ករណី​គ្រុនចាញ់​មួយចំនួន​នៅ​ខេត្តបាត់ដំបង​អាចជា​មេរោគ​កម្រ​មួយ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា អាច​ព្យាបាល​បាន​
ជាតិ
សុខភាព
ករណី​គ្រុនចាញ់​មួយចំនួន​នៅ​ខេត្តបាត់ដំបង​អាចជា​មេរោគ​កម្រ​មួយ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា អាច​ព្យាបាល​បាន​
10, Jul 2020 , 7:59 pm        
រូបភាព
បដា «រួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់» ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
បដា «រួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់» ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
ដោយ: VOA
​ស្រុក​សំឡូត​ខេត្តបាត់ដំបង៖កាលពី​ខែកុម្ភៈ លោក យ៉ុម ណុប ជា​បុគ្គលិក​ផ្នែក​ឡា​បូ នៅ​មណ្ឌល​សុខភាព​ឃុំ​តា​សាញ ក្នុងស្រុក​សំឡូត បាន​ពិនិត្យ​សំណាក​ឈាម​របស់​អ្នកជំងឺ​គ្រុនចាញ់​មួយចំនួន​។​

 
​បុគ្គលិក​សុខាភិបាល​ដែលមាន​វ័យ ៤២ ឆ្នាំ​រូបនេះ មានបទពិសោធន៍​ជាង ២០ ឆ្នាំ​មកហើយ ក្នុង​ការងារ​ឡា​បូ ពាក់ព័ន្ធ​នឹង​ជំងឺគ្រុនចាញ់​។ ថ្មីៗ​នេះ ក្រោយ​ការពិនិត្យ​តាម​មីក្រូ​ទស្សន៍ លោក​ប្រទះឃើញ​ប៉ារ៉ាស៊ីត​ប្រភេទ​កម្រ​មួយ ពី​អ្នកជំងឺ​គ្រុនចាញ់ ក្នុងភូមិ​ចំនួន ៦​។​
 
​លោក យ៉ុម ណុប ឱ្យដឹងថា តេស្ត​រោគវិនិច្ឆ័យ​តាម​ឧបករណ៍​ធ្វើតេស្ត​រហ័ស (RDT) ដែលមាន​ស្រាប់​នៅក្នុង​សហគមន៍ អាច​តេស្ត​ដឹង​អំពី​ជំងឺគ្រុនចាញ់​ដែល​បង្កដោយ​ប៉ារ៉ាស៊ីត​ប្រភេទ​ទូទៅ នៅ​កម្ពុជា ដូចជា​ប្លា​ស្មូ​ដ្យូ​ម​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម (P.Falciparum) ដែល​គេ​ស្គាល់​ថា ប្រភេទ​ស​ន្លំ និង​ប្លា​ស្មូ​ដ្យូ​ម​វីវ៉ា​ក់ (P.Vivax) ដែល​គេ​ស្គាល់​ថា​ជា​ប្រភេទ​លាប់​។​
 
​ប៉ុន្តែ តេស្ត​រហ័ស​នេះ​មិនអាច​រកឃើញ​មេរោគ​ប្រភេទ​កម្រ​នោះទេ បើទោះបីជា​អ្នកជំងឺ​ទាំងនោះ​ចេញ​រោគសញ្ញា​ហើយក៏​ដោយ​។​
 
​លោក យ៉ុម ណុប ប្រាប់​វី​អូ​អេ​ថា​៖ «​និយាយ​រួម​មេរោគ​ហ្នឹង​ស្រុក​នេះ មិនដែល​ជួប​ទេ​អ៊ីចឹង​ណា៎​។ ទើបតែ​ជួប​ប៉ុន្មាន​ករណី​។ បើ​មើល​មីក្រូ​ទស្សន៍​បានឃើញ​។ មើល​នៅ​នេះ​ដំបូង​ខ្ញុំ​គិតថា [P.] malariae ទេ​។ យើង​ធ្វើ​អា​តេស្ត​រហ័ស​ហ្នឹង មើល​អត់​ឃើញ​ទេ​»​។​
 
​លោក​បន្តថា​៖ «​ប៉ុន្តែ​ខ្ញុំ​មើល​នៅ​នេះ ខ្ញុំ​អត់​ដឹងថា វា​ណូ​ឡេ​ស៊ី (P. Knowlesi) [​មេរោគ​ប្រភេទ​កម្រ​] ដែរ​ទាល់តែ​គេ​យកទៅ​ប៉ាស្ទ័រ​បានដឹង​»​។​


ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺគ្រុនចាញ់ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
 
