ជាតិ
​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​នៅ​ខ្វះ​មគ្គទេសក៍ និង​ផលិតផល​ក្នុង​សហគមន៍​
10, Jul 2020 , 9:59 pm        
រូបភាព
ដោយ​៖ ជឿន ស្រី​ណ​យ​
 
​កោះកុង​៖ កាលពី​ឆ្នាំ​២០១៩ តំបន់​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ភាគច្រើន​សុទ្ធ​តែមាន​កំណើន​ភ្ញៀវទេសចរ​។ ដោយឡែក​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ស្ថិតក្នុង​ខេត្តកោះកុង​ដែលមាន​កន្លែង​កម្សាន្តរ​ហូត​ដល់​១៥​កន្លែង​នោះ បែរជា​ធ្លាក់ចុះ​ភ្ញៀវទេសចរ​រហូតដល់​៣០​ភាគរយ​ទៅវិញ​។ «​ឆ្នាំ​២០១៩ មានការ​ធ្លាក់ចុះ​ភ្ញៀវទេសចរ ដោយសារតែ​នៅ​សហគមន៍​យើង​មាន​បញ្ហា​ខ្លះៗ ដូចជា​ខ្វះ​មគ្គទេសក៍ ហើយ​ផលិតផល​នៅក្នុង​សហគមន៍​មាន​សភាព​ចាស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក អន សុវណ្ណ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​។​




រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត

​លោក អន សុវណ្ណ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បន្តថា ភ្ញៀវទេសចរ​ធ្លាក់ចុះ​រហូតដល់​៣០​ភាគរយ កាលពី​ឆ្នាំ​២០១៩ បើ​ធៀប​ជាមួយ ភ្ញៀវទេសចរ​កាលពី​ឆ្នាំ​២០១៨ ដែលមាន​ទេសចរ​រហូតដល់ ៤០០០​នាក់​។ ចំណែក​នៅក្នុង​ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ធ្លាក់ចុះ​រហូតដល់​៩៥​ភាគរយ ដោយសារ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​បាន​កក់​ទៅ​កម្សាន្ត បាន​លុបចោល​វិញ​ស្ទើរតែ​ទាំងស្រុង​។​

  រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត

​ដើម្បី​កាត់បន្ថយ​ការធ្លាក់ចុះ​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត លោក អន សុវណ្ណ ក៏ដូចជា​ក្រុមការងារ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ នឹង​អភិវឌ្ឍន៍​ជំនាញ​ផ្នែក​ទេសចរណ៍​ឲ្យ​កាន់តែខ្លាំង​ជាង​មុន ព្យាយាម​ស្វែងរក​តំបន់​កម្សាន្ត នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​បន្ថែមទៀត និង​ពង្រឹង​ផ្នែក​សេវាកម្ម​ឲ្យ​មាន​ភាពប្រសើរឡើង​។ នេះ​ជាការ​តាំងចិត្ត​របស់ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត លោក អន សុវណ្ណ ។​
 
​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់ទៅ​កម្សាន្ត​នៅ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​ដែលមាន​ចម្ងាយ​១២៦ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាចធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ​តាមផ្លូវ​ជាតិ​លេខ​៤៨ ត្រង់ចំណុច​ផ្លូវបំបែក​ហួស​ស្ពាន​អណ្តូងទឹក​ប្រហែល ៥ គីឡូម៉ែត្រ រួច​បន្តដំណើរ​តាមផ្លូវ​គ្រួស​ក្រហម រហូតដល់​ភូមិ ជី​ផាត​តែម្តង​៕
 


រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត


រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត

Tag:
 ​ជី​ផាត
© រក្សាសិទ្ធិដោយ thmeythmey.com