមថា៖« យើងមិនរំពឹងថា ការកើនឡើងកម្ដៅនេះ នឹងបន្តទៅមុខឡើយ។ យើងរំពឹងថា សីតុណ្ហភាពនឹងធ្លាក់ចុះមកស្មើ ឬដល់ក្រោមនិន្នាការបច្ចុប្បន្នក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផង»។
ជុំវិញ ផលប៉ះពាល់ដែលអាចបង្កដោយការប្រែប្រួលអាកាធាតុនេះ នៅឆ្នាំ២០២៤ គេព្យាករថា តំបន់អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី ដែលតែងតែមានករណីភ្លើងឆេះព្រៃទ្រង់ទ្រាយធំ នឹងកាន់តែក្តៅស្ងួតខ្លាំង។ ផ្ទុយទៅវិញតំបន់សាហែល នៃទ្វីអាហ្វ្រិក នឹងមានសំណើមច្រើនជាងមុន។ ចំណែកឯ តំបន់អឺរ៉ុបនឹងជួបបាតុភូតធម្មជាតិដូចជា ខ្យល់ព្យុះកាន់តែច្រើន ហើយតំបន់អាត្លង់តិចខាងជើងនឹងប្រឈមការកើនឡើងនៃកម្លាំងខ្យល់បក់ ដែលអាចជាហេតុនាំឲ្យកើនមានខ្យល់ព្យុះច្រើននៅតំបន់អឺរ៉ុបផង៕