ជាតិ
សហគមន៍អេកូទេសចរណ៍ជីផាតនៅខ្វះមគ្គទេសក៍ និងផលិតផលក្នុងសហគមន៍
×
ដោយ៖ ជឿន ស្រីណយ
កោះកុង៖ កាលពីឆ្នាំ២០១៩ តំបន់ទេសចរណ៍នៅប្រទេសកម្ពុជា ភាគច្រើនសុទ្ធតែមានកំណើនភ្ញៀវទេសចរ។ ដោយឡែកក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងខេត្តកោះកុងដែលមានកន្លែងកម្សាន្តរហូតដល់១៥កន្លែងនោះ បែរជាធ្លាក់ចុះភ្ញៀវទេសចររហូតដល់៣០ភាគរយទៅវិញ។ «ឆ្នាំ២០១៩ មានការធ្លាក់ចុះភ្ញៀវទេសចរ ដោយសារតែនៅសហគមន៍យើងមានបញ្ហាខ្លះៗ ដូចជាខ្វះមគ្គទេសក៍ ហើយផលិតផលនៅក្នុងសហគមន៍មានសភាពចាស់»។ នេះជាការលើកឡើងរបស់លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត។
រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានបន្តថា ភ្ញៀវទេសចរធ្លាក់ចុះរហូតដល់៣០ភាគរយ កាលពីឆ្នាំ២០១៩ បើធៀបជាមួយ ភ្ញៀវទេសចរកាលពីឆ្នាំ២០១៨ ដែលមានទេសចររហូតដល់ ៤០០០នាក់។ ចំណែកនៅក្នុងឆ្នាំ២០២០ ភ្ញៀវទេសចរធ្លាក់ចុះរហូតដល់៩៥ភាគរយ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យភ្ញៀវដែលបានកក់ទៅកម្សាន្ត បានលុបចោលវិញស្ទើរតែទាំងស្រុង។
រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត
ដើម្បីកាត់បន្ថយការធ្លាក់ចុះភ្ញៀវទេសចរ ទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត លោក អន សុវណ្ណ ក៏ដូចជាក្រុមការងារក្នុងសហគមន៍អេកូទេសចរណ៍មួយនេះ នឹងអភិវឌ្ឍន៍ជំនាញផ្នែកទេសចរណ៍ឲ្យកាន់តែខ្លាំងជាងមុន ព្យាយាមស្វែងរកតំបន់កម្សាន្ត នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាតបន្ថែមទៀត និងពង្រឹងផ្នែកសេវាកម្មឲ្យមានភាពប្រសើរឡើង។ នេះជាការតាំងចិត្តរបស់ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត លោក អន សុវណ្ណ ។
សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅ សហគមន៍អេកូទេសចរណ៍ជីផាត មានទីតាំងស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងដែលមានចម្ងាយ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង៕
រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត
រូបភាពពី ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត
© រក្សាសិទ្ធិដោយ thmeythmey.com