កីឡាអន្តរជាតិ
អន្តរជាតិ
ការ​ប្រជែង​កៅអី Top4 កាន់​តែក្ដៅ​រវាង Man Utd, Chelsea និង Leicester
10, Jul 2020 , 4:57 pm        
រូបភាព
​ជ័យជម្នះ ៣-០ លើ​ក្រុម Aston Villa ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League បាន​នាំ​ឲ្យ​ក្រុម Manchester United កាន់តែ​ប្រកៀក​ក្រុម Leicester City និង Chelsea ក្នុងការ​ប្រជែង​តំណែង Top 4 ដើម្បី​ទទួលបាន​កៅអី Champions League រដូវ​កាល​ក្រោយ​។ Man Utd កើន​ដល់​៥៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​៤ Leicester ១​ពិន្ទុ និង​ក្រុម​លេខ​៣ Chelsea ២​ពិន្ទុ​។​


​នា​ជំនួប​សប្តាហ៍​ទី​៣៤ ក្នុង​ទឹកដី Villa Park នៅ​យប់​ថ្ងៃទី​៩ ខែកក្កដា បិសាច​ក្រហម​ដែលជា​ក្រុម​ភ្ញៀវ​អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​៣​គ្រាប់ និង​មិន​របូត​គ្រាប់​បាល់​ឡើយ​។ ៣ គ្រាប់​របស់​ក្រុម​លោក Ole Gunnar Solskjaer សម្រេចបាន​ដោយ​ខ្សែបម្រើ Bruno Fernandes (២៧) Mason Greenwood (៤៥) និង Paul Pogba (៥៨)​។​
 
​ការទទួលបាន ៣​ពិន្ទុ​បន្ថែម​ពី​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ Man Utd កាន់​តែមាន​ពិន្ទុ​កៀក​បំផុត​ជាមួយ​ក្រុម​គូប្រជែង​សម្រាប់​តំណែង Top 4 ដូចជា Leicester និង Chelsea​។ ក្រុម​រហ្សនាម​បិសាច​ក្រហម​ដែល​រកបាន​៥៨​ពិន្ទុ​ពី​ការប្រកួត​៣៤​លើក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​ចាញ់​ប្រៀប​ក្រុម​កញ្ជ្រោង​ដែល​ឈរ​លេខ​រៀង​ទី​៤ តែ​១​ពិន្ទុ និង​លេខ​៣ តោ​ខៀវ ចំនួន​២​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ការប្រកួត​នៅសល់​៤​លើក​ទៀត​ទើប​បញ្ចប់​រដូវ​កាល ២០១៩-២០​នេះ​។ 
 
​ក្នុងការ​ដណ្តើម​គ្នា​យក​ទីតាំង​ដែល​អាច​ទទួលបាន​កៅអី​លេង​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ ទាំង Man Utd, Leicester និង Chelsea ត្រូវ​កាត់សេចក្តី​ក្នុងការ​ប្រកួត​៤​លើក​ដែល​នៅ​សេសសល់​។ Man Utd ហាក់​មានប្រៀប​ជាងគេ​ដ្បិត​ត្រូវ​ជួប​ក្រុម​មធ្យម​ច្រើន​ដូចជា Southampton, Crystal Palace, West Ham និង​ចុងក្រោយ​ដែលជា​ជំនួប​ពិសេស​គឺ​ប៉ះ Leicester តែម្តង​។​
 
​សម្រាប់ Leicester ចំណោម​៤​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ពិបាក​បំផុត​គឺ​ជួប Man Utd នៅ​ជំនួប​ចុងក្រោយ​នេះឯង ខណៈ​៣​ប្រកួត​ដំបូង​ត្រូវ​ប៉ះ Bournemouth, Sheffield Utd និង Tottenham Hotspur​។ ដោយឡែក Chelsea ដែល​ស្ថិតក្រោម​ការចាត់ការ​រ​ប​ស់លោក Frank Lampard ក៏ត្រូវ​ប៉ះ​ក្រុម​ល្អៗ​ច្រើន​ដែរ​សម្រាប់​៤​ប្រកួត​ចុងក្រោយ​។ ជំនួប​បន្ទាប់​ពួកគេ​ត្រូវ​ជួប Sheffield Utd, Norwich City, Liverpool និង​ចុងក្រោយ Wolverhampton​។​


 
​ក្រ​ឡែក​មក​ក្រុម Aston Villa វិញ ក្រោយ​ចាញ់ Man Utd ៣-០ បានធ្វើ​ឲ្យ​ក្រុម​ដែល​ទើប​ឡើង​ពី​លី​គ​ទី​២ Championship រដូវ​កាល​នេះ ប្រឈម​ខ្លាំង​នឹង​ការធ្លាក់​ទៅវិញ​។ Aston បាន​ធ្លាក់​ពី​តំបន់​ត្រូវ​កាត់ចោល​ពី​លេខ​រៀង​១៨ ទៅ​លេខ​១៩​ថែមទៀត ស្របពេល Bournemouth កើន​មួយ​លេខ​ទៅ​ចំណាត់ថ្នាក់​ទី​១៨​វិញ ក្រោយ​រកបាន​មួយ​ពិន្ទុ ក្រោយ​ស្មើ​ជាមួយ Spur ០-០​។​
​ក្រុម​ដែល​កំពុង​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ជាមួយ Aston Villa មាន Bournemouth និង Norwich City​។ 
 
​យ៉ាងណាក៏ដោយ​ក្រុម​ទាំង​៣​នេះ​នៅសល់​៤​ប្រកួត​សម្រាប់​ឱកាស​ប្រជែង​យក​តំបន់​សុវត្ថិភាព ជាមួយ​ក្រុម​៣​ផ្សេងទៀត​ដូចជា Brighton & Hove Albion ដែលមាន​៣៦​ពិន្ទុ West Ham និង Watford ដែលមាន ៣១​ពិន្ទុ​ដូចគ្នា​។ ប៉ុន្តែ​ចំណោម​ក្រុម​ទាំង​៦​ខាងលើ Brighton មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុងការ​បន្តជីវិត​លេង​នៅ​ក្របខណ្ឌ​កំពូល​រដូវ​កាល​ក្រោយ ស្របពេល Norwich City សល់​ឱកាស​តិចតួច​បំផុត​៕
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com