ជាតិ
សង្គមជាតិ
របរ​ធាក់​ស៊ីក្លូ នាំ​លោក ឡេង កុក អាន ជួប​ការងារ​ស្រាវជ្រាវ​គម្ពីរ​បុរាណ ដែលមាន​តម្លៃ​មហាសាល​
11, Jul 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ បាន​រៀន​ត្រឹម​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ លោក ឡេង កុក អាន មានភ័ព្វ​សំណាង​បាន​ចូល​បម្រើការ​ផ្នែក​ស្រាវជ្រាវ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែលជា​គម្ពីរ​បុរាណ​ផ្ទុក​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មហាសាល​។ កិច្ចការងារ​ស្រាវជ្រាវ គឺជា​ភារកិច្ច​ដ៏​លំបាក​មួយ ដែល​ទាមទារ​ឱ្យ​អ្នកធ្វើការ ត្រូវមាន​ចំណេះ​ជំនាញ​ច្បាស់លាស់​។ ប៉ុន្តែ​សម្រាប់​លោក ឡេង កុក អាន ទំនង​ជាមាន​ឧបនិស្ស័យ​ខ្ពស់ ទើបបានជា​លោក​អាចធ្វើ​ការងារ​នេះ​បាន ទាំង​ដែល​បាន​រៀន​តិចតួច​។​


 
​តទៅ​នេះ​សូម​ស្ដាប់​ពី​ដំណើរ​ដើមទង ដែលនាំឱ្យ​លោក ឡេង កុក អាន បាន​ភព​ប្រសព្វ​នឹង​ការងារ​ស្រាវជ្រាវ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




 
​មាន​ដើមកំណើត​នៅ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​លេខ​២ លោក ឡេង កុក អាន បច្ចុប្បន្ន​គឺជា​អ្នកស្រាវជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ក្រាំង និង វាន នៅក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ​។ ដើរ​លើ​វិថី​ស្រាវជ្រាវ​ជិត​៣០​ឆ្នាំ បុរស​សម្បុរ​ស្រអែម មុខមាំ​មិនសូវ​ញញឹម​រូបនេះ បាន​ប្រមូល និង​រៀបចំ​សាស្ត្រា​ស្លឹករឹត ក្រាំង និង វាន ដែល​ដាច់​រាត់រាយ នៅតាម​បណ្ដា​ខេត្ត​នានា មក​ផ្គុំ​បញ្ចូល​គ្នា​។ 
 
​អង្គុយ​ក្នុង​បន្ទប់​ការិយាល័យ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែលមាន​ទីតាំង​ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម នៅ​ភាគ​ខាងកើត ជាប់​ខ្លោងទ្វា​ឈាង​ខាងត្បូង លោក ឡេង កុក អាន ប្រាប់​ពី​សមិទ្ធផល​ការងារ​របស់ខ្លួន​ដូច្នេះ​៖«​សាស្ត្រា​ស្លឹករឹត ខ្ញុំ​រៀបរាប់​ម៉ឺន​ខ្សែ នៅ​សារមន្ទីរ​ជាតិ នៅ​បណ្ណាល័យ​ជាតិ នៅក្នុង​វិទ្យាស្ថាន​នេះ នៅក្នុង​វាំង ហើយ​នៅតាម​បណ្ដា​ខេត្ត​ទាំងអស់ សុទ្ធតែជា​ស្នាដៃ​របស់ខ្ញុំ​។ ខេត្តកណ្ដាល​១០​ស្រុក រាជធានី​ភ្នំពេញ​៨៨​វត្ត នៅ​កំពុងចាម​ខ្ញុំ​ធ្វើបាន​ប្រហែលជា​៦​ទៅ​៧​ស្រុក​។ ខ្ញុំ​ធ្វើការ​នៅតាម​វត្ត ហើយ​ទុក​នៅក្នុង​វត្ត​នោះ​ដដែល​។ បើ​គិត​ទៅ ខ្ញុំ​ចូល​ប្រហែល​មិនតិចជាង​១​ពាន់​វត្ត​ទេ​»​។​
 