​កាលពី​ខែមិថុនា មន្ត្រី​ក្រសួងសុខាភិបាល​និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ស្រាវជ្រាវ​ក្នុងភូមិ​មួយចំនួន ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ដែលជា​តំបន់​គេ​សង្ស័យថា មាន​អ្នកជំងឺ​គ្រុនចាញ់​ដែល​ផ្ទុក​ប៉ារ៉ាស៊ីត ប្រភេទ​កម្រ​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​។ ក្រុមការងារ​នេះ​បាន​ប្រមូល​សំណាក​ឈាម​របស់​មនុស្ស​ប្រុស​ពេញវ័យ​ជាច្រើន​រយ​នាក់ និង​ចាប់​មូស​ដែកគោល ដើម្បី​ស្រាវជ្រាវ​ពពួក​ប៉ារ៉ាស៊ីត​នោះ​។​
 
​លោក យ៉ុម ណុប ក៏បាន​ចូលរួម​ការប្រមូល​សំណាក​ឈាម​យ៉ាងតិច​ចំនួន ២៥០ ក្នុងភូមិ​ដូន​ត្រិ​ក ស្រុក​សំឡូត​។ បុគ្គលិក​សុខាភិបាល​មួយចំនួន ដែល​វី​អូ​អេ​សាកសួរ​បាន​ឲ្យ​ដឹងថា ភូមិ​ចំនួន ៦ នៅ​ស្រុក​សំឡូត រួមមាន​ភូមិ​ដូន​ត្រិ​ក ភ្នំ​រ៉ៃ ឆក​រកា ស្រែ​អណ្តូង អូរ​ទន្ទឹម និង​អូរ​ច្រាប មាន​អ្នកជំងឺ​គ្រុនចាញ់​ដែល​គេ​សង្ស័យថា មាន​ផ្ទុក​ប៉ារ៉ាស៊ីត​កម្រ​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​នេះ​។​
 
​នៅ​កម្ពុជា ជំងឺគ្រុនចាញ់​ដែល​គេ​រកឃើញ​គឺ​បង្កឡើង​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម (P. Falciparum) និង​ប្លា​ស្មូ​ដ្យូ​ម​វីវ៉ា​ក់ (P.Vivax)​។ ចំណែក​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី (P.Knowlesi) នេះ ជា​ប្រភេទ​ប៉ារ៉ាស៊ីត​បង្កឱ្យមាន​ជំងឺគ្រុនចាញ់​នៅ​ប្រទេស​ផ្សេងៗ​ទៀត នៅ​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​។​
 
​ទោះជា​យ៉ាងណា បើតាម​ការស្រាវជ្រាវ​ក​ន្ល​ង​មក​ប្រភេទ​ជំងឺគ្រុនចាញ់​បង្កឡើង​ដោយ​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​នេះ អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ដែលមាន​ស្រាប់​។ ប៉ារ៉ាស៊ីត​ប្រភេទ​នេះ​មាននៅ​ក្នុង​ខ្លួន​សត្វ​ស្វា​ព្រៃ​ម្យ៉ាង ដែល​អាច​ចម្លង​មក​មនុស្ស​តាមរយៈ​ភ្នាក់ងារ​ចម្លងរោគ គឺ​សត្វ​មូស​ដែកគោល​ញី​។ សត្វ​ស្វា​ពូជ Maccaca ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត​នេះ​។​
 
​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ លោក ហ៊ុយ​រ៉េ​កុល ប្រាប់​វី​អូ​អេ​ថា កន្លងមក រដ្ឋាភិបាល​បាន​ចុះ​សិក្សា​ជាប្រចាំ​អំពី​ករណី​ជំងឺគ្រុនចាញ់​ទូទៅ​នៅ​ស្រុក​សំឡូត ហើយ​បាន​សិក្សា​អំពី​ករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង​ប្រភេទ​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម ណូ​ឡេ​ស៊ី​នេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​គេ​ចុះទៅ​សិក្សា​ហើយ​តើ​...​យើង​នឹង​ចេញ​លទ្ធផល​ផ្លូវការ​។ នៅពេល​ខាងមុខ​ពេល​បញ្ចប់​ការបណ្តុះ​មេរោគ​អី ករណី​អី​ទាំងអស់​ហ្នឹង យើង​នឹង​និយាយ​តាម​ក្រោយ​។ តែ​លទ្ធផល​បឋម គឺ​មើល​ហើយ ហើយ​អវិជ្ជមាន​ទេ​…​អត់​មានអី​ទេ​។ [...] យើង​នៅ​រង់ចាំ​ការស្រាវជ្រាវ​មួយតង់​ទៀត​»​។​
 
