កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ នឹង​ប្រើ​វិធានការ​វះកាត់​លើ​សហព័ន្ធ ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកមាន​សមត្ថភាព​
11, Jul 2020 , 4:59 pm        
រូបភាព
លោក ស សុខា ពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាព គ្រូបង្វឹក គ្រូជំនួយនិងកីឡាករ ដែលសហព័ន្ធស្នើសុំប្រមូលផ្តុំជម្រើសជាតិ, រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា ពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាព គ្រូបង្វឹក គ្រូជំនួយនិងកីឡាករ ដែលសហព័ន្ធស្នើសុំប្រមូលផ្តុំជម្រើសជាតិ, រូបភាពពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​ការធ្វើកំណែទម្រង់​ក្នុង​សហព័ន្ធ មិនមែន​ជាការ​បន្ទច់​បង្អាក់ដំណើរ​អភិវឌ្ឍន៍​របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​នោះទេ​។ ផ្ទុយទៅវិញ វា​ជាការ​ផ្តល់ឱកាស​ដល់​យុវជន និង​អ្នកមាន​សមត្ថភាព ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ នេះ​ជាការ​យល់ឃើញ​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ចាត់ទុក​ការធ្វើកំណែទម្រង់​ក្នុង​សហព័ន្ធ ជា​រឿង​ចាំបាច់ ដែល​ត្រូវធ្វើ​នាពេល​បច្ចុប្បន្ន​។

 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ បានប្រកាស​ពី​ការប្រើ​វិធានការ​កំណែទម្រង់​លើ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ដែលមាន​មន្ត្រី​ដើរតួនាទី​ពីរ​ក្នុងពេល​តែមួយ​។ ក្នុងន័យនេះ​មន្ត្រី​ម្នាក់​មិនអាច​មាន​តួនាទី​ពីរ​ក្នុង​សហព័ន្ធ​នោះទេ ពោលគឺ​បុគ្គល​ម្នាក់​បើ​មាន​តួនាទី​ជា​សមាជិក​ប្រតិបត្តិ​ហើយ មិនអាច​ទៅធ្វើជា​គ្រូបង្វឹក ឬ​គ្រូ​ជំនួយ​បានឡើយ​។ តែ​ពួកគេ​អាច​លាលែង​ពី​តំណែង​ក្នុង​សហព័ន្ធ​ទៅធ្វើជា​គ្រូបង្វឹក ឬ​លាលែង​ពី​គ្រូបង្វឹក​ទៅធ្វើជា​មន្ត្រី​សហព័ន្ធ​បាន​។​
 
​សម្រាប់​លោក ស សុខា វា​ល្មម​ដល់ពេល ដែល​សហព័ន្ធ​នីមួយៗ​ត្រូវ​លះបង់ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុងការ​វះកាត់​មន្ត្រី​អសកម្ម ឬ​គ្រូបង្វឹក​អសមត្ថភាព ដែល​យក​វិស័យ​កីឡា​ធ្វើជា​មុខរបរ​។ ភាពមិនប្រក្រតី​ទាំងនេះ ជា​ឧបសគ្គ​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន​។ 
 
​លោក​បាន​បញ្ជាក់ថា​៖«​ការកែទម្រង់​ក្នុង​សហព័ន្ធ​នីមួយៗ គឺជា​ការចាំបាច់​ក្នុងពេល​បច្ចុប្បន្ននេះ ព្រោះ​អាណត្តិ​មួយចំនួន​របស់​សហព័ន្ធ​មកដល់​ម៉ោង​នេះ អ្នក​បាន​នៅ​ក៏​នៅ អ្នក​មិនបាន​នៅ​ក៏​ទៅ​អស់  ហើយ​មួយចំនួន​មិនអាច​បំពេញការងារ​។ ដូច្នេះ​ដើម្បី​សម្របសម្រួល​ផ្តល់ឱកាស​ដល់​អ្នកដទៃ យើង​ត្រូវតែ​ហ៊ាន​បើក​បេះដូង​វះកាត់ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​ចូលរួម​ជាមួយ​យើង​»​។ 
 