​តាមពិតទៅ បុរស​វ័យ​៥៥​ឆ្នាំ ដែលមាន​កូន​៤​នាក់​រូបនេះ មិនបាន​រៀន​ច្រើន​ឡើយ គឺ​បាន​រៀន​ត្រឹម​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ប៉ុណ្ណោះ ហើយ​ដំណើរ​ជីវិត​លើ​នាវា​សិក្សា​រៀនសូត្រ​ក៏​លោក ឡេង កុក អាន មាន​ឧបសគ្គ​ច្រើន​ដែរ​។ លោក ពន្យល់​ដូច្នេះ​៖«​ខ្ញុំ​ប្រឡង​ឌី​ប្លូ​ម​ឆ្នាំ​១៩៨៣​។ បញ្ហា​រៀនមាន​ច្រើន​ដំណាក់កាល​។ ខ្ញុំ​កើត​ឆ្នាំ​១៩៦៦ អ៊ីចឹង​គេ​មិនឱ្យ​ចូលរៀន គេ​រើស​ឆ្នាំ​១៩៦៩ ទើបបាន​ចូលរៀន​។ ខ្ញុំ​មិនបាន​ចូលរៀន​ខ្ញុំ​ទៅ​រត់ពន្ធ​កំណាត់ យក​ពី​អូរជ្រៅ​មក កាល​ជំនាន់​នោះ​ជិះ​រថភ្លើង​។ រត់​មួយ​ជើង​កាល​ហ្នឹង​ដូចជា​គេ​ឱ្យ​នំ និង​សម្លៀកបំពាក់ បាន​តិចតួច ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​»​។  
 
​កាន់​ប៊ិក​ជាប់​ក្នុង​ដៃ​ទាំងពីរ ហើយ​ខ្លួន​ផ្អែកលើ​កៅអី​មាន​ធ្លាក់ដៃ លោក កុក អាន ថា​ដោយសារតែ​កត្តា​ជីវភាព​ខ្វះខាត​ខ្លះ​ផង ទើប​ធ្វើឱ្យ​លោក​មិនអាច​បន្ត​ការសិក្សា ដើម្បី​ចាប់យក​ការងារ​ដែល​គាត់​ស្រឡាញ់​បាន​៖«​ដល់ពេល​ក្រោយ​ទៀត​គេ​ចាប់ផ្ដើម​ប្រឡង គេ​ថាបើ​ប្រឡង​ជាប់ គេ​ឱ្យ​ចូលរៀន ដល់​ខ្ញុំ​ប្រឡង​ជាប់ ខ្ញុំ​បាន​ចូលរៀន​នៅ​សាលា ស៊ីសុវត្ថិ ដូច្នេះ​ខ្ញុំ​ខាន​រៀន​២​ឆ្នាំ​។ តាមពិត​ខ្ញុំ​ស្រឡាញ់​គ្រូបង្រៀន​ទេ តែ​ជំនាន់​នោះ​ខ្ញុំ​មិនមាន​ប្រាក់​ផង ដល់​ហើយ​ទៅ ខ្ញុំ​ការ​ប្រពន្ធ​ឆ្នាំ​១៩៨៩ ហើយក៏​មិនដឹង​ធ្វើ​អ្វី​ក៏​ឈប់រៀន​ទៅ​»​។​
 
​ចូលមក​ដល់​ដើមហេតុ​ដែលនាំឱ្យ​លោក ឡេង កុក អាន បាន​ក្លាយជា​អ្នកស្រាវជ្រាវ​វិញ​។ តាមពិតទៅ ការ បាន​ស្គាល់​សាស្ត្រា​ស្លឹករឹត គឺជា​រឿង​ចៃដន្យ​បំផុត ដែល​ស្ទើរតែ​នឹកស្មាន​មិន​ដល់ សម្រាប់​យុវជន​ដែល​ស្ទើរ​ទាំង​ចំណេះដឹង និង​ខ្វះ​ទាំង​ជីវភាព​នោះ​។ របរ​ធាក់​ស៊ីក្លូ ដែល​អាច​រកប្រាក់​ត្រឹមតែ​អាច​ចិញ្ចឹមជីវិត​សម្រាប់តែ​មួយថ្ងៃ​ទៅមួយថ្ងៃ​នោះឯង ដែល​បាន​នាំឱ្យ​បុរស​ជនជាតិ​បារាំង​ម្នាក់ ធ្វើការ​នៅ​សាលា​បារាំង​ចុង​បូព៌ា ចាប់អារម្មណ៍​លើ​យុវជន កុក អាន​៖«​កាលនោះ​ខ្ញុំ​ធាក់​ស៊ីក្លូ​ទេ ហើយក៏​បាន​ជួប​លោក អូ​លី​យេ ដឺ​ប៊ែ​ណុង នៅ​សណ្ឋាគារ​មនោ​រម្យ​។ ពី​ដើម​មាន​សណ្ឋាគារ​មនោរ​ម្យ​១ សណ្ឋាគារ​ស​មួយ សណ្ឋាគារ​សុខា​ល័យ​១ និង​សណ្ឋាគារ​សាមគ្គី​១​។ ខ្ញុំ​ចេះ​អង់គ្លេស​តិចតួច ខ្ញុំ​ទៅ​ដឹក​គាត់ ហើយ​គាត់​សួរថា តើ​ចង់​ធ្វើការ​ជាមួយ​គាត់​ទេ​? ខ្ញុំ​ថា​ចង់​។ តើ​ធ្វើការ​អី​? គាត់​ថា​ធ្វើការ​ខាង​សាស្ត្រា​ស្លឹករឹត​។ ខ្ញុំ​ថា​ខ្ញុំ​មិនដែល​ស្គាល់​ផង​»​។  
 