​ប្រធាន​ផ្នែក​ជំងឺគ្រុនចាញ់​និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក Benoit Witkowski ឲ្យ​ដឹងថា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បានផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​លើ​ការសិក្សា​អំពី​ករណីនេះ ហើយ​លទ្ធផល​ស្រាវជ្រាវ​កំពុង​ស្ថិតក្រោម​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​។​
 
​លោក​ប្រាប់​វី​អូ​អេ​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​៖ «​តាម​ទិន្នន័យ​ដែល​គេ​សិក្សា​ពីមុនៗ​មក បាន​ឲ្យ​ដឹងថា  ប្រភេទ​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម ណូ​ឡេ​ស៊ី​នេះ អាច​ព្យាបាល​បាន​ដោយ​វិធីសាស្ត្រ​ព្យាបាល​ដែលមាន​ស្រាប់ ហើយ​បើតាម​អ្វីដែល​ខ្ញុំ​ដឹង កន្លងមក ប៉ារ៉ាស៊ីត​ប្រភេទ​នេះ នៅ​មិនទាន់​មានការ​ស៊ាំ​ថ្នាំ​នោះទេ​»​។​
 
​ទោះជា​យ៉ាងណា ជំងឺគ្រុនចាញ់​ដែល​បង្កឡើង​ដោយ​ប្រភេទ​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​នេះ ធ្លាប់​ឃើញ​មាននៅ​កម្ពុជា កាលពី ១០​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ឯកសារ​ដែល​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្រោយ​មានការ​សិក្សា​លើ​សំណាក​ចំនួន​ប្រមាណ ១៥០០ ពី​ឆ្នាំ ២០០៧ ដល់ ២០១០​។​
 
​ការសិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កាលនោះ បង្ហាញថា មាន​ករណី​ឆ្លង​មេរោគ​គ្រុនចាញ់​ដែល​បង្កឡើង​ដោយ​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​នេះ​ទៅលើ​មនុស្ស​ចំនួន ២ ករណី នៅ​ខេត្ត​ប៉ៃលិន​។ នៅពេលនោះ​អត្ថបទ​ស្រាវជ្រាវ​នោះបាន​ផ្តល់​អនុសាសន៍​ឲ្យ​មានការ​សិក្សា​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​កំណត់ថា តើ​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​នោះ​ជា​ករណី​នាំចូល​ពី​ប្រទេសជិតខាង ឬ​កំពុង​ឆ្លង​ក្នុងស្រុក ឬ​យ៉ាងណា​។​
 
​កម្ពុជា​បានកំណត់​គោលដៅ​លុបបំបាត់​មេរោគ​គ្រុនចាញ់​ប្លា​ស្មូ​ដ្យូ​ម​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម នៅ​ឆ្នាំ ២០២០ និង​មេរោគ​គ្រុនចាញ់​គ្រប់​ប្រភេទ​នៅ​ឆ្នាំ ២០២៥​។​
 
​តាម​របាយការណ៍​រប​ស់កម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ចេញផ្សាយ កាលពី​ខែមេសា ឆ្នាំ ២០២០​ប្រទេស​កម្ពុជា​លែងមាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ចាប់ពី​ឆ្នាំ ២០១៨​។ របាយការណ៍​បន្ថែមថា ក្នុង​ឆ្នាំ ២០១៩ ករណី​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម (​ប្រភេទ​ស​ន្លំ​) និង​ចម្រុះ​មាន​ចំនួន ៤៩៩០ ករណី គឺ​បាន​ថយចុះ ៧២ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨ ដែលមាន ១៨០៥៧ ករណី​។​ចំពោះ​ករណី​គ្រុនចាញ់​ប្រភេទ​វីវ៉ា​ក់ (​ប្រភេទ​លាប់​) ក៏​ថយចុះ ៣៩ ភាគរយ​ដែរ​។​
 
​នៅ​កម្ពុជា​ជំងឺគ្រុនចាញ់​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នក​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ ហើយ​ក្រុម​ដែល​ប្រឈម​ហានិភ័យ​កម្រិត​ខ្ពស់ គឺ​អ្នក​ចូលទៅ​ក្នុងព្រៃ ប្រជាជន​ដែល​ផ្លាស់​មក​រស់នៅ​ថ្មីៗ និង​អ្នកជួញដូរ​នៅក្នុង​តំបន់​ព្រៃ​។​
 
