ភ្នំពេញ៖ ស្វាគឺជាសត្វព្រៃមួយប្រភទ ដែលចូលចិត្តរស់នៅ ព្រៃឈើតំបន់ខ្ពស់រាបដែលមានរយៈកម្ពស់ខ្ពស់ជាង ១៦០០ម៉ែត្រ ពីនីវូសមុទ្រ តំបន់ទំនាបគ្រប់ប្រភេទ តំបន់ព្រៃលិចទឹក និងព្រៃកោងកាង។ ចំណែកឯប្រទេសកម្ពុជាវិញ ក៏ជាតំបន់ដែលសម្បូរសត្វស្វារស់នៅផងដែរ ដោយសត្វស្វាទាំងអស់នោះមានចំនួន១១ប្រភេទដូចជា៖
១ ស្វាក្ដាម៖ ស្វាក្ដាមមានការផ្លាស់ប្ដូរពណ៌ពីរដំណាក់កាលសំខាន់ៗ គីពណ៌ប្រផេះ លាយត្នោត និងពណ៌ក្រហមភ្លឺ។ ចំពោះការផ្លាស់ប្ដូរពណ៌នេះដែរ ធ្វើឡើងតាមការប្រែប្រួលទៅតាមអាយុ ភេទ និងទីតាំងដែលវារស់នៅ។ សត្វស្វាក្ដាមនេះមានប្រវែងជាមធ្យមពី ៩២-១០៦ ស.ម។
២ សត្វស្វាត្រោស៖ ចំពោះស្វានេះ ចាប់ពីក្បាល-ដងខ្លួន និងផ្នែកកន្ទុយ មានពណ៌ចាស់ជាងផ្នែកចំហៀងនៃដងខ្លួនដែលមានពណ៌ភ្លឺរលោង។ កន្ទុយរបស់វាមានប្រវែង១/៣នៃប្រវែងក្បាលដងខ្លួន ហើយកោងបត់ជាទំពក់ទៅខាងលើ។ វាក៏មានការផ្លាស់ប្ដូរពណ៌ទៅតាមអាយុដូចស្វាក្ដាមដែរ។
៣ ស្វាអង្កត់៖ ស្វាអង្កត់នេះមានរូបរាងដូចស្វាត្រោសបេះបិទ តែវាមានមាឌធំជាងស្វាត្រោសបន្តិច។ វាមានទម្ងន់ជាមធ្យមពី ៨-១២គីឡូក្រាម។ ផ្នែកលើនៃដងខ្លួន វាមានពណ៌ ប្រែប្រួល ពីខ្មៅស្រាលទៅត្នោតស្រាល បន្ទាប់មកទៅពណ៌ក្រហមព្រឿងអាស្រ័យទៅនឹងទីតាំងដែរវារស់នៅ។
៤ ស្វាព្រាម៖ ស្វាព្រាមមានពណ៌ប្រផេះ ពាសពេញលើដងខ្លួន ផ្ទៃមុខរបស់វាពណ៌ខ្មៅ តែគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។
៥ ស្វាកន្ទុយស៖ ស្វានេះជាប្រភេទស្វាដែលមានលក្ខណៈខុសពីគេ ដោយវាមានសម្បុរឆើតខុសប្លែកពីប្រភេទស្វាដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពុជា។ វាមានភាពងាយស្រួលនៅក្នុងការចំណាំដោយសារតែពណ៌ និងមានរោមដុះក្រាស់។
៦ ស្វាកន្ទុយសជើងក្រហម៖ ស្វានេះមានរូបរាងស្រដៀងគ្នាទៅនឹងស្វាកន្ទុយសដែរ ប៉ុន្តែខុសគ្នាបន្តិចដោយវាមានរោមពណ៌ក្រហមនៅផ្នែកជើងរបស់វា ភ្លៅមានពណ៌ខ្មៅ ហើយខ្លួនមានពណ៌ត្នោត។
៧ ទោចម្កុដ៖ ទោចម្កុដមានលក្ខណៈងាយស្រួល ក្នុងការកត់សម្គាល់ជាទោចញី ឬទៅចឈ្មោល ដោយវាមានលក្ខណៈសម្គាល់ដោយឡែកពីគ្នា។ ចំពោះតូចញីវាមានពណ៌ស រីឯតូចឈ្មោលវិញមានពណ៌ខ្មៅនៅពេលដែលវាមានអាយុ៣-៤ឆ្នាំ លើកលែងតែដៃ និងជើង។
៨ ទោចថ្ពាល់លឿង៖ ទោចថ្ពាល់លឿងគឺជាថនិកសត្វដែលមានរូបរាង និងពណ៌សម្បុរប្រហាក់ប្រហែលនឹងទោចម្កុដ។ វាមានវត្តមាននៅភាគខាងកើត ទន្លេមេគង្គ និងប៉ែកឦសាន នៃប្រទេសកម្ពុជា។
៩ ទោចប្រភេទ Northern buffed-checked gibbon៖ វាគឺជាប្រភេទថ្មីនៃអម្បូរពានរ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញ។ សត្វស្វានេះមានវត្តមានតែនៅប្រទេស កម្ពុជា វៀតណាម និងប្រទេសឡាវតែប៉ុណ្ណោះ។
១០ សត្វនេះជាប្រភេទសត្វរាត្រីចរ វារស់នៅ និងរកស៊ីនៅពេលយប់ នៅដើមឈើតំបន់ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងមានវត្តមាននៅតាមចម្ការផងដែរ។
១១ រញីភ្លើង៖ រញីភ្លើងមានពណ៌ក្រហមត្នោតភ្លឺ និងមានលាយពណ៌ប្រាក់ពាសពេញលើខ្នង មានឆ្នូតត្នោតចាស់នៅលើខ្នង ហើយឆ្នូតនេះ កើតមាន និងបាត់បង់ទៅវិញទៅតាមរដូវ៕
(សារព័ត៌មានថ្មីៗរាជធានី-ខេត្ត ដកស្រង់ចេញពីវេបសាយក្រសួងសកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)