​បើទោះបីជា​មិន​ធ្លាប់​ស្គាល់​សាស្ត្រា​ស្លឹករឹត​ពីមុនមក​ក៏ពិតមែន តែ​លោក ឡេង កុក អាន មិនបាន​បណ្ដោយឱ្យ​ឱកាស​កន្លងផុត​ទៅដោយ​ងាយៗ​ឡើយ ពោលគឺ​លោក​តាំងចិត្ត​ប្រថុយធ្វើ​ការងារ​នោះ ទាំង​ដែល​ខ្លួន​មិនចេះ​អ្វី​ទាំងអស់​។ ផ្ដើម​ការងារ​ដំបូង លោក ឡេង កុក អាន ត្រូវ​រៀន​មើល​សាស្ត្រា​ស្លឹករឹត​ឱ្យ​យល់​សិន​។ លោក​ពន្យល់​បន្ថែម​៖«​គាត់​ថាឱ្យ​ខ្ញុំ​ទៅ​រៀន​សាស្ត្រា​នៅតាម​វត្ត ពេល​ខ្ញុំ​ទៅ​សួរ​លោក លោ​កថា​មិនដែល​ស្គាល់​សាស្ត្រា​អ្វី​ផង​។ ទៅរក​រៀន​នៅទីណា​ក៏​មិនបាន គាត់​ក៏​ឱ្យ​ក្រាំង​ខ្ញុំ​មួយ យក​មកពី​សុរិន្ទ ឱ្យ​ខ្ញុំ​មក​រៀន​មើល ខ្ញុំ​ចេះតែ​ព្យាយាម​មើលទៅ ក្រោយមកទៀត​ក៏​គាត់​បង្កើត​អង្គការ ហើយ​គាត់​ក៏​ឱ្យ​ខ្ញុំ​ចូលធ្វើការ ក្នុង​ឆ្នាំ​១៩៩០​។ មុនដំបូង​គាត់​ឱ្យ​ខ្ញុំ​ទៅ​រៀប​សាស្ត្រា​នៅ​វត្ត​នាគ​វន្ត​។ ពី​ដើម​គាត់​បាន​បញ្ជូន​ខ្ញុំ​ទៅ​រៀន​ដែរ នៅ​ក្រសួង​អប់រំ​។ ខ្ញុំ​ថ្មីថ្មោង ខ្ញុំ​ទៅ​អង្គុយ​រៀន ខ្ញុំ​ចេះតែ​អង្គុយ​ពិចារណា​ខ្លួនឯង មិនដឹង​រៀប​យ៉ាងណា​ឱ្យ​ត្រូវ​ខ្សែ​»​។ 
 
​អាចនិយាយបាន​ថា​មាន​ឧបនិស្ស័យ​ជាមួយ​សាស្ត្រា​ស្លឹករឹត លោក ឡេង កុក អាន ព្យាយាម​ស្វែងយល់​ដោយ​ខ្លួនឯង ពី​របៀប​រៀបចំ​សាស្ត្រា បើទោះបីជា​វា​ដាច់ដោច​ច្រើន​បំណែក​យ៉ាងណាក៏ដោយ​៖«​ក្រោយមក​ខ្ញុំ​ពិចារណា ថា​តើ​សាស្ត្រា​ហ្នឹង​វា​ស្លឹក​យ៉ាងម៉េច​? ពណ៌​យ៉ាងម៉េច​? ខ្ញុំ​រើស​ដាក់​មួយ​ដុំៗ​តាម​ផ្នែក អាហ្នឹង​វា​បង្រៀន​យើង​វិញ​តើ​។ ខ្ញុំ​រៀប​នៅ​រាជធានី​ភ្នំពេញ​ហើយ ខ្ញុំ​ទៅ​ខេត្តកណ្ដាល ខ្ញុំ​មាន​បទពិសោធ​កាន់តែច្រើន ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ ក៏បាន​ចំណេះដឹង​កាន់តែច្រើន​។ ឯកសារ​រាប់​ខ្សែ ដាច់​រាប់ម៉ឺន​សន្លឹក ក៏​ខ្ញុំ​រៀប​កើត​ដែរ​»​។ 


