ពីនេះ ពីនោះ
សុខភាព
វិធី​សង្គ្រោះ​ជនរងគ្រោះ​ដែល​អ្នកមាន​ការប៉ះទង្គិច​ក្បាល​
11, Jul 2020 , 8:59 pm        
រូបភាព
​ការរង​ប៉ះទង្គិច​ក្បាល​ភាគច្រើន គឺ​តែង​កើត​រួមមាន​ជាមួយនឹង​ការ រងរបួស ដែលមាន​សភាព​ស្រាល និង មិនបាន​តម្រូវអោយ​មានការ​សម្រាក​ពេទ្យ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវតែ​ប្រញាប់​ហៅ រក ជំនួយ​ពី​ក្រុម​សង្គ្រោះបន្ទាន់ អោយបាន​ភ្លាមៗ ប្រសិនបើ មាន​រោគសញ្ញា​ណាមួយ ដូចខាងក្រោម នេះ បាន​កើតឡើង​ចំពោះ​ជនរងគ្រោះ ៖

 
 
​ចំពោះ​មនុស្សពេញវ័យ​
 
  • ​មានការ​ហូរឈាម​យ៉ាង​ខ្លាំង​នៅលើ ក្បាល ឬ នៅលើ​មុខ​។​
  • ​មានការ​ហូរឈាម ឬ សារធាតុ​រាវ លេច​ចេញពី​ត្រចៀក ឬ ច្រមុះ​។​
  • ​មាន​អា​ការៈឈឺ​ក្បាល ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។​
  • ​មានការ​ប្រែប្រួល ចំពោះ​កម្រិត​នៃ​ស្មារតី ក្នុង​រយៈពេល​យូរ​ជាង ពីរ ទៅ បី​វិនាទី​។​
  • ​មានការ​ប្រែ​ពណ៌​ជា ខ្មៅ ឬ ខៀវ នៅ​ខាងក្រោម​ភ្នែក ឬ នៅ​ខាងក្រោយ​ស្លឹកត្រចៀក​។​
  • ​ឈប់​ដកដង្ហើម​។​
  • ​មាន​ភាព​វង្វេងវង្វាន់​។​
  • ​បាត់បង់​លំនឹង​រាយ​កាយ​។​
  • ​មាន​ភាពទន់ខ្សោយ ឬ មិនមាន​សមត្ថភាព ក្នុងការ​ប្រើប្រាស់​ដៃ ឬ ជើង​។​
  • ​ប្រ​ស្រី​ភ្នែក មាន​ទំហំ​មិន​ស្មើគ្នា​។​
  • ​មានការ​ប្រកាច់​។​
  • ​និយាយ​មិន​ច្បាស់ (​លឺ​ឡុ​លៗ ) ។​
     
​ចំពោះ​កុមារ​
 
  • ​មាន​សញ្ញា ឬ រោគ​ស​ញ្ហា​ណាមួយ​របស់​មនុស្សពេញវ័យ បាន​កើតឡើង​ចំពោះ​ពួកគេ​។​
  • ​យំ មិន​ព្រម​បាត់​។​
  • ​មិន​ព្រម​ញុំ​ា​ចំណីអាហារ​។​
  • ​មាន​ស្នាម​ប៉ោង​ហើម នៅត្រង់​បង្ហើយ នៅលើ​ក្បាល​។​
  • ​ក្អួត​ហើយ ក្អួត​ទៀត ។​
     
​ប្រសិនបើ​ការរង​របួស​ក្បាល ក្នុងស្ថានភាព​គ្រោះថ្នាក់​កើត​មាន នោះ​អ្នក​ត្រូវ​៖
 
  • ​រក្សា​ស្ថានភាព​របស់​ជនរងគ្រោះ អោយមាន​លំនឹង រហូតដល់​ភ្នាក់ងារ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ បានមក​ដល់​។ ដាក់​ស្ថានភាព​ជនរងគ្រោះ​អោយ​សម្រាក និង រក្សា​ភាពស្ងប់ស្ងាត់ ដោយ​ដាក់ ក្បាល និង ស្មា​របស់​ជនរងគ្រោះ អោយបាន​ខ្ពស់​បន្តិច​។ មិនត្រូវ​ធ្វើការ​ផ្លាស់ប្តូ​រ​ស្ថានភាព​របស់ ជនរងគ្រោះ​នោះទេ លុះត្រាតែ​វា​ស្ថិត​ក្នុងករណី​ចាំបាច់ និង ជៀសវាង​ធ្វើការ​ផ្លាស់ប្តូរ លំនឹង​ក របស់​ជនរងគ្រោះ ។ ប្រសិនបើ​ជនរងគ្រោះ កំពុង​ពាក់មួក​សុវត្ថិភាព នោះ​អ្នក​មិនត្រូវ​ធ្វើការ ដោះ​វា​ចេញ​នោះទេ​។​
  • ​ធ្វើការ​ឃាត់ឈាម​។ ដាក់​សម្ពាធ​តឹង​ណែន  សង្កត់​ទៅលើ​មុខរបួស​របស់​ជនរងគ្រោះ ជាមួយនឹង ស្បៃ ឬ ក្រណាត់​ស្តេ​រី​ល​។ ប៉ុន្តែ​អ្នក​មិនត្រូវ​ដាក់​សម្ពាធ​ដោយផ្ទាល់​ទៅលើ មុខរបួស​នោះទេ ប្រសិនបើ​អ្នក សង្ស័យថា ជនរងគ្រោះ​មានការ​បាក់ឆ្អឹង​លលាដ៍ក្បាល ។​
  • ​ឃ្លាំមើល រាល់​ការផ្លាស់ប្តូរ​ចំពោះ ដង្ហើម និង កម្រិត​ស្មារតី​របស់​ជនរងគ្រោះ ។ ប្រសិនបើ​ជន​រង គ្រោះ​មិនបាន​បង្ហាញ​ពីស​ញ្ញា នៃ​ការធ្វើ​ចលនា​របស់​ដំណើរ​ឈាម​រត់ (​មានដូចជា ការដកដង្ហើម​, ការ​ក្អក ឬ ការធ្វើ​ចលនា​)  នោះ​អ្នក​ត្រូវ​ចាប់​ផ្តើមធ្វើ​ចលនា​សង្គ្រោះ​បេះដូង​អោយបាន​ភ្លាមៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com