អន្តរជាតិ
ក្រុង​ចំនួន​៤​របស់​ចិន ប្រកាសអាសន្ន​ទឹកជំនន់​កម្រិត​ខ្ពស់​
10, Jul 2020 , 11:29 pm        
រូបភាព
ទឹកជំនន់នៅប្រទេសចិន។ រូបភាព Xinhua
ទឹកជំនន់នៅប្រទេសចិន។ រូបភាព Xinhua
​ក្រុង​ចំនួន​៤ របស់​ចិន ដែល​ស្ថិតនៅតាម​បណ្តោយ​ទន្លេ យ៉ង់​សេ​(Yangtze) បានប្រកាស​អាសន្ន​ទឹកជំនន់​កម្រិត​ខ្ពស់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បណ្ដាល​បាក់​ដី​នៅ​តំបន់​មួយចំនួន ហើយ​ទឹកជំនន់​លិច​ផ្លូវ និង​ដីស្រែ​ចំការ​។ គ្រោះធម្មជាតិ​មួយ​នេះ បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៤០​នាក់​ស្លាប់ និង​បាត់​ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ចិន​CCTV នៅ​ថ្ងៃទី​១០ ខែកក្កដា​។


​ក្រុង Xianning, ក្រុង​Jingzhou នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី និង​ក្រុង Nanchang និង​ក្រុង Shangrao នៅក្នុង​ខេត្ត​ជាំ​ង​ស៊ី ដែល​ស្ថិតនៅតាម​បណ្តោយ​ទន្លេ​Yangtze បានប្រកាស «​អាសន្ន​ទឹកជំនន់​ក្នុង​កម្រិត​ក្រហម​»​។ ទឹកជំនន់​នេះ គឺ​បង្កដោយ​កម្រិត​ទឹកភ្លៀង​ធ្លាក់​ខ្លាំង ខុសពី​សព្វដង​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន​CCTV ប្រជាជន​យ៉ាងហោចណាស់​១៤០​នាក់ បាន​ស្លាប់ និង​បាត់​ខ្លួន​ដោយសារតែ​គ្រោះធម្មជាតិ​នេះ ដែល​បានធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​សេដ្ឋកិច្ច​ចិន​ប្រមាណ​ជា​៨,៦​ពាន់​លាន​ដុល្លារ​។ ទឹកភ្លៀង ដែល​បាន​បង្ក​ឲ្យ​មានការ​ជន់​លិច​នៅក្នុង​ប្រទេស​ចិន​នេះ គឺ​កើតចេញពី​រំហួត​ទឹកសមុទ្រ មកពី​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ​ឥណ្ឌា​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋបាល​ឧ​ត្តុ​និយម​ចិន នៅក្នុង​ខែមិថុនា ចិន​មាន​ភ្លៀង​ធ្លាក់​រហូតដល់​ចំនួន ១៣,៥​ភាគរយ ខ្ពស់ជាង ភ្លៀង​ធ្លាក់​នៅក្នុងរ​វ​ដូ​វ​វស្សា​។ ប៉ុន្តែ​នេះ មិនទាន់​ស្ថិត​ដល់​កម្រិត​ទឹក​ភ្ញៀ​ង​ធ្លាក់​ខ្ពស់បំផុត​ឡើយ​។ ចាប់តាំងពី​ឆ្នាំ ១៩៦១​មក ចិន​មាន​កម្រិត​ទឹកភ្លៀង​ធ្លាក់ ខ្ពស់ជាង​ភ្លៀង​ធ្លាក់​នៅក្នុងរ​វ​ដូ​វ​វស្សា រហូតដល់ ២០​ភាគរយ​ឯណោះ​។ 
 
​ទឹកជំនន់ នឹង​កាន់តែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​ធំ​ឡើង​ដោយសារតែ​សកម្មភាព​របស់​មនុស្ស​។ លោក Ma Jun នាយក​វិទ្យាស្ថាន​សាធារណៈ និង​កិច្ចការ​បរិស្ថាន បាន​លើកឡើងថា ទឹកជំនន់​ភាគច្រើន គឺ​បង្ក​ដោយសារ​ការអភិវឌ្ឍ​ហួសហេតុ​ពេក នៅលើ​តំបន់​ទំនាប​ក្បែរ​ទន្លេ ដែលជា​តំបន់​ទឹក​លិច​។ លើសពីនេះ លោក Ma បាន​បន្ថែមថា ការកាប់បំផ្លាញ​ព្រៃឈើ ការកាន់កាប់​ដី​លិច​ទឹក ការកសាង​វា​រី​អគ្គីសនី ក៏​ជា​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ផងដែរ​។ 
 
​តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​នៅក្នុង​ក្រុង Nanjing គិត​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០១៨ ទឹកជំនន់ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ និង​សេដ្ឋកិច្ច​ចិន​ប្រមាណ​ជា ២៥,៣​ពាន់​លាន​ដុល្លារ​។ ចំនួន​ទឹកប្រាក់​នេះ គឺ​កើនឡើង​ជិត ១​ភាគ​៣ នៃ​ការ​ខូ​ត​ខាត​សេដ្ឋកិច្ច​ពី​ឆ្នាំ​១៩៨៤ រហូតដល់​២០១៨ បើ​គិត​ជា​មធ្យម​ប្រចាំឆ្នាំ ៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com