អន្តរជាតិ
ប៉ូលិស​រកឃើញ​សាកសព​អភិបាលក្រុង​សេ​អ៊ូ​ល ដែល​បាត់​ខ្លួន​
10, Jul 2020 , 11:16 am        
រូបភាព
ដោយ:
​សាកសព​របស់លោក Park Won-soon អភិបាលក្រុង​សេ​អ៊ូ​ល ត្រូវបាន​ប៉ូលិស​រកឃើញ​នៅ​ពាក់​កណ្តាលយប់​ថ្ងៃទី​៩ ឈានចូល​ថ្ងៃទី​១០ ខែកក្កដា​។ លោក Park បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​នៅ​ថ្ងៃទី​៩ ខែកក្កដា​។ លោក​ត្រូវបាន​សន្និដ្ឋានថា បានសម្លាប់​ខ្លួនឯង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កាលពី​ថ្ងៃទី​៨ ខែកក្កដា អតីត​ជំនួយការ​របស់លោក​ម្នា​ក់បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ពី​ការ​បៀតបៀន​កេរ្តិ៍ខ្មាស់​។

 
​នៅ​ថ្ងៃទី​៩ ខែកក្កដា នៅវេលា​ម៉ោង​៥​ល្ងាច កូនស្រី​របស់លោក Park Won-soon បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលីស បន្ទាប់ពី​លោក Park បាន​ចេញពីផ្ទះ​អស់​រយៈ​៤​ទៅ​៥​ម៉ោង ដោយ​ទុក​សារ​ដែលមាន​លក្ខណៈ​ដូចជា​បណ្តាំ និង​លោក​បាន​បិទ​ទូរ​សព្ទ​ផងដែរ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ លោក Park បាន​ចាក​ចេញពី​លំនៅឋាន​របស់លោក​នៅ​ម៉ោង ១០ និង​៤៤​នាទី​ព្រឹក ដោយ​ពុំបាន​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ប្រចាំ​សេ​អ៊ូ​ល​ឡើយ​។​
 
​ភ្លាមៗ​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ប៉ូលិស​បានចេញ​ប្រតិបត្តិ​ការស្វែងរក ដោយ​ចេញ​កងកម្លាំង​រាប់រយ​នាក់ ប្រើប្រាស់​ដ្រូ​ន និង​ឆ្កែ​ហិតក្លិន​។ សាកសព​របស់លោក​ត្រូវបាន​ប៉ូលិស​រកឃើញ នៅក្នុង​ព្រៃ​មួយ​នៃ​ភ្នំ Bukak ហើយ​ត្រូវបាន​សន្ម​ត់​ជាដំបូង​ថា លោក​បាន​សម្លាប់ខ្លួន​។ ប៉ូលិស​ក៏មាន​គម្រោង​នឹង​ស៊ើបអង្កេត​ផងដែរ​លើ​មូលហេតុ​ជាក់លាក់​នៃ​ការស្លាប់​នេះ​។ 
 
​លោក Park ត្រូវបាន​គេ​ដឹងថា ប្រឈមមុខ​បណ្ដឹង​មួយ​ទាក់ទង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស់​អតីត​ថ្នាក់ក្រោម​របស់ខ្លួន​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កូរ៉េខាងត្បូង មួយថ្ងៃ​មុន​បាត់​ខ្លួន អតីត​ជំនួយការ​របស់លោក Park បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​រូបលោក​លើ​ការប៉ះពាល់​រាងកាយ​ដែល​បង្ខំ និង​ការផ្ញើ​សារ​មិន​សមរម្យ​តាម​ទូរ​សព្ទ​។ ចំពោះ​ការចោទប្រកាន់​នេះ ប៉ូលិស​កូរ៉េខាងត្បូង ពុំ​ធ្វើការ​អធិប្បាយ​អ្វី​ឡើយ​។​
 
​អភិបាលក្រុង​សេ​អ៊ូ​ល​រូបនេះ មាន​អាយុ​៦៥​ឆ្នាំ​។ លោក​កាន់​តួនាទី​ជា​អភិបាលក្រុង​សេ​អ៊ូ​ល​តាំងពី​ឆ្នាំ​២០១១ និង​ជាប់ឆ្នោត​អាណត្តិ​ទី​៣ ក្នុង​ឆ្នាំ​២០១៨​។ លោក​ជា​សមាជិក​គណបក្សកាន់អំណាច​បច្ចុប្បន្ន និង​ត្រូវបាន​គេ​មើលឃើញថា ជា​បេក្ខជន​ដែលមាន​ឥទ្ធិពល​ក្នុងការ​ប្រកួតប្រជែង​ដំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​២០២២​។​
 
​មុននឹង​ក្លាយជា​អភិបាលក្រុង លោក Park ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេធាវី​សិទ្ធិមនុស្ស​ឈាន​មុន​ម្នាក់ និង​ជា​សកម្មជន​នយោបាយ​ដែល​តស៊ូ​មតិ​លើ​បញ្ហា​ដូចជា​សិទ្ធិ​ស្ត្រី និង​ស្ត្រី​ដែល​ត្រូវបាន​កេ​ញ​ប្រវ័ញ្ច​ផ្លូវភេទ​ដោយ​យោធា​ជប៉ុន​នៅពេល​កាន់កាប់​ឧបទ្វីប​កូរ៉េ​។ ក្នុងអំឡុងពេល​ផ្ទុះ​នៃ​ជំងឺ COVID-19 លោក Park ត្រូវបាន​គេ​ស​សើរ​ពី​ចំណាត់ការ​របស់លោក​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​COVID-19 ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដែលមាន​ប្រជាជន​១០​លាន​នាក់ និង​ទីក្រុង​រណប​ជុំវិញ​ដែលមាន​ប្រជាជន​សរុប​៥១​លាន​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com