ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​កូរ៉េ ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​ផ្លូវការ​
10, Jul 2020 , 10:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២០
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២០
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា និង​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៩ កក្កដា​។ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកជំទាវ យូ ម្យូ​ង​ហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ។​


​បើតាម​ក្រសួងពាណិជ្ជកម្ម ភាគី​ទាំង​ពីរបាន​ឆ្លងកាត់​៣​ដំណាក់កាល​ហើយ មុននឹង​ឈាន​មកដល់​ការប្រកាស​ចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ​។ ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ​បាន​ជួបប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​កន្លងមក  ដោយ​សិក្សា​រួម​ស្តីពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​, ការរៀបចំ​គោលការណ៍​រួម​នៃ​ការចរចា និង​ការស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី រដ្ឋាភិបាល​ទាំងពីរ​។​
 
​ក្រសួងពាណិជ្ជកម្ម បាន​អះអាង​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ការសិក្សា​បានបង្ហាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​អាចជា​កាតាលីករ​ជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​ការវិនិយោគ បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ផ្តល់​ផលប្រយោជន៍ ដល់​អ្នកប្រើប្រាស់ ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ​»​។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ បានបង្ហាញ​ជំហរ​សុទិដ្ឋិនិយម និង​ប្តេជ្ញាចិត្ត​ជំ​រុញឱ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ ជាពិសេស​ការគាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ពឹង​ផ្អែកលើ​គោលការណ៍​ច្បាប់ ក្នុងទិសដៅ​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​
 
​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ ១,០៣២ លាន​ដុល្លា​អាមេរិក ទំហំ​ពាណិជ្ជ​កម្មនេះ បាន​កើនឡើង​ជិត​២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ និង​កើនឡើង ២៥៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០០៩  ដែលមាន​ប្រមាណ ២៩១ លាន​ដុល្លា​អាមេរិក​។ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​មធ្យ​ម​ប្រមាណ ១៥​ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
 
​ក្រៅពី​ប្រទេស​ចិន និង​កូរ៉េខាងត្បូង រដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​សិក្សា និង​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ​ចរចា ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី  ជាមួយ​ប្រទេស​ធំៗ​គោលដៅ​ចំនួន​៦​ទៀត​។  ក្នុងនោះ សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច  អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​, ប្រទេស​អង់គ្លេស អាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com