COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Tsubata ប្រឹង​ហាត់​ប្រដាល់​ប្រជែង​កៅអី​អូឡាំពិក​ផង និង​ជា​ពេទ្យ​ប្រឆាំង COVID-19 ផង​
10, Jul 2020 , 9:29 am        
រូបភាព
Arisa Tsubata កីឡាការិនី​ប្រដាល់​ជប៉ុន ដែល​ធ្លាប់តែ​ពាក់​ស្រោមដៃ​តតាំង​ជាមួយ​គូប្រកួត​លើស​ង្វៀន ប៉ុន្តែ​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​សកល​នាង​បានធ្វើការ​ជា​គិលានុបដ្ឋាយិកា ដែល​តម្រូវ​ឲ្យ​នាង​ប្រឈមមុខ​នឹង​គូប្រជែង​ដ៏​ខ្លាំង​បំផុត​គឺ COVID-19​។ អំឡុងពេល​ជា​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ Tsubata ក៏​ប្រឹង​ហ្វឹកហាត់​ដើម្បី​ប្រជែង​យក​កន្លែង​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២១​។

 
​កីឡាការិនី​វ័យ ២៧ ឆ្នាំ​រូបនេះ បាន​ហ្វឹកហាត់​ដោយ​ពាក់​ស្រោមដៃ​ប្រដាល់ ហើយ​ព្រមទាំង​ពាក់​ស្រោមដៃ​វះកាត់​នៅឯ​មន្ទីរពេទ្យ​ក្បែរ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ផង​។ Tsubata សព្វថ្ងៃ​មាន​ភារកិច្ច និង​ការទទួលខុសត្រូវ​ដ៏​ធំធេង​ក្នុងនាម​ជា​គិលានុបដ្ឋាយិកា ស្របពេល​ដែល​នាង​ក៏​កំពុង​ប្រឹងប្រែង​ដើម្បី​ទទួលបាន​កន្លែង​មួយ​នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​កាល​ក្តៅ​ឆ្នាំក្រោយ សម្រាប់​វិញ្ញាសារ​កីឡាប្រដាល់​ទម្ងន់​មធ្យម​។​
 
Tsubata ធ្លាប់​ព្យាបាល​អ្នកជំងឺ​មហារីក​ជាច្រើន ប៉ុន្តែ​នាង​បាន​អះអាងថា COVID-19 បាន​គំរាមកំហែង​យ៉ាងខ្លាំង ខណៈ​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ព្រមាន​អំពី​រោគរាតត្បាត​នេះ​នឹង​បង្ក​ផល​ពិ​បាន​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ជប៉ុន​ទៀតផង​។​


 
​អ្នក​ប្រដាល់ និង​គិលានុបដ្ឋាយិកា​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​យើង​តែងតែ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅតាម​មណ្ឌល​វេជ្ជសាស្ត្រ​។ មិត្ត​រួមការ​ងារ និង​ខ្ញុំ​ទាំងអស់​បានធ្វើការ​ក្រោម​ភាព​តានតឹង​នៃ​ការឆ្លង​ជំងឺ​នេះ​»​។​
​ដូច​អត្ត​ព​លិ​ក​ឆ្នើមៗ​ដទៃទៀត​ជាច្រើន​ដែរ COVID-19 ក៏បាន​បំផ្លាញ​កាលវិភាគ​ហ្វឹកហាត់​របស់ Tsubata ដែល​នេះ​បានធ្វើ​ឲ្យ​នាង​ពេញ​ចិត្តនឹង​ការសម្រេច​ឲ្យ​មានការ​ពន្យារពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំនេះ​រហូតដល់​ឆ្នាំ ២០២១​។ ពេញចិត្ត ដ្បិត​នេះ​ជា​ពេលវេលា​បន្ថែម​សម្រាប់​នាង​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា​។​
 



Tsubata បានចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​កាលពី​ពីរ​ឆ្នាំ ២០១៨ ដែល​កាលនោះ​នាង​គ្រាន់តែ​យក​វា​ជា​មធ្យោបាយ​ដើម្បី​សម្រក​ទម្ងន់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ដោយសារ​តែមាន​ទេពកោសល្យ​ផង នាង​បាន​កើនឡើង​សមត្ថភាព​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ចំណាត់ថ្នាក់​ក្នុងការ​ប្រកួត​ពីមួយ​លើក​ទៅមួយ​លើក​។ កីឡាការិនី​ជប៉ុន បន្ត​ប្រាប់ AFP ថា ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំក្រោយ​ក្លាយជា​គិលានុប្បដ្ឋាយិកា នាង​ឡើង​ទម្ងន់​ដល់​ទៅ​ជាង​១០​គីឡូក្រាម​ឯណោះ​។​
 
​កន្លងមក អាជ្ញាធរ​កីឡាប្រដាល់​ជប៉ុន​បានសម្រេច​ហើយ​ថា Tsubata មិនមាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​បញ្ជូនទៅ​កាន់កា​រ​ប្រកួត​វគ្គ​ជម្រុះ​ចុងក្រោយ​នៅ​ប៉ារីស ដែល​នេះ​នឹងធ្វើ​អោយ​ក្តី​សុបិន​របស់​នាង​នៅ​ក្រុង​តូ​ក្យូ ឆ្នាំ ២០២០ ត្រូវ​រលាយ​។ ប៉ុន្តែ ដោយសារ COVID-19 ទើបបាន​ផ្តល់ឱកាស​ឲ្យ​នាង​មួយឆ្នាំ​បន្ថែមទៀត​។​


 
Tsubata ប្តេជ្ញា​ថា ប្រ​មួល​ទទួលបាន​បទពិសោធ​ថ្មី​ដែលជា​តម្រូវការ​ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​កីឡា​លំដាប់​ពិភពលោក ដែល​គ្រោង​ដំណើរការ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ ២០២១​។ នាង​ថែមទាំង​អះអាងថា នឹង​ខំប្រឹង​បង្កើន​សុម​ត្ថ​ភាព​បន្ថែមទៀត និង​បញ្ចុះបញ្ចូល​សហព័ន្ធ​កីឡាប្រដាល់​ជប៉ុន​ដើម្បី​អនុញ្ញាត​ឲ្យ​នាង​បាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៩ ខែកក្កដា​នេះ ជប៉ុន​មាន​ចំនួន​អ្នក​ឆ្លង COVID-19 ជាង​២​ម៉ឺន​ករណី ដោយ​ក្នុងនោះ​ស្លាប់​ជិត​១០០០​នាក់ និង​ជាសះស្បើយ​ពី​ជំងឺ​ជាង ១៧​ពាន់​នាក់​៕

Tag:
 Arisa Tsubata
  COVID-19
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com