ជាតិ
កសិករនៅពារាំង លោក ស៊ាង ឈឿង យកកង់ឡានច្នៃធ្វើជំនួសអាងដើម្បីចិញ្ចឹមកង្កែប
×
ដោយ៖ ជឿន ស្រីណយ
ព្រៃវែង៖ ជាទូទៅយើងធ្លាប់តែឃើញការចិញ្ចឹមកង្កែបនៅតាមអាង ប៉ុន្តែកសិករម្នាក់នៅខេត្តព្រៃវែង បែរជាចិញ្ចឹមក្នុងកង់ឡាន និងតង់ទៅវិញ។ លោក ស៊ាង ឈឿន ដែលរស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង អះអាងថា ការចិញ្ចឹមកង្កែបក្នុងអាងត្រូវចំណាយច្រើន ប៉ុន្តែសម្រាប់អ្នកមានថវិកាតិចតួច គួរចិញ្ចឹមក្នុងកង់ឡាន ព្រោះកង់ឡានមានតម្លៃថោក ហើយទុកបានរាប់ឆ្នាំ។
ការចិញ្ចឹមកង្កែបនៅក្នុងកង់ឡាន អាចមានភាពងាយស្រួលដោយមិនចាំបាច់ចំណាយថវិកាច្រើន និងទំហំដីធំទេ គឺមានចន្លោះកន្លែងណាទំនេអាចដាក់ចិញ្ចឹមនៅកន្លែងនោះ ដោយវាខុសប្លែកពីការចិញ្ចឹមកង្កែបនៅក្នុងអាងដែលត្រូវការចំណាយថវិកាអស់ច្រើន និងត្រូវមានកន្លែងទូលាយសម្រាប់សាងសង់អាងចិញ្ចឹ។ នេះជាការអះអាងរបស់លោក ស៊ាង ឈឿន។
លោកបានបញ្ជាក់ថា លោកចិញ្ចឹមតែកង្កែបដែលត្រូវបង្កាត់ពូជប៉ុណ្ណោះនៅក្នុងកង់ឡាន សម្រាប់កង្កែបសាច់ដែលត្រូវលក់ចេញដើម្បីឲ្យអ្នកទិញយកទៅបរិភោគ លោកដាក់ចិញ្ចឹមនៅក្នុងតង់។ តង់ដែលចិញ្ចឹមកង្កែបក្នុងមួយតង់ លោកចំណាយអស់ត្រឹម ៦ម៉ឺនរៀលប៉ុណ្ណោះ ដែលអាចចិញ្ចឹមកង្កែបបានរហូតដល់១ពាន់ក្បាល។
កង្កែបនៅលើទីផ្សារទូទៅមានតម្លៃប្រហែល១ម៉ឺន២ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប៉ុន្តែសម្រាប់កង្កែបក្នុងកសិដ្ឋានរបស់លោក ស៊ាង ឈឿនអាចលក់បានតម្លៃរហូតដល់២ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាម។
លោកបានប្រាប់ ThmeyThmey25 តាមរយៈទូរសព្ទថា មូលហេតុដែលធ្វើឲ្យកង្កែបរបស់លោកលក់បានថ្លៃហើយលក់មិនដែលសល់នោះ គឺវាមានរសជាតិឆ្ងាញ់ ដោយសារវាសុទ្ធតែកង្កែបញីដែលបង្កាត់ពូជហើយ ទើបធ្វើឲ្យកង្កែបទាំងនោះមានសាច់ស្វិតនឹងមានរស់ជាតិឆ្ងាញ់។ សម្រាប់កង្កែបដែលមិនបង្កាត់ពូជពោលគឺកង្កែប ដែលលោកចិញ្ចឹមសម្រាប់លក់តែម្ដងនោះ លោកលក់បានតម្លៃមួយគីឡូក្រាម១ម៉ឺន៥ពាន់រៀល។
សូមជម្រាបផងដែរថា លោក ស៊ាង ឈឿន បានចាប់ផ្ដើមចិញ្ចឹមកង្កែបនៅក្នុងកង់ឡាន និងតង់នេះអស់រយៈពេល៣ឆ្នាំមកហើយ។ បច្ចុប្បន្នក្នុងកសិដ្ឋានរបស់លោក មានកង្កែបសម្រាប់បង្កាត់ពូជលក់ ញី៥រយក្បាល និងឈ្មោល៤រយក្បាល ដោយកង្កែបសម្រាប់បង្កាត់ពូជនេះមួយគីឡូ ២ម៉ឺនរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com