COVID-19
អន្តរជាតិ
គណបក្សលោក លី សៀនឡុង បន្តឈ្នះឆ្នោតដឹកនាំសិង្ហបុរី តែសំឡេងគាំទ្រធ្លាក់ចុះ
× គណបក្សសកម្មភាពប្រជាជន (PAP) របស់នាយករដ្ឋមន្ត្រី លី សៀនឡុង បានបន្តឈ្នះឆ្នោតលើសលប់ដដែលក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី១០ ខែកក្កដា ប៉ុន្តែសំឡេងគាំទ្របានធ្លាក់ចុះជិត៩ភាគរយប្រៀបធៀបការបោះឆ្នោតឆ្នាំ២០១៥ ។ ក្នុងការបោះឆ្នោតដែលរៀបចំឡើងក្នុងបរិបទជំងឺ COVID-19 គណបក្សកម្មករដែលជាបក្សប្រឆាំង ធ្វើបានល្អក្នុងការបោះឆ្នោតលើកនេះ ដោយទទួលបានអាសនសភាលើសការបោះឆ្នោតអាណត្តិមុន។
ក្នុងការបោះឆ្នោតថ្ងៃទី១០ ខែកក្កដា គណបក្សសកម្មភាពប្រជាជនដែលកាន់អំណាចតាំងពីទទួលបានឯករាជ្យឆ្នាំ១៩៦៥ បានទទួលជ័យជម្នះយ៉ាងស្រួល ជាមួយនឹងសំឡេងគាំទ្រសរុប៦១,២៤ភាគរយនៃសំឡេងឆ្នោតសរុប។ បក្សនេះទទួលបានកៅអីសភាចំនួន៨៣ក្នុងចំណោមកៅអីសរុប៩៣ ដែលជាសំឡេងភាគច្រើនលើសលុបទៅហើយ។
ដ្បិតឈ្នះដោយសំឡេងច្រើនមែន ការគាំទ្ររបស់បក្សដែលមានលោក លី សៀនឡុង ជានាយករដ្ឋមន្ត្រីនេះ ធ្វើមិនសូវបានល្អឡើយក្នុងការបោះឆ្នោតលើកនេះ ព្រោះសំឡេងគាំទ្របានធ្លាក់ចុះប្រមាណ៩ភាគរយ បើធៀបការបោះឆ្នោតឆ្នាំ២០១៥ ដែលកាលនោះបក្សនេះទទួលបានការគាំទ្រ៦៩,៩ភាគរយឯណោះ។ បក្សកម្មករដែលជាបក្សប្រឆាំងបានឈ្នះនៅមណ្ឌលចំនួនបី ហើយទទួលបានកៅអីដល់ចំនួន១០តែម្ដង ខណៈឆ្នាំ២០១៥ ពួកគេឈ្នះតែ៦កៅអីប៉ុណ្ណោះ។
លោក លី បង្ហាញការមិនសូវសប្បាយចិត្តចំពោះលទ្ធផលនេះ ព្រោះឈ្នះការបោះឆ្នោតមែន តែសំឡេងគាំទ្រតិចជាងអ្វីដែលបក្សសង្ឃឹម។ ទោះជាយ៉ាងណា លោកចាត់ទុកលទ្ធផលនេះជាការគាំទ្រដ៏ទូលាយលើបក្ស PAP ។ ក្នុងសន្និសីទសារព័ត៌មានក្រោយការចេញលទ្ធផល លោក លី ដែលធ្វើជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៤ មក បានសន្យាដឹកនាំសិង្ហបុរីដើម្បីដោះស្រាយបញ្ហា COVID-19 និងការធ្លាក់ចុះសេដ្ឋកិច្ច។
លោក លី ប្រកាសត្រៀមខ្លួនធ្វើការជាមួយបក្សកម្មករក្នុងសភាផងដែរ។ ជាមួយគ្នានេះ លោក លី ក៏ប្រកាសបំណងទទួលស្គាល់លោក ព្រីតាំ ស៊ីង (Pritam Singh) ដែលជាមេដឹកនាំបក្សប្រឆាំង ជាមេដឹកនាំប្រឆាំាងក្នុងសភាផងដែរ ព្រោះជាមួយកៅអីសភា១០ក្នុងដៃ បក្សនឹងនេះទទួលបានធនធានច្រើណជាងមុន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក ហេង ស្វីគៀត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលត្រូវបានកំណត់ជាអ្នកស្នងតំណែងពីលោក លី ធ្វើមិនសូវបានល្អឡើយក្នុងការបោះឆ្នោតនេះ។ នៅមណ្ឌល East Coast ដែលលោកដឹកនាំ បក្ស PAP ឈ្នះកៅអីសភាទាំង៥ ប៉ុន្តែទទួលបានសំឡេងប្រកៀកប្រកិតទល់នឹងបក្សកម្មករ គឺ។ ការណ៍នេះត្រូវបានគេវាយតម្លៃខុសៗគ្នាពីសមត្ថភាពដឹកនាំរបស់អនាគតនាយករដ្ឋមន្ត្រីរូបនេះ៕
Tag:
សិង្ហបុរី
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com