 
​ពាក់អាវ​ពណ៌​ត្រាវ​ដៃ​វែង ដាក់​ដៃ​លើ​សន្លឹក​ឯកសារ​ពណ៌​ស ដែលមាន​នៅលើ​តុ លោក ឡេង កុក អាន ថា​ការងារ​ទាំង​នោះបាន​បង្រៀន​លោក​គ្រប់​ជំ​ហ៊ាន​ដោយ​ឯកឯង​៖«​យើង​ខំប្រឹង​ខ្លួនឯង ដល់ពេល​ក្រោយ​ខ្ញុំ​ធ្វើបញ្ជី​ទៀត វា​ចេះតែ​រលូន​ទៅ​។ បើ​និយាយ​ឱ្យអស់​ទៅ​វា​ជា​ឧបនិស្ស័យ​នៅក្នុង​ធម្មជាតិ នៅក្នុង​ខ្លួន​របស់ខ្ញុំ ដូចជា​ប្រទាន​ចំណេះដឹង​ឱ្យ​ខ្ញុំ​តែម្ដង ដូចជា​មាន​អ្វី​មក​ស​ណ្ឋិ​ន​នៅក្នុង​ខ្លួន​របស់ខ្ញុំ ឱ្យ​ខ្ញុំ​មើលទៅ​យល់ មើលទៅ​ដឹង​»​។​
 
​លោក​រៀបរាប់​បន្ថែម​ពី​ការងារ​ស្រាវជ្រាវ​របស់ខ្លួន​៖«​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ហ្នឹង រាល់​ការពិនិត្យ​ឯកសារ រៀបចំ​ឯកសារ ការធ្វើ​បញ្ជី ការផ្ទៀងផ្ទាត់​ឯកសារ​ពី​បុរាណ ខ្ញុំ​ធ្វើ​ទាំងអស់​។ កាលណា​ធ្វើ​សៀវភៅ ឬ​ធ្វើបញ្ជី​ចំណងជើង​តាម​កំ​ព្យូ​ទ័​រ ខ្ញុំ​ទៅ​អង្គុយ​មើល​ទៀត​។ ការងារ​នេះ​ជ្រៅ​ណាស់ គ្រាន់តែ​ឃើញ​សាស្ត្រា​មក វា​ខ្មួរ​ខ្មាញ់ បើក​មក​សុទ្ធតែ​ដី សុទ្ធតែ​ភក់ យើង​គិត​យ៉ាងម៉េច​»?
​មាន​អំណរ​នឹង​ការងារ​របស់ខ្លួន បុរស​ដែល​បាន​ហែល​ឆ្លង​សម័យ​សង្គ្រាម​ខ្មែរក្រហម​តាំងពី​កុមារភាព​រូបនេះ ថា​ការងារ​ស្រាវជ្រាវ​សាស្ត្រា​សម្រាប់​លោក​នៅពេល​បច្ចុប្បន្ន មិនមាន​អ្វី​លំបាក​ទៀតឡើយ​៖«​ទោះជា​សាស្ត្រា​នោះ​ស្មុគស្មាញ​យ៉ាងណាក៏ដោយ ក៏​យកមក​រៀប​ចូលក្នុង​ក្រប​យ៉ាង​ស្អាត អ្នកណា​ឃើញ​ក៏​ស្រឡាញ់​ដែរ​។ 
 
