COVID-19
អន្តរជាតិ
ករណីឆ្លង COVID-19 នៅតូក្យូហក់ឡើងខ្ពស់បំផុត ចាប់តាំងពីមានករណីឆ្លងលើកដំបូង បុរសជប៉ុនម្នាក់ពាក់ម៉ាស់ ដើរនៅក្នុងទីកន្លែងមួយ នាទីក្រុងតូក្យូ។ រូបភាព៖ Reuters
× ទីក្រុងតូក្យូ ប្រទេសជប៉ុន បានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ក្នុងមួយថ្ងៃ។ ទីក្រុងនេះ ប្រកាសពីការរកឃើញករណីថ្មីរហូតដល់ទៅ២២៤ករណីនៅថ្ងៃទី៩ ខែកក្កដា។ តួលេខនេះ គឺជាអត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីមានករណីឆ្លងដំបូងនៅក្នុងទីក្រុង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។
បន្ទាប់ពីជប៉ុន លើកចោលស្ថានភាពអាសន្ននៅក្នុងប្រទេស ករណីឆ្លងCOVID-19 នៅក្នុងទីក្រុងតូក្យូ បានហក់ឡើងជាលំដាប់។ នៅថ្ងៃទី៩ ខែកក្កដា ទីក្រុងតូក្យូមានករណីឆ្លងកូរ៉ូណាវីរុសថ្មី រហូតដល់ទៅ ២២៤ករណីក្នុងថ្ងៃ។ នាពេលកន្លងមក តួលេខឆ្លងខ្ពស់បំផុតនៅក្នុងទីក្រុង គឺមានចំនួន ២០៦ករណី។
តាមការបញ្ជាក់របស់មន្ត្រីក្រុងតូក្យូ អ្នកជំងឺ COVID-19 ភាគច្រើន គឺមានអាយុខ្ទង់ ២០ឆ្នាំ និង ៣០ឆ្នាំ។ តួលេខសរុបរបស់ទីក្រុងបានកើនដល់ ៧២៧២ករណី។ ពេលនេះ អាជ្ញាធរសុខាភិបាលក្រុង កំពុងផ្តោតការធ្វើតេស្ត COVID-19 នៅក្នុងសង្កាត់ Shinjuku និងសង្កាត់ Ikebukuro ដែលជាកន្លែងមានអត្រាឆ្លងខ្ពស់។
សូមបញ្ជាក់ថា តួលេខ COVID-19 សរុបរបស់ជប៉ុនមានចំនួនជាង ២ម៉ឺនករណី ខណៈអ្នកស្លាប់មានចំនួនជិត ១ពាន់នាក់ និងអ្នកជាសះស្បើយមានចំនួនជាង ១៧០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com