COVID-19
អន្តរជាតិ
ទីបំផុត លោក ត្រាំ ពាក់​ម៉ាស់​ហើយ​
12, Jul 2020 , 10:50 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពាក់ម៉ាស់ក្នុងមជ្ឈមណ្ឌលសុខាភិបាលយោធា Walter Reed ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពាក់ម៉ាស់ក្នុងមជ្ឈមណ្ឌលសុខាភិបាលយោធា Walter Reed ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ពាក់​ម៉ាស់​ការពារ​ក្នុង​ដំណើរ​ត្រួតពិនិត្យ​ទីតាំង​សុខាភិបាល​យោធា​មួយកន្លែង​ក្នុង​រដ្ឋ Maryland នៅ​ថ្ងៃទី​១១ ខែកក្កដា​។ នេះ​ជា​លើកដំបូង​ដែល​លោក ត្រាំ ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ​បែបនេះ ព្រោះ​កន្លងមក លោក​មិនដែល​ពាក់​វា​ឡើយ​នៅពេល​ធ្វើ​ទស្សនកិច្ច​នៅ​កន្លែង​ផ្សេង​ដែលមាន​មនុស្ស​ច្រើន ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​អាមេរិក នៅតែ​កើនឡើង​ឥតឈប់ឈរ​។​

 
​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​យោធា​ជាតិ Walter Reed គឺជា​ការបង្ហាញ​ខ្លួន​ដោយ​ពាក់​ម៉ាស់​លើកទីមួយ​សម្រាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់តាំងពី​ជំងឺ COVID-19 ចាប់ផ្ដើម​រាលដាល​អាមេរិក​តាំងពី​ដើមឆ្នាំ​២០២០ មក​។ មិន​ត្រឹមតែ​មិន​ពាក់​ខ្លួន​ឡើយ លោក ត្រាំ ក៏​មិនបាន​ប្រាប់​ឲ្យ​ប្រជាជន​អាមេរិក​ពាក់​ម៉ាស់​ដែរ ដោយ​លោក​ចាត់ទុក​ការពាក់​ម៉ាស់​នេះ​ជាការ​សម្រេចចិត្ត​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។  
 
​ប្រាប់​អ្នកសារព័ត៌មាន​មុន​ដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​ខាងលើ លោក ត្រាំ និយាយថា នៅពេល​ទៅកាន់​មន្ទីរពេទ្យ ហើយ​ត្រូវ​ជួប​មនុស្ស​ជាច្រើន ពិសេស​អ្នក​ទើប​ចេញពី​បន្ទប់វះកាត់​ជាដើម លោក​គិតថា ជា​រឿង​ល្អ​ដែល​ត្រូវ​ពាក់​ម៉ាស់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ បើតាម​រូបថត​ចេញពី​មជ្ឈមណ្ឌល​សុខាភិបាល​យោធា​ក្នុង​រដ្ឋ Maryland ម៉ាស់​ដែល​លោក ត្រាំ ពាក់ មាន​សញ្ញា​របស់​ប្រធានាធិបតី​អាមេរិក និង​មាន​ពណ៌​ខៀវចាស់​។ 
 
​តាមពិតទៅ រឿង​ពាក់​ម៉ាស់ ត្រូវបាន​មន្ត្រី​សុខាភិបាល​អាមេរិក​ចាត់ទុក​ជាការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំ​ងឹ COVID-19 ។ គិត​ត្រឹម​ពេលនេះ អាមេរិក​ដែល​ឈរ​លេខ​មួយ​ក្នុង​តារាង​ប្រទេស​មាន COVID-1 9 ដោយមាន​អ្នក​ឆ្លង​ដល់​ទៅ​ជាង​បី​លាន​បី​សែន​នាក់ ហើយ​ស្លាប់​ជាង​១៣​ម៉ឺន​នាក់​។ 
 
​ទោះជា​មាន​អ្នក​ឆ្លង​រាប់លាន​នាក់ ហើយ​បន្ត​កើនឡើង​រាល់ថ្ងៃ​ក្ដី លោក ត្រាំ នៅតែ​ទទូច​បើក​សេដ្ឋកិច្ច​ឡើងវិញ ហើយ​ចុង​ក្រោយនេះ​ក៏​ចង់​បើក​សាលារៀន​ឡើងវិញ​ទៀតផង​។ ប៉ុន្តែ​បំណង​នេះ រង​ការរិះគន់​ខ្លាំង​នៅពេលដែល​ស្ថានភាព​ជំងឺ COVID-19 មិនទាន់​ធូរស្រាល​ផង​នោះ​៕
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com