ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ពាន​ហាល​អង្គរវត្ត អាច​បញ្ចប់​ជួសជុល​ដំណាក់កាល​ទី​១ នៅ​ចុងឆ្នាំ​២០២១
11, Jul 2020 , 9:39 am        
រូបភាព
​សៀមរាប​៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត បាន​បិទ​ទាំងស្រុង​នៅ​ឆ្នាំ​២០១៦ ដើម្បី​ជួសជុល​និង​លើក​តម្លៃ​ឡើងវិញ​។ ក្រុមការងារ កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការងារ​ជួសជុល ដែលជា​កិច្ចសហប្រតិបត្តិការ រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន​នេះ​។ គេ​រំពឹងថា ការជួសជុល​ក្នុងដំណាក់កាល​ទី​១ អាច​បញ្ចប់​នៅ​នៅ​ចុងឆ្នាំ​២០២១ ហើយ​ដែល​នឹង​សម្រួល​ឱ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​បាន​ធម្មតា​បាន​វិញ​ដែរ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖




 
​ស្ពាន​អណ្ដែត ត្រូវបាន​សាងសង់​ជំនួស​ការធ្វើ​ចរាចរណ៍ លើ​ស្ពាន​ហាល​នា​អំឡុង​ឆ្នាំ​២០១៦ ពេលដែល​គម្រោង​នេះ បាន​បើក​ការដ្ឋាន​ជួសជុល​ជា​ផ្លូវការ​។ ប្រទេស​ជប៉ុន តាមរយៈ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា បាន​សិក្សា និង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ជួសជុល​ស្ពាន​ហាល​ខាងលិច ជ្រុង​ខាងជើង ដែល​រង​ការស្រុត​ទ្រុឌទ្រោម​ខ្លាំង​។ 


 
​លោក អន សុភាព អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច ឱ្យដឹងថា​បច្ចុប្បន្ន​ការងារ​ស្នួល​សំខាន់​ចំនួន​៣ ដែល​កំពុងដំណើរការ ក្នុង​ការដ្ឋាន​ស្ពាន​ហាល​ទី​១ ការងារ​ចាក់​ជញ្ជាំង​រាង​អក្ស​រអិល ទី​២ ការបុក​បង្ហាប់ដី​តាម​បច្ចេកទេស​បុរាណ ទី​៣ ការជួសជុល​ពង្រឹង​ជណ្ដើរ​គ្រឹះ​ជញ្ជាំង​។ លោក​ពន្យល់ថា​៖«​ការចាក់​ជញ្ជាំង​រាង​អក្ស​រអិល ដើម្បី​ទប់​ជញ្ជាំង​ថ្មបាយក្រៀម​នៅ​ខាងក្នុង​។ បច្ចុប្បន្ន យើង​ចាក់​បាន​៧៩​ម៉ែត្រ​។ ទី​២ ចាក់​រួច​ត្រូវ​បុកដី បង្ហាប់​តាម​បច្ចេកទេស​បុរាណ​ឡើងវិញ​។ យើង​បុក​បាន​៦៧​ម៉ែត្រ សល់​១២​ម៉ែត្រ​ទៀត​។ ទី​៣ ការចាប់ផ្តើម​ជួសជុល ពង្រឹង​កាំជណ្ដើរ​គ្រឹះ របស់​ជញ្ជាំង​នៅ​ផ្នែក​ខាងក្រៅ ព្រោះ​វា​មាន​ភាព​ពុកផុយ​ផ្នែក​ក្រោម និង​ជញ្ជាំង​៧​កាំ ទី​១ ទី​២ ទី​៣ ខូចខាត​ខ្លាំង​»​។​
 


 
 
​ដូច​បុរាណ​ដ្ឋា​ន​ដទៃទៀត​ដែរ ស្ពាន​ហាល​ខាងលិច​អង្គរវត្ត រង​ការខូចខាត​ខ្លាំង ដោយសារ​ពេលវេលា ការថែទាំ​មិនបាន​ល្អ ការចាកចោល​ក្រុង​អង្គរ​នៅ​សម័យបុរាណ ដែល​ធ្វើឱ្យ​រុក្ខជាតិ​តូចធំ ដុះ​ជ្រៀក​ថ្ម​។​ល​។ លោក អន សុភាព បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ពន្យល់ថា ដើមឡើយ​ស្ពាន​ហាល​នេះ មាន​ប្រវត្តិ​ជួសជុល​បាន​តិចតួច និង​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ​។ លោក​បន្តថា​៖« ការស្រាវជ្រាវ​កន្លងមក ក្រោយ​សតវត្ស ១៦ និង​១៧ ធ្លាប់​ជួសជុល​ម្ដង​។ សម័យ​បារាំង ធ្លាប់​ជួសជុល​២​ដង​។ ទី​១ ឆ្នាំ​១៩៥៣ ជួសជុល​ប៉ែក​ខាងកើត ផ្នែក​ខាងជើង ប្រហែល​៥០​ទៅ​៦០​ម៉ែត្រ​។ ជញ្ជាំង​រលំ ក្រោយមក​អំឡុង​ឆ្នាំ ១៩៦០ ដល់​១៩៦៦ បារាំង សម្រេច​ជួសជុល​មួយ​កំណាត់​ខាងត្បូង ប្រវែង​៧០០​ម៉ែត្រ​។ ក្រោយ​អង្គរ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចាប់​មាន​អន្ដរជាតិ​មួយចំនួន ជួសជុល​ថែទាំ ក្នុងនោះ​មាន​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា  ដែល​សហការ​ជួសជុល នៅ​ឆ្នាំ​១៩៩៦ ដល់ ២០០៧ ហើយ​ចប់​ជួសជុល​មួយ​កំណាត់​ខាងកើត និង​ពាក់កណ្ដាល​ខាងជើង​ឡើងវិញ​។ គម្រោង​កំពុង​ជួសជុល​នេះ ជា​គម្រោង​ដែល​សហការគ្នា ពី​ឆ្នាំ​២០១៦​មក សរុប​៩៦​ម៉ែត្រ និង​ខឿន​កំពង់ទឹក​១២​ម៉ែត្រ​ទៀត​»​។​
 

