សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ​ការទូត​ចិន ប្រាប់​ឲ្យ​អាមេរិក​ឈប់​ចង់​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​របស់​ចិន​
09, Jul 2020 , 11:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (ស្ដាំ) និងសមភាគីអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ អំឡុងជំនួបនាពេលកន្លងទៅ (AFP)
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (ស្ដាំ) និងសមភាគីអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ អំឡុងជំនួបនាពេលកន្លងទៅ (AFP)
ដោយ:
​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នៅ​ថ្ងៃទី​៩ ខែកក្កដា បាន​ទទួលស្គាល់ថា ទំនាក់ទំនង​ចិន​និង​សហរដ្ឋអាមេរិក​ជួប​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​ចំណងទាក់ទង​ប្រទេស​ទាំងពីរ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៩​។ ក៏ប៉ុន្តែ លោក​បន្តថា រដ្ឋ​ទាំងពីរ នៅតែ​អាច​ត្រលប់​មកកាន់​ផ្លូវត្រូវ​វិញ ហើយ​មិនត្រូវ​មានបំណង​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹក​នាំគ្នា​ទៅវិញទៅមក​ឡើយ​។

 
​ក្នុង​សុន្ទរកថា​មួយ​បង្ហោះ​លើ​វេ​ប​សាយ​ក្រសួងការបរទេស​ចិន រដ្ឋមន្ត្រី វ៉ាង យី ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ មានប្រសាសន៍ថា ចិន​និង​សហរដ្ឋអាមេរិក គួរតែ​រួមគ្នា​ស្វែងរក​វិធីសាស្ត្រ​ឆ្ពោះទៅរក​សន្តិ​សហ​វិជ្ជមាន ហើយ​បញ្ចេញ​ថាមពល​វិជ្ជមាន​បន្ថែមទៀត​។ គោលការណ៍ «​សន្តិ​សហ​វិជ្ជមាន (peaceful coexistence)» សំដៅលើ​ការប្រកួតប្រជែង​ដោយ​គ្មាន​សង្គ្រាម ឬ​គោលនយោបាយ​សន្តិភាព​មួយ​រវាង​ប្រជាជាតិ​ដែលមាន​ប្រព័ន្ធ​នយោបាយ និង​មនោគមវិជ្ជា​ខុសគ្នា​ដាច់​។ 
 
​បើតាម​លោក វ៉ាង យី គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ទៅកាន់​ចិន នាពេល​បច្ចុប្បន្ន គឺ​ផ្អែកលើ​ការ​កាត់សេចក្តី​ខុស​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​ខ្វះខាត​មូលដ្ឋាន​នៃ​អង្គហេតុ ហើយ​ពោរពេញ​ដោយ​កំហឹង​ផ្នែក​អារម្មណ៍ និង​បុ​រ​វិនិច្ឆយ​។ 
 
​ក្នុង​សុន្ទរកថា​ដដែល រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ សង្កត់ធ្ងន់ថា ប្រទេស​មហាអំណាច​ទាំងពីរ ពុំគួរ​ព្យាយាម​ផ្លាស់ប្ដូរ​គ្នា​ទៅវិញទៅមក​នោះទេ​។ ត្រង់ចំណុច​នេះ​លោក​និយាយ​ដូច្នេះ​ថា​៖«​ចិន​មិនអាច ហើយក៏​នឹងមិន​ក្លាយជា​សហរដ្ឋអាមេរិក​មួយ​ផ្សេង​ទៀតឡើយ​។ ប្រព័ន្ធ​សង្គមនិយម​ចិន គឺ​សម​នឹង​ប្រទេស​ចិន ហើយ​ជា​ជម្រើស​របស់​ប្រជាជន​ចិន​»​។ 
 
​ទន្ទឹមនេះ លោក វ៉ាង សង្ឃឹមថា ដោយ​ទុក​ភាពខុសគ្នា​និង​ការខ្វែងគំនិត​មួយអន្លើ កិច្ចសន្ទនា​បន្ថែម​និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល COVID-19 នឹង​ជួយ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​វិល​ត្រលប់មក​ល្អ​ដូចដើម​វិញ​។​
 
​មែនទែនទៅ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង មានទំនាស់​នឹង​គ្នា​ខ្លាំង​លើ​បញ្ហា​ជាច្រើន​យ៉ាង ដូចជា ការ​ទប់ទល់​ការផ្ទុះ​រាលដាល COVID-19 សកម្មភាព​របស់​ចិន​ក្នុង​ទីក្រុង​ហុងកុង សង្គ្រាម​ពាណិជ្ជកម្ម បញ្ហា​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​នៅ​ថ្ងៃទី ៨ ខែកក្កដា រដ្ឋមន្ត្រីការបទេស​អា​មេ​រិ​ក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​បញ្ជាក់ថា ពិភពលោក​គួរ​ឈប់​ឲ្យ​ចិន​ដើរ​សម្លុត​គំរាម​បាន​ទៀត​។ ត្រង់នេះ លោក​ចង់​និយាយ​ទៅដល់​ជម្លោះព្រំដែន​របស់​ចិន​ជាមួយ​ប្រទេស​ឥណ្ឌា វៀតណាម និង​ជប៉ុន​៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  វ៉ាង យី​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com