ជាតិ
សង្គមជាតិ
រថយន្ត​ជាង​៣០​ម៉ឺន​គ្រឿង មិន​ព្រម​ «​ឆៀក​» ​តាម​ការកំណត់
09, Jul 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្ត​ផុត​សុពលភាព​ជាង​៣០​ម៉ឺន​គ្រឿង មិនបាន​យកទៅ​«​ឆៀក​» តាម​កាល​បរិ​ច្ឆេ​ក​កំណត់​ឡើយ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ពិន័យ​លើ​រថយន្ត​ទាំងនោះ បាន​ជាង​៤២៦​លាន​រៀល​ដែរ គិត​ត្រឹម​ថ្ងៃទី​៧ កក្កដា​។​




​រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា រថយន្ត​ទាំងនោះ ភាគច្រើន​ផុត​សុពលភាព ចន្លោះ​ពី​២ ទៅ​៦​ឆ្នាំ​។ ក្រសួង​ក៏មាន​ការផាកពិន័យ​លើ​រថយន្ត ដែល​មិន​ឆៀក​យូរ​ឆ្នាំនេះ ដោយ​តម្លៃ​៥០០​រៀល និង​២០០០​រៀល​ក្នុង​មួយថ្ងៃ​ទៅតាម​ប្រភេទ​រថយន្ត​ផងដែរ​។​




 
​ថ្លែង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ កាលពី​​ថ្ងៃទី​៧ កក្កដា រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បានធ្វើ​របាយការណ៍​ប្រាប់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដូច្នេះ​ថា​៖​បើ​មើលទៅ​គាត់​(​អត់​យក​ឡាន​ទៅ​ឆៀក​)​ដល់​៥​ទៅ​៦​ឆ្នាំ ពេល​ផាក​(​ពិន័យ​)​ទៅ វា​ច្រើនពេក ដូច្នេះ​ឥឡូវ​យើង​ផាក​ឡាន​ទេសចរណ៍​(​គិត​) ​ត្រឹមតែ​២​ឆ្នាំ​ទេ គឺ​៥០០​រៀល​ក្នុង​មួយថ្ងៃ សម្រាប់​២​ឆ្នាំ ។ ឡានធំ ​(​ផាកពិន័យ​)២០០០​រៀល ក្នុង​មួយថ្ងៃ ដែល​ផុត​សុពលភាព​​១​ឆ្នាំ ចង់​ផុត​សុពលភាព​៥​ឆ្នាំ ក៏​យើង​គិតតែ​១​ឆ្នាំ​ដែរ​»​។ 
 
​គិត​ចាប់ពី​ថ្ងៃទី​១ កក្កដា ដល់​៦ កក្កដា ក្រសួង​សាធារណការ បាន​ផាកពិន័យ​លើ​រថយន្ត​ផុត​សុពលភាព​ហើយ មិន​ព្រម​យកទៅ​ឆៀក​នោះ បាន​៤២៦​លាន​រៀល​។ ក្រៅពី​រថយន្ត​មិន​ឆៀក​នេះ ក្រសួង​ក៏​ទទួលបាន​ប្រាក់​៨​លាន​រៀល ពី​ការផាកពិន័យ​លើ​បណ្ណ​បើកបរ​ផុត​សុពលភាព​ផងដែរ​។​
 
​បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ ក៏បាន​បញ្ជូន​សារ​តាមរយៈ​ទូរ​សព្ទ​ទៅកាន់​ម្ចាស់​យានយន្ត​ជាង​១​ម៉ឺន​នាក់​ហើយ ដើម្បី​រំឭក​ឱ្យ​ពួកគេ​យក​យានយន្ត​ទៅ​ឆៀក និង​ពន្យា ឬ​ធ្វើ​បណ្ណ​បើកបរ​ថ្មី​ទៀតផង​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ ៕

Tag:
 ស៊ុន ចាន់ថុល​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com