សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក បើកភ្លើង​បៃតង​លក់​យន្តហោះ​ចម្បាំង F-35 ជាង​១០០​គ្រឿង​ឲ្យ​ជប៉ុន​
10, Jul 2020 , 12:43 pm        
រូបភាព
យន្តហោះចម្បាំង F-35B លើនាវាដឹកយន្តហោះ USS Essex (AFP)
យន្តហោះចម្បាំង F-35B លើនាវាដឹកយន្តហោះ USS Essex (AFP)
ដោយ:
​ក្រសួងការបរទេស​អា​មេ​រិ​ក បានអនុម័ត​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី F-35 របស់​ក្រុមហ៊ុន Lockheed Martin ពី​សំណាក់​ជប៉ុន​សរុប​១០៥​គ្រឿង ដែល​ប៉ាន់​ស្មានថា​តម្លៃ​២៣​ពាន់​លាន​ដុល្លារ​។ ទីក្រុង​តូ​ក្យូ នឹង​ក្លាយជា​អតិថិជន​បរទេស​ធំ​បំផុត​របស់​យន្តហោះ​ចម្បាំង​ទំនើប​មួយ​ប្រភេទ​នេះ​។​

 
«​វា​សំខាន់​ណាស់​សម្រាប់​ប្រយោជន៍​ជាតិ​អាមេរិក​ក្នុង​ការជួយជ្រោមជ្រែង​ជប៉ុន​អភិវឌ្ឍ និង​រក្សា​សមត្ថភាព​ស្វ័យការពារ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ខ្លាំងក្លា​»​។ ក្រសួងការបរទេស​អា​មេ​រិ​ក សរសេរ​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៩ ខែកក្កដា​ដែល​ប្រកាស​ពី​គម្រោង​ទិញ​លក់ ដោយ​បន្ថែមថា ផែន​ការលក់​សព្វាវុធ​នេះ នឹង​ពុំ​ផ្លាស់ប្ដូរ​តុល្យភាព​យោធា​ក្នុង​តំបន់​ឡើយ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​អា​មេ​រិ​ក បញ្ជាក់ទៀតថា រដ្ឋាភិបាល​ជប៉ុន បានស្នើ​ទិញ​យន្តហោះ​ចម្បាំង F-35A ចំនួន ៦៣​គ្រឿង និង​យន្តហោះ​ចម្បាំង F-35B ចំនួន ៤២ គ្រឿង​, ម៉ាស៊ីន​យន្តហោះ Pratt and Whitney F135 ចំនួន ១១០​គ្រឿង ព្រមទាំង​សម្ភារ​យោធា​ពាក់ព័ន្ធ​ផ្សេងទៀត ។ ការអនុវត្ត​គម្រោង​លក់​យន្តហោះ​សម្រាប់​ជប៉ុន​នេះ ដែល​រាប់បញ្ចូល​ទាំង​ការហ្វឹកហាត់ និង​ការគាំទ្រ​បច្ចេកទេស នឹង​ចំណាយពេល​រហូតដល់​២៥​ឆ្នាំ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Defense News ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ផ្នែក​ការពារជាតិ​នៃ​ក្រសួងការបរទេស​អាមេរិក បានផ្ដល់​ដំណឹង​នៃ​ផែន​ការលក់​យន្តហោះ​ដែល​គិត​ជា​ទឹកប្រាក់​២៣​ពាន់​លាន​ដុល្លារ​នេះ​ទៅកាន់​សភា ។ យ៉ាងណា តម្លៃ​អាច​ប្រែប្រួល​ខ្លះ អំឡុងពេល​ការចរចា​រវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​ផលិត​យន្តហោះ Lockheed Martin ដែលមាន​រោងចក្រ​ផលិត​នៅ​រដ្ឋ Texas ។ ការចរចា នឹង​ចាប់ផ្ដើម ក្រោយ​សភា​អនុម័ត​គម្រោង​លក់​។ 
 
​ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ ជប៉ុន នឹង​ក្លាយជា​ប្រទេស​ប្រើ​យន្តហោះ​ចម្បាំង F-35 ធំ​បំផុត​លំដាប់​ទី​២ ក្រោយ​តែ​សហរដ្ឋអាមេរិក​មួយ​ប៉ុណ្ណោះ ហើយក៏​ជា​អតិថិជន​បរទេស​ធំ​បំផុត​របស់​យន្តហោះ​ចម្បាំង​ទំនើប​ផុត​លេខ​មួយ​នេះ​ផងដែរ​។​
 
​មែនទែនទៅ ជប៉ុន គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតួច​ប៉ុណ្ណោះ ក្នុងនោះ អ៊ីស្រាអែល ដែលជា​ម្ចាស់​យន្តហោះ​ចម្បាំង F-35 ដ៏​ទំនើប​របស់​សហរដ្ឋអាមេរិក​។ កាលពី​ខែមេសា ឆ្នាំ​២០១៩ កងទ័ព​ជើង​អាកាស​ជប៉ុន ធ្លាប់បាន​អះអាង​ពី​ករណី​បាត់ដាន​យន្តហោះ F-35A មួយគ្រឿង អំឡុងពេល​ហោះហើរ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Misawa ជាមួយ​យន្តហោះ​ចម្បាំង F-35A ៣​គ្រឿង​ទៀត​៕  
 
 

Tag:
 សហរដ្ឋអាមេរិក​
  F-35
  ជប៉ុន​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com