​ស្រុក​សំឡូត ស្ថិត​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ នៅ​ខាងលើ​ជួរ​ភ្នំក្រវាញ និង​ជា​តំបន់​ព្រៃ​ត្រូ​ពិ​កនៅ​សេសសល់​ចុងក្រោយ​នៅ​កម្ពុជា​។ ស្រុក​នេះ ក៏​ជា​អតីត​កន្លែង​ឈរជើង​ចុងក្រោយ​របស់​ខ្មែរក្រហម​ផងដែរ​។​
 
​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ និង​អ្នកភូមិ​នៅ​ស្រុក​សំឡូត បាន​ប្រាប់​វី​អូ​អេ​ថា ចាប់ពី​ដើមខែ​មីនា រហូតដល់​ចុងខែ​ឧសភា អ្នកភូមិ​តែង​ចូល​ព្រៃ​នៅក្បែរ​ភូមិ ទៅ​បេះ​ផ្លែ​សម្រង រក​អនុផល​ព្រៃឈើ និង​កាប់​ឈើ នៅពេល​ដំណាំ​កសិកម្ម​របស់​ពួកគេ ដែលមាន​ដូចជា ពោត សណ្តែក ដំឡូង​មី ធូ​រ៉េ​ន​ម្រេច បន្លែ​ផ្សេងៗ ឬ​ស្រូវ​ជាដើម​នោះ មិនបាន​ទិន្នផល​ល្អ ឬ​គ្មាន​ទីផ្សារ​។​




លោក តែត វិចិត្រ អាយុ ៤០ ឆ្នាំ អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
 
​លោក តែ​ត វិចិត្រ អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ នៅ​ភូមិ​ឆក​រកា មានប្រសាសន៍ថា យ៉ាងតិច​សំណាក​ឈាម​ប្រមាណ ២០០ ត្រូវបាន​ប្រមូល​ពី​ភូមិ​នេះ ដើម្បី​ស្រាវជ្រាវ​ក្រោយ​មានការ​រាយការណ៍​អំពី​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​ប៉ារ៉ាស៊ីត​បង្ក​ជំងឺគ្រុនចាញ់​ប្រភេទ​កម្រ​នេះ​។ លោក​បន្តថា លោក​បាន​ជួប​អ្នកជំងឺ​គ្រុនចាញ់​មួយចំនួន ដែល​សង្ស័យថា​មាន​ពាក់ព័ន្ធ​នឹង​ប៉ារ៉ាស៊ីត​កម្រ​នេះ ដែល​លោក​មិនអាច​មិនឃើញ​តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​។​
 
​លោក​ប្រាប់​វី​អូ​អេ​៖ «​ត្រូវ​រួសរាន់​! មើ​! ខ្ញុំ​ជួប​ម្នាក់​នោះ​គាត់​ឈឺ​តែមួយ​ថ្ងៃ​ទេ​។ វា​ញាក់​តែមួយ​ថ្ងៃ​ទេ​ណា៎ ស្រាប់តែ​មកដល់​ខ្ញុំ​ឃើញ​ស្លេក​ប៉ឹម​បាត់​ហើយ​ហ្នឹង​។ ទុក​តែមួយ​យប់​ទៀត គឺ​ត្រូវតែទៅ​ហ្មង​! បែក​គ្រាប់​ឈាម​ស្លាប់​។ លឿន​មែនទែន​ហ្មង​! គឺថា ឈឺក្បាល​ចង់​ផ្ទុះ​។ មក​ជួស​ទៅ​! មើល​អត់​ឃើញ​។​ខ្ញុំ​បញ្ជូនទៅ [​មណ្ឌល​សុខភាព​] ភ្លាម​»​។​
 
​លោក​ឲ្យ​ដឹងថា អ្នកភូមិ​ផ្សេងទៀត​ដែល​ត្រឡប់មកវិញ​ពី​តំបន់ ដូចគ្នា​នៅ​ជើងភ្នំ​ត្រងោល ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ភូមិ ត្រូវ​សង្ស័យថា មាន​មេរោគ​គ្រុនចាញ់​ប្រភេទ​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​នេះ​។​
 
​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ នៅ​ឆ្នាំនេះ បាន​ជំរុញ​ឱ្យ​អ្នកភូមិ​ដូចជា លោក ទៀក ណា​ង និង​កុមារា សៅ លី​ហេង សម្រេចចិត្ត​ចូលទៅក្នុង​ព្រៃ​ទៅជា​មួយ​អ្នកភូមិ​ផ្សេងទៀត បើទោះបី​ពួកគេ​មិន​ធ្លាប់​ចូល​ព្រៃ​ពីមុន​ក៏ដោយ​។​
 