 
​នៅ​ការដ្ឋាន​ស្ពាន​ហាល​ខាងលិច នា​ថ្ងៃទី​៧ កក្កដា ក្រុមកម្មករ​ច្រើន​នាក់ បាន​បំបែក​គ្នា​ជា​ក្រុមៗ ខ្លះ​រៀបចំ​ដឹកជញ្ជូន​ដី​ពី​ច្រាំង​កិ​ស​ន្ធុ អូស​តាម​ក្បូន យកមក​ចាក់​បំពេញ​នៅ​ផ្នែក​កណ្ដាល ដែល​ទីនេះ កម្មករ​ប្រមាណ​១០​នាក់ ស្ថិតក្រោម​កំដៅថ្ងៃ​ម៉ោង​៩​ព្រឹក កំពុង​បុក​បង្ហាប់ដី ដោយ​ប្រើ​ឧបករណ៍​បុរាណ​។ ការ​បង្ហាប់ដី​ជា​ថ្នាក់ៗ មុននឹង​រៀបចំ​ក្រាលកម្រាល​ថ្មបាយក្រៀម​ពីលើ​។ លោក អន សុភាព ពន្យល់ថា ហេតុផល​ដែល​ក្រុមការងារ​ជ្រើសរើស​វិធីសាស្ដ្រ​នេះ ដើម្បី​អនុវត្តន៍ ព្រោះ​មិន​ចង់ឱ្យមាន​ភាព​រង្គើ ដល់​ជញ្ជាំង​ថ្មបាយក្រៀម ដោយសារ​រំ​ញ័រ​គ្រឿងចក្រ​។ លោក​បន្ថែមថា គ្រឿងចក្រ​ដ្បិតថា​លឿន​មែន តែ​អាចមាន​ហានិភ័យ​ច្រើន​។ ចំណែក​ការ​បង្ហាប់​ដោយ​ដៃ មាន​គុណភាព​ប្រហាក់ប្រហែលគ្នា​។​
 


 
​ជា​ប្រាសាទ​ដែលមាន​ភាពលេច​ធ្លោ និង​អស្ចារ្យ​ជាងគេ​ទាំងអស់ ការជួសជុល និង​លើក​តម្លៃ​ឡើងវិញ ជា​ការងារ​អាទិភាព​។ ដោយ​ពិនិត្យឃើញ​ពី​ហានិភ័យ ដល់​ភ្ញៀវទេសចរ ដែល​ឆ្លងកាត់​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​ជួសជុល​នៅ​ផ្នែក​ដែល​សេសសល់​នានា ក្នុងន័យ​លើក​តម្លៃ​បេតិកភណ្ឌ​មនុស្សជាតិ​មួយ​នេះ ឱ្យ​ស័ក្ដិសម​នឹង​តម្លៃ​របស់​វា ពិសេស​បញ្ចៀស​គ្រោះថ្នាក់​ដល់​ទេសចរ នៅពេលដែល​សភាព​ថ្ម នៃ​ស្ពាន​ហាល បាន​ស្រុតចុះ​ខ្លាំង​។​
 

 
​ដើមឡើយ គម្រោង​ជួសជុល​ស្ពាន​ហាល គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២០​នេះ តែដោយសារ​មាន​បញ្ហា​ខ្លះៗ ទើប​ធ្វើឱ្យ​គម្រោង​នេះ​ត្រូវ​ពន្យារពេល​។ តាម​លោក អន សុភាព បច្ចុប្បន្ន​ការដ្ឋាន​ជួសជុល​ផ្នែក​កម្រាល សម្រេចបាន​ប្រមាណ​៧០​ភាគរយ​ហើយ​។ លោក រំពឹងថា គម្រោង​ជួសជុល​ដំណាក់កាល​ទី​១​នេះ អាច​រួចរាល់ និង​បើក​ឱ្យ​ទេសចរ​ឆ្លងកាត់​វិញ​បាន នៅ​ចុងឆ្នាំ​២០២១​។ បន្ថែម​ពីនេះ ក្រុមការងារ នឹង​ចាប់ផ្តើម​ជួសជុល​ខឿន​កំពង់ទឹក ប្រវែង​១២​ម៉ែត្រ​បន្តទៀត ដែល​ការងារ​នេះ ក៏​ត្រូវការ​ពេលវេលា​សិក្សា​ល្អិតល្អន់ និង​បន្ត​រហូតដល់​ឆ្នាំ​២០២៤ តាម​គម្រោង​ដែល​បានគ្រោង​ទុក​៕
 










Tag:
 ស្ពាន​ហាល​អង្គរវត្ត​
  បេតិកភណ្ឌ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com