តួ​ក​គី រង​ការរិះគន់ ក្រោយ​ផ្លាស់ប្ដូរ​សារមន្ទីរ Hagia Sophia ដ៏​ល្បី ទៅជា​វិហារ​ឥស្លាម​
អន្តរជាតិ
តួ​ក​គី រង​ការរិះគន់ ក្រោយ​ផ្លាស់ប្ដូរ​សារមន្ទីរ Hagia Sophia ដ៏​ល្បី ទៅជា​វិហារ​ឥស្លាម​
11, Jul 2020 , 8:29 pm        
រូបភាព
​ប្រតិកម្ម​ជុំ​ទិស បាន​ធ្លា​ក់លើ​តួ​ក​គី​ក្រោយ​ការប្រកាស​ផ្លាស់ប្ដូរ​សារមន្ទីរ​ល្បីឈ្មោះ Hagia Sophia ទៅជា​វិហារ​សាសនា​ឥស្លាម​នៅ​ថ្ងៃទី​១០ ខែកក្កដា ។ Hagia Sophia ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ល្បី​មួយ​របស់​យូណេស្កូ ជាទី​តាំង​ទេសចរណ៍​ដ៏​សំខាន់​របស់​តួ​ក​គី ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាច្រើន​។ ក្រិ​ក និង​សហគមន៍​គ្រិស្តសាសនា​ដែល​ធ្លាប់ប្រើ​ប្រាស់​អាគារ​ដ៏​ធំ​មួយ​នេះ ចេញមុខ​រិះគន់​តួ​ក​គី​ខ្លាំងជាងគេ​។ ពិធី​សូត្រធម៌​សាសនា​ឥស្លាម​លើកដំបូង​ក្នុង​វិហារ​នេះ នឹងធ្វើ​នៅ​ចុងខែ​កក្កដា​ខាងមុខ​។​

 
Hagia Sophia ត្រូវបាន​កសាងឡើង​ដំបូង​ដើម្បី​ធ្វើជា​វិហារ​គ្រិស្តសាសនា​របស់​ចក្រភព Byzantine នៅ​សតវត្សរ៍​ទី​៦ ។ ក្រោយមក​ចក្រភព​អូ​តូ​ម៉​ង់​ដែល​ផ្ដួល Byzantine ហើយ​គ្រប់គ្រង​ទឹកដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ទឹកដី​តួ​ក​គី​បច្ចុប្បន្ន និង​តំបន់​ឯទៀត ក៏​ប្ដូរ​វិហារ​នេះ​ទៅជា​កន្លែង​បូជា​សាសនា​ឥស្លាម​វិញ​នៅ​ឆ្នាំ​១៤៥៣ ។ តម​កលោក Mustafa Kemal Ataturk ប្រធានាធិបតី​តួ​ក​គី​សម័យ​ទំនើប ក៏​ប្ដូរ​ឋានៈ​វិហារ​នេះ​ទៅជា​សារមន្ទីរ​វិញ ហើយក៏​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​
 
​យ៉ាងណាមិញ តុលាការ​កំពូល​តួ​ក​គី បានសម្រេច​នៅ​ថ្ងៃទី​១០ ខែកក្កដា ថា ការផ្លាស់ប្ដូរ​វិហារ​នេះ​ទៅជា​សារមន្ទីរ ជា​រឿង​ខុសច្បាប់​។ ការសម្រេចចិត្ត​នេះ បាន​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ប្រធានាធិបតី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ប្ដូរ​វិមាន Hagia Sophia ដែលមាន​ឈ្មោះ​ជា​ភាសា​តួ​ក​គី​ថា Ayasofya ទៅជា​វិហារ​ឥស្លាម​តែម្ដង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក អ៊ែរ​ដូ​ហ្កា​ន់ ប្រកាសថា កម្មវិធី​សូត្រធម៌​ក្នុង​វិហារ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែកក្កដា​ខាងមុខ​។​
 
​ការប្រកាស​ផ្លាស់ប្ដូរ​នេះ តួ​ក​គី​រង​ការរិះគន់​យ៉ាងខ្លាំង​។ ក្រិ​ក​ដែល​មិនសូវ​ត្រូវ​គ្នា​ជាមួយ​តួ​ក​គី បាន​រិះគន់​មុនគេ ខណៈ​អាមេរិក​ឯណោះ បានបង្ហាញ​ការខកចិត្ត​។ នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis និយាយថា ប្រទេស​របស់លោក ថ្កោលទោស​ដាច់​ណាត់​ការសម្រេចចិត្ត​របស់​តួ​ក​គី ដែល​មិន​ត្រឹ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​ឡើយ ថែមទាំង​ប៉ះពាល់​ទំនាក់ទំនង​រវាង​តួ​ក​គី​ជាមួយ​អឺរ៉ុប យូណេស្កូ និង​សហគមន៍​អន្តរជាតិ​ផងដែរ​។​
 
​អ្នកនាំពាក្យ​គ្រិស្តសាសនា​និកាយ​អ័​រ​តូ​ដុក​របស់​វិញ ក៏​នៅ​មិន​ស្ងៀម​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​និកាយ​មួយ​នេះ​ថា ក្ដីបារម្ភ​របស់​គ្រិស្ត​សាសនិក​រាប់លាន​នាក់ មិនត្រូវ​បាន​អើពើ​ឡើយ​។ អគ្គនាយិកា​យូណេស្កូ លោកស្រី Audrey Azoulay លើកឡើងថា លោកស្រី​ខកចិត្ត​មែនទែន​ចំពោះ​រឿងនេះ ព្រោះ​តួ​ក​គី​មិនបាន​ជជែក​ជាមួយ​យូណេស្កូ​ជាមុន​ឡើយ​។ 
 
​ទោះជា​យ៉ាងណា លោក អ៊ែរ​ដូ​ហ្កា​ន់ បាន​ទទូច​ឲ្យ​ភាគី​ឯទៀត​ទទួលយក​ការសម្រេចចិត្ត​របស់​តួ​ក​គី​។ ប្រធានាធិបតី​តួ​ក​គី​រូបនេះ​ធានាថា ទោះជា Hagia Sophia ទៅជា​វិហារ​ឥស្លាម​មែន មនុស្ស​គ្រប់​ជាតិ​សាសន៍ និង​សាសនា​នៅតែ​អាច​ចូល​ទស្សនា​វិមាន​ដែលមាន​ទីតាំង​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នេះ​ដដែល​៕

Tag:
 តួ​ក​គី​
  Hagia Sofia
© រក្សាសិទ្ធិដោយ thmeythmey.com