​សហព័ន្ធ​កីឡា​ជាតិ​ជា​ធាតុ​មួយ ដែល​មិនអាច​ខ្វះ​បាន​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការ​កំណែទម្រង់​របស់​ក្រសួង​អប់រំ មិនមែន​ជាការ​បន្ទច់​បង្អាក់ដំណើរ​ការអភិវឌ្ឍ​របស់​សហព័ន្ធ​នោះទេ តែ​វា​ជាការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​កីឡា​ទៅវិញ​ទេ​។ 
 
«​កុំ​ឲ្យ​គិតថា អ្វីៗ​ដែល​ក្រសួង​កំពុង​ធ្វើ​នេះ​(​កំណែទម្រង់​)​ជាការ​បន្ទច់បង្អាក់ កុំ​ឲ្យ​សហព័ន្ធ​នីមួយៗ​រីកចម្រើន តាមពិត​សហព័ន្ធ គឺជា​ភ្នែក ជា​ច្រមុះ និង​ជា​ដៃគូ​ដ៏​ល្អ​បំផុត​របស់​ក្រសួង​។ ដូច្នេះ​មានរឿង​អ្វី​យើង​ចរចា និង​ពិភាក្សាគ្នា​បាន តែ​សូមកុំ​អត្តនោម័តិ​ដោយ​ខ្លួនឯង សូម​ពិភាក្សា​ជាមួយ​ក្រសួង​។ ក្រសួង​មិនមែន​ដើរតួ​ជា​ឪពុកម្តាយ​ទេ គឺ​ដើរតួ​ជា​បងប្អូន​មិត្តភក្តិ​»​។ លោក ស សុខា លើកឡើង​បែបនេះ ហើយ​អះអាងថា វិធានការ​កំណែទម្រង់​នេះ​នឹង​ចងក្រង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ 


 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ក្នុង​ការដាក់​សមាសភាព​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​កីឡាការិនី​រប​ស់​សហព័ន្ធ ដើម្បី​ស្នើសុំ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​។ ក្រោយ​ការត្រួតពិនិត្យ​របស់​អង្គប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ស សុខា រកឃើញថា សហព័ន្ធ​កីឡា​ជាតិ​ចំនួន​១៤ ដែល​ត្រូវ​កែប្រែ​តួនាទី និង​ផ្លាស់ប្តូរ​សមាសភាព​គ្រូបង្វឹក និង​កីឡាករ​។ 
 
​សហព័ន្ធ​ទាំងនោះ​រួមមាន​តេ​កា្វ​ន់​ដូ WT, សីដក់​, វាយ​កូន​បាល់​, ហែល​ទឹក​,  កា​រ៉ា​តេ​, ទូកក្តោង​, វ៉ូ​វី​ណា​ម​, តេ​ក្វាន់​ដូ ITF, ជិះសេះ​, វាយ​ឃ្លី​លើ​តុ​, ទ្រី​យ៉ា​ត្លុង​, យូ​ដូ​, កីឡា​រាំ និង​សូ​រិ​ន​ហ្ស៊ី​កាំ​ប៉ូ​។ 
 
​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អះអាងថា ការជ្រើសរើស​កីឡាករ​ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ជា​រឿង​ចាំបាច់ ដែល​សហព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​។ ព្រោះ​ការជ្រើសរើស​កីឡាករ​មិន​ឆ្លុះបញ្ចាំង​ពី​ភាពត្រឹមត្រូវ​នឹងធ្វើ​កីឡាករ ដែល​ប្រឹងប្រែង​ហ្វឹកហាត់​បាក់​ទឹកចិត្ត ឬ​អាចធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​ក៏​អាច​ថា​បាន​៕ 
 
 

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com