​លោក ទៀក ណា​ង វ័យ​២៥​ឆ្នាំ ជា​ឪពុក​មានកូន​ស្រី​តូចៗ ២ នាក់ ប្រាប់​វី​អូ​អេ​ថា លោក​មិនអាច​រកចំណូលបាន​ពី​ចម្ការ​សណ្តែក និង​ពោត​របស់លោក​ទេ ហេតុនេះហើយ​បានជា​លោក​ទៅ​ស៊ីឈ្នួល​កាប់ឆ្ការ​ដីព្រៃ​នៅ​តំបន់ភ្នំ​ត្រងោល ដើម្បី​រក​កម្រៃ​កាលពី​ចុងខែ​មីនា​។​
 
​លោក​និយាយថា​៖ «​ដាំ​មិនសូវ​បានទេ​។ វា​រាំង​។ ហើយ​ឥឡូវ​ឆៃថាវ​ដង្កូវ​ស៊ី​អស់​ទៀតហើយ​»​។​


លោក ទៀក ណាង អាយុ ២៥ អ្នកជំងឺដែលឆ្លងមេរោគគ្រុនចាញ់ដែលគេសង្ស័យថាជាប្រភេទ P. Knowlesi ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
 
​ចំណែក​កុមារ សៅ លី​ហេង វ័យ ១៤ ឆ្នាំ ត្រូវ​ផ្អាក​ការសិក្សា​ដោយសារ​សាលារៀន​បិទទ្វារ​ទូទាំងប្រទេស អនុវត្តតាម​ចំណាត់ការ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
 
​កុមារ សៅ លី​ហេង ជា​សិស្ស​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​សាមគ្គី បាន​ទៅ​ព្រៃ​ជាមួយ​បងប្អូន ដើម្បី​ជួយ​អ្នកជិតខាង​ប្រវាសដៃ​ដាំ​រមៀត​។ ក្រោយមក ពួកគេ​ចូលទៅ​ព្រៃ​តំបន់ភ្នំ​ត្រងោល ដើម្បី​បេះ​ផ្លែ​សម្រង​។​
 
​អ្នក​ទាំងពីរ​បានបង្ហាញ​អាកា​រៈ រងារ​ញ័រញាក់ និង​គ្រុនក្តៅ កាលពី​អំឡុង​ខែមេសា​។​
 
​កុមារ សៅ លី​ហេង និយាយថា​៖« [​ខ្ញុំ​] ខ្លាច​កូ​រ៉ូ​ណា [​ជាង​] ពីព្រោះ​ខ្ញុំ​អត់​ធ្លាប់​គិតថា ខ្ញុំ​មាន​ជំងឺគ្រុនចាញ់​ផង​»​។​
 
​លោក ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​គ្រុនចាញ់ ឲ្យ​ដឹងថា ករណី​សង្ស័យ​មេរោគ​បង្ក​ជំងឺគ្រុនចាញ់​ប្រភេទ​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី​នេះ «​មិនមាន​អ្វី​ជាការ​បារម្ភ​ច្រើន​នោះទេ​»​។​
 
​លោក​បន្តថា​៖ «​ហេតុ​អី​បាន​ថា​អត់​សូវ​បារម្ភ​? ព្រោះថា​គ្រុនចាញ់​ហ្នឹង វា​ប្រភេទ​ដដែល​ហ្នឹង​ទេ គ្រាន់តែ​ថា​ប្រភព​ចម្លង​វា​មកពី​សត្វ​ស្វា [​ម្យ៉ាង​] ហើយ​បើ​សត្វ​ស្វា​ហ្នឹង វា​នៅក្នុង​ព្រៃភ្នំ​មូស​ហ្នឹង វា​នៅក្នុង​ព្រៃភ្នំ វា​មិន​ខុស​អី​ពី​មូស​ផ្សេងទៀត នៅក្នុង​ព្រៃភ្នំ​ហ្នឹង​ទេ​។ ទោះបីជា​មូស​ផ្សេងទៀត ក៏​វា​ខាំ​តែ​ទៅលើ​សត្វ​ទៅលើ​អី​ដែរ បើកាលណា​វា​អត់​មាន​មនុស្ស​[​សម្រាប់​ឲ្យ​]​បឺត​ឈាម​»​។​
 
​ការលេចចេញ​នៃ​មេរោគ​គ្រុនចាញ់​ប្រភេទ​ប៉ារ៉ាស៊ីត​ប្លា​ស្មូ​ដ្យូ​ម​ណូ​ឡេ​ស៊ី បង្ក​ជាការ​ប្រឈម​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅ​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​វិទ្យាសាស្ត្រ នៅ​ប្រទេស​ម៉ាឡេស៊ី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com