កីឡាជាតិ
ជាតិ
លីគកំពូល៖ ព្រះខ័នរាជស្វាយរៀង, ទ័ព, អង្គរថាយហ្គឺរ ទទួលភ្ញៀវរៀងៗខ្លួននៅថ្ងៃនេះ កីឡាករ ប្រាក់ មុន្នីឧត្តម ព្យាយាមគ្រប់គ្រងបាល់ ពីការតាមប្រជែងរបស់យុវជនអាយុក្រោម១៨ឆ្នាំបាទី
× ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី៧ ដោយនៅថ្ងៃសោរ៍ ទី១១ កក្កដា ឆ្នាំ២០២០ នេះ មានការប្រកួតចំនួន៣គូ។ ក្រុមខ្លាំងចំនួន៣រួមមានព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ(ទ័ព) និងអង្គរថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋានទទួលភ្ញៀវរៀងៗខ្លួននៅថ្ងៃនេះ។
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ក្រុមអាស៊ីអឺរ៉ុប សម្រាប់ជំនួបសប្តាហ៍ទី៧ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ។ ក្រុមនេះពុំទាន់ស្គាល់បរាជ័យនោះទេ សម្រាប់៦ប្រកួតកន្លងមករបស់ខ្លួន ដោយឈ្នះ៥លើក និងស្មើ១។ បច្ចុប្បន្នពួកគេកំពុងគ្រងកំពូលតារាងបណ្តោះអាសន្នជាមួយ១៦ពិន្ទុ។ ចំណែកក្រុមអាស៊ីអឺរ៉ុបស្ថិតនៅលេខរៀងទី៨ ដោយមាន៧ពិន្ទុក្រោយឈ្នះ២ ស្មើ១ និងចាញ់២ប្រកួត។
នៅម៉ោង៦ល្ងាចនេះដែរ ក្រុមកងយោធពលខេមរភូមិន្ទ ត្រូវតទល់ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋានស្តាតចាស់។ បច្ចុប្បន្នទ័ពស្ថិតនៅលេខរៀងទី៧មាន៨ពិន្ទុ ក្រោយ៦ប្រកួតឈ្នះ២ ស្មើ២ និងចាញ់២ ខណៈប៉ូលិសក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ស្ថិតនៅបាតតារាងដោយគ្មានពិន្ទុរាប់។
មុនការប្រកួតទាំងពីរខាងលើមកដល់ នៅម៉ោង៣:៣០នាទីរសៀលក្រុមអង្គរថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋាន អេស អ យូ ទទួលភ្ញៀវមកពីខេត្តតាកែវយុវជនអាយុក្រោម១៨ឆ្នាំបាទី។ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុក្រោយ៦ប្រកួតឈ្នះ២ ស្មើ៣ និងចាញ់១ រីឯយុវជនអាយុក្រោម១៨ឆ្នាំបាទីស្ថិតនៅលេខរៀងបន្ទាប់ពីបាតតារាងក្រោយ៥ប្រកួតស្មើ១ និងចាញ់៤៕
Tag:
បាល់ទាត់
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com