ជាតិ
សង្គមជាតិ
ចៅក្រម គង់ ខេមរា ត្រូវជាប់ឃុំ ពីបទមនុស្សឃាតដោយអចេតនា ក្រោយបើកឡានតាមម៉ូតូចោរឆក់ រហូតជ្រុលបុកឲ្យស្លាប់
12, Jul 2020 , 4:00 pm        
រូបភាព
លោក គង់ ខេមរា ចៅក្រមសាលាដំបូងខេត្តកោះកុង
លោក គង់ ខេមរា ចៅក្រមសាលាដំបូងខេត្តកោះកុង
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យយកលោក គង់ ខេមរា ដែលមានឋានៈជាចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកោះកុង ទៅឃុំបណ្តោះអាសន្ន ពីបទមនុស្សឃាតដោយអចេតនា កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ នេះបើការអះអាងរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកកាន់សារព័ត៌មានថ្មីៗ។

 


លោកចៅក្រម គង់ ខេមរា ត្រូវជាប់ឃុំនិងរងពីបទមនុស្សឃាតដោយអចេតនា ដោយសារតែលោក បានបើករថយន្ត ដេញតាមម៉ូតូចោរឆក់កាបូបលុយរបស់លោក ហើយក៏ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យចោរឆក់នោះ ស្លាប់នៅកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លើបណ្តោយវិថីហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយទទួលបានកាបូបវិញ ដែលមានប្រាក់ជាង៦ពាន់ដុល្លារ លោកចៅក្រម គង់ ខេមរា ប្រាប់អ្នកកាសែតថា ការបើករថយន្ត ដេញតាមចោរឆក់នោះ គឺលោក គ្រាន់តែចង់បានកាបូលលុយវិញប៉ុណ្ណោះ ដោយគ្មានចេតនា បើកបុកឡើយ។ លោក លើកឡើងទៀតថា ពេលរថយន្ត ទៅជិតដល់ម៉ូតូចោរឆក់ លោក ក៏ប្រឹងជាន់ហ្វ្រាំងដែរ តែនៅតែមិនអាចបញ្ឈប់រថយន្តបាន  ព្រោះពេលនោះ រថយន្ត កំពុងមានល្បឿនលឿន។ 

ចោរឆក់នោះ គឺជា​ស្ត្រី​វ័យ៣០ឆ្នាំ ដោយកាត់សក់ខ្លី មើលទៅ​ដូចជា​​មនុស្សប្រុស៕ 

អត្ថបទទាក់ទង

Tag:
 ចៅក្រម គង់ ខេមរា
© រក្សាសិទ្ធិដោយ thmeythmey.com