​សម្លឹង​មើលទៅ​សៀវភៅ​ក្បាល​ធំៗ​នៅ​ចំពោះមុខ ដែល​រៀប​នៅលើ​តុ​គរ​លើ​គ្នា​ជាច្រើន​ក្បាល លោក ឡេង កុក អាន ដែល​បាន​ទៅ​រៀបចំ​សាស្ត្រា​ស្លឹករឹត​នៅក្នុង​ប្រទេស​ថៃ ថា​លោក​បានរួម​ចំណែក​បង្កើត​សមិទ្ធផល​ដ៏​ល្អ​មួយ ដែល​បារាំង​ប្រាថ្នា​ធ្វើ​ជិត​១០០​ឆ្នាំ​ហើយ តែ​មិនបាន​សម្រេច​៖«​លោក អូ​វី​យ៉េ ដឺ​ប៊ែ​កណុង គាត់​និយាយថា បារាំង​គេ​ព្យាយាម​ជិត​១០០​ឆ្នាំ ដើម្បី​ធ្វើបញ្ជី​ឈ្មោះ​សាស្ត្រា​ជា​សៀវភៅ តែ​ទើបតែ​ចេញ នៅពេលដែល​លោក អូ​វី​យ៉េ ដែល​ទើប​មកកាន់​៣០​ឆ្នាំ​។ ពី​ដើម​មុន​សង្គ្រាម សាស្ត្រា​ពេញ​ទូ តែ​គេ​ធ្វើ​មិន​ចេញ ទាល់តែ​សាស្ត្រា​ដាច់​រាត់រាយ​បានធ្វើ​ចេញ​។ ខ្ញុំ​ថា បើសិនជា​ខ្ញុំ​កើត​ទាន់​ជំនាន់​នោះ បើសិន​សាស្ត្រា​នៅ​ពេញ​ទូ បើសិនជា​ខ្ញុំ​មានចំណេះដឹង ខ្ញុំ​គិតថា​បើ​ធ្វើបញ្ជី​ឈ្មោះ​មិនដឹង​ជា​ល្អ​យ៉ាងណាទេ​។ ដល់​ឥឡូវនេះ​ដាច់​រាត់រាយ​គ្នា ទម្រាំ​មក​ផ្គុំ​ចូលគ្នា​វិញ​យូរណាស់​។ ទម្រាំ​ង​ធ្វើការ​ហើយ​ក្នុង​មួយ​វត្តៗ រាប់​ខែ​»​។​


 
​បុរស​ដែលមាន​អត្តចរិត​មឺ​ង​ម៉ាត់​ច្បាស់លាស់​រូបនេះ ថា​សាស្ត្រា​ស្លឹករឹត មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​កម្ពុជា ដែល​ប្រជា​ជាតិខ្មែរ​មិនអាច​ព្រងើយកន្តើយ​បាន​៖«​សាស្ត្រា​នេះ​មានតម្លៃ​មហាសាល ជា​អក្សរសាស្ត្រ​ចុងក្រោយ​បំផុត បើ​យើង​មើលទៅ សិលា​ចារិក គេ​បាន​សរសេរ​បន្តិចៗ​ទេ តែ​សាស្ត្រ​ស្លឹករឹត​នេះ គឺ​គេ​សរសេរ​ក្បោះក្បាយ​ណាស់​។ ពី​ដើម​មក​ខ្មែរ​យើង​រៀន​ចេះ​ចេញពី​ណា​មក​? គឺ​ចេញពី​សាស្ត្រ​ស្លឹករឹត ដូច្នេះ​អត្ថបទ​ចេញពី​សាស្ត្រា​ស្លឹករឹត​នេះ​គឺជា​គ្រូដើម ផ្សព្វផ្សាយ​នៃ​អរិយធម៌​ខ្មែរ​ទាំងអស់ ផ្សព្វផ្សាយ​នៃ​អក្សរសាស្ត្រ ផ្សព្វផ្សាយ​ពី​ទំនៀមទម្លាប់​ទាំងអស់​។ អ្នកប្រាជ្ញ​ទាំងអស់ គ្រប់​និន្នាការ​ទាំងអស់​គឺ​ចេញពី​សាស្ត្រា​ស្លឹករឹត​»​។​
 
​ទោះជា​យ៉ាងណា បុរស​ដែល​ប្រឹង​ត្រួស​ត្រាយផ្លូវ សម្រាប់​ការស្រាវជ្រាវ​សាស្ត្រា​ស្លឹករឹត​រូបនេះ មាន​ក្ដី​ប្រាថ្នា​មួយ​៖«​សព្វថ្ងៃនេះ​ខ្ញុំ​មិន​ចង់បាន​អ្វី​ទេ សំខាន់​គឺ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឱ្យ​ពិតប្រាកដ កុំ​ឱ្យតែ​បង្កើត​តែ​ក្រុម​តែ​មិនមាន​មនុស្ស​។ ក្រុម​នេះ​មាន​១០​នាក់ តែ​ធ្វើការ​តែ​ខ្ញុំ​ម្នាក់ ងាប់​។ ក្រុម​នេះ​បង្កើត​ឡើងមក មានតែ​អ្នក​គេ​ធ្វើការ​ផ្សេងៗ យើង​ត្រូវតែ​បង្កើត​ក្រុម​អ្នកធ្វើការ​លើ​រឿង​ហ្នឹង ទើប​ការងារ​វា​ទៅមុខ​»៕
 
 

Tag:
 ឡេង កុក អាន​
  សាស្ត្រា​
  ស្លឹករឹត​
  ក្រាំង​
  គម្ពីរ​
  បុរាណ​
 ​ស៊ីក្លូ​
 
© រក្សាសិទ្ធិដោយ thmeythmey.com