ជាតិ
សង្គមជាតិ
នយោបាយជាតិ
អាមេរិក អំពាវនាវឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលោកបណ្ឌិត កែម ឡី
× ភ្នំពេញ៖ អាមេរិក អំពាវនាវឱ្យកម្ពុជា ស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគ។ លោក កែម ឡី ត្រូវបានឃាតករ ដែលគេស្គាល់ឈ្មោះថា អឿត អាង ហៅ ជួប សម្លាប់ បាញ់នៅក្នុងស្ដាម៉ាត កាល់តិច នៅក្បែស្តុបបូកគោ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។
ឃាតករដែលបាញ់សម្លាប់លោក កែម ឡី កាលពី៤ឆ្នាំមុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ក៏ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់។
ដ្បិតតុលាការសម្រេចបែបនេះក្តី តែអន្តជាតិ និងគ្រួសារ រួមទាំងអ្នកស្រលាញ់គោរពលោកបណ្ឌិត កែម ឡី នៅតែមិនទាន់ជឿថា ឃាតករឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ ជាឃាតករពិតប្រាកដដែរ។ ហើយលើសពីនេះទៀតនោះ ពួកគេ នៅតែសង្ស័យថា ករណីបាញ់សម្លាប់លោក កែម ឡី អាចមានអ្នកណាម្នាក់នៅពីក្រោយរឿងនេះ។
អាមេរិក ក៏បានចេញមុខស្នើឱ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោក កែម ឡី ផងដែរ។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរ និងបង្ហោះរូបភាពបែបកាន់ទុក្ខលោក កែម ឡី លើហ្វេសប៊ុកផ្លូវការខ្លួនយ៉ាងដូច្នេះថា៖«ថ្ងៃនេះគឺជាខួបលើកទី ៤ នៃមរណភាពយ៉ាងសោកនាដកម្មរបស់លោក កែម ឡី ដែលត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅ ហើយជាអ្នកមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគ្មានការភ័យខ្លាចនៅក្នុងការស្វែងរកការពិត។ យើងសូមអំពាវនាវសាជាថ្មី ឲ្យមានការស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាព លើការធ្វើឃាតលើរូបលោក»។
ក្រៅពីអាមេរិក ក៏មានអង្គការជាតិនិងអង្គការអន្តរជាតិទាំង៣០ បានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា បង្កើតគណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតដោយប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន លើករណីបាញ់សម្លាប់បណ្ឌិត កែម ឡី។
តែសំណើនេះ ត្រូវបានរដ្ឋាភិបាលបដិសេធ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកសំណើបង្កើតអង្គភាពឯករាជ្យនេះ ជាការប្រឆាំងនឹងច្បាប់កម្ពុជា និងរដ្ឋធម្មនុញ្ញ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក ផៃ ស៊ីផាន អះអាងថា៖«វា ជាការបង្ខំ ហើយក៏ជាមាក់ងាយដល់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាចៅក្រមនេះឯង»។
នៅព្រឹកថ្ងៃទី១០ កក្កដា ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលស្រលាញ់គោរពលោកបណ្ឌិត កែម ឡី ក៏បានរៀបចំពិធីរម្លឹកខួប៤ឆ្នាំ នៃការស្លាប់លោក នៅកន្លែងបាញ់សម្លាប់ នៅក្នុងស្ដាម៉ាត កាល់តិច ក្បែស្ដុបបូកគោ រាជធានីភ្នំពេញ និងនៅខេត្តតាកែវ ស្រុកកំណើតរបស់លោកបណ្ឌិតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com