អន្តរជាតិ
អង្គការ Amnesty International ថា ពួកយោធា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានសម្លាប់​ជន​ស៊ីវិល​ក្នុងការ​វាយប្រហារ​មិន​រើសមុខ​
12, Jul 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ភ្លើង​ឆេះ​នៅក្នុង​ភូមិ Let Kar ក្រុង Mrauk-U រដ្ឋ Rakhine ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ភ្លើង​ឆេះ​នៅក្នុង​ភូមិ Let Kar ក្រុង Mrauk-U រដ្ឋ Rakhine ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​។​
ដោយ: VOA
​អង្គការ Amnesty International បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​៨ ខែកក្កដា​ថា ពួកយោធា​មី​យ៉ាន់​ម៉ា​បានសម្លាប់​ពួក​ជន​ស៊ីវិល​ដោយមាន​រួមបញ្ចូល​ទាំង​កុមារ​ផង​នៅក្នុង​រដ្ឋ Rakhine និង​រដ្ឋ Chin នៃ​ប្រទេស​នេះ​។​

 
​អង្គការសិទ្ធិមនុស្ស​នេះ​បាន​និយាយថា ពួកគេ​បាន​ប្រមូល​ភស្តុតាង​ថ្មីៗ​ដែល​បញ្ជាក់ថា មានការ​ទម្លាក់​គ្រាប់បែក​លើ​ភូមិ​មួយចំនួន​នៅក្នុង​រដ្ឋ Chin ដែល​បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់​។ អង្គការ​នេះ​បាន​កត់សម្គាល់ថា របាយការណ៍​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក៏មាន​ឯកសារ​ដែលថា ពួក​ជន​ស៊ីវិល Rohingya ក៏បាន​ត្រូវយក​ជាទី​ដៅ​នៃ​ការវាយប្រហារ​ដែរ​។​
 
​ឧប្បត្តិហេតុ​ទាំងនេះ​បាន​កើតមានឡើង​នៅពេល​មាន​ជម្លោះ​កើន​ខ្លាំង​ជាង​មុន​នៅក្នុង​រដ្ឋ​ទាំងពីរ​នេះ ចាប់តាំងពី​មានការ​វាយប្រហារ​កាល​ពី​ខែមករា​ឆ្នាំ​២០១៩​លើ ប៉ុស្តិ៍​មួយចំនួន​នៅក្នុង​រដ្ឋ Rakhine នា​ប៉ែក​ខាងជើង​ប្រទេស​ដោយ​កងទ័ព Arakan ដែលជា​ក្រុម​ប្រដាប់អាវុធ​នៃ​ពួក​ជន​អំបូរ​ភាគតិច​មួយ​នៅក្នុង​រដ្ឋ Rakhine​។​
 
​លោក Nicholas Bequelin ជា​នាយក​ប្រចាំ​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ AmnestyInternational​។ លោក​បាន​និយាយថា​៖ «​នៅពេលដែល​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​សុំឱ្យ​ប្រជារាស្ត្រ​ស្ថិតនៅ​ក្នុងផ្ទះ​ដើម្បី​ជួយ​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​រដ្ឋ Rakhine និង​រដ្ឋ Chin នោះ កង​យោធា​មី​យ៉ាន់​ម៉ា​បាន​ដុត​ផ្ទះសម្បែង​ពួកគេ និង​សម្លាប់​ពួក​ជន​ស៊ីវិល​នៅក្នុង​ការវាយប្រហារ​មិន​រើសមុខ​ដែលជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​»​។ ជំងឺ​កូ​វីដ​១៩​ជា​ជំងឺ​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណា​។​
 
​អង្គការ Amnesty International ឱ្យដឹងថា​ដោយបាន​ប្តេជ្ញា​កម្ទេច​កងទ័ព Arakan នោះ កង​យោធា​មី​យ៉ាន់​ម៉ា​បានធ្វើការ​សងសឹក​ដែលនាំឱ្យ​មាន​កំណើន​អំពើហិង្សា​និង​ពួក​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​។​
 
​អង្គការសិទ្ធិមនុស្ស​នេះ​បាន​សុំឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​.​ឱ្យធ្វើ​ការស៊ើបអង្កេត​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​វាយប្រហារ​ទាំងនេះ​ដែល​បាន​កើតមានឡើង​នៅ​ទីប្រជុំជន​ដែល​នៅ​ទីនោះ​បណ្តាញ​អ៊ីនធឺណិត​បាន​ត្រូវ​កាត់ផ្តាច់​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៩​មក​។​
 
​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់ទុកថា ការវាយប្រហារ​ដោយ​មិន​រើសមុខ​ដែល​បណ្តាលឱ្យ​ពួក​ជន​ស៊ីវិល​ស្លាប់​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​
 
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​និយាយថា ការ​កាត់ផ្តាច់​បណ្តាញ​អ៊ីនធឺណិត​ជាការ​ចាំបាច់​ដើម្បី​បញ្ចៀស​កុំឱ្យ​កងទ័ព Arakan ប្រើការ​ភ្ជាប់​អ៊ីនធឺណិត​ចល័ត​ដើម្បី​រៀបចំ​ការវាយប្រហារ​លើ​ពួក​មន្ត្រី និង​ញុះញង់​ឱ្យមាន​អំពើហិង្សា​។ មានតែ​ទីប្រជុំជន Maungdaw តែមួយគត់​មាន​បណ្តាញ អ៊ីនធឺណិត​ចាប់តាំងពី​ទីប្រជុំជន​៥​ក្នុង​បណ្តា​ទីប្រជុំជន​៩​មានការ​កាត់ផ្តាច់​ជាថ្មីទៀត​នៅក្រោយ​ការ​កាត់ផ្តាច់​នេះ​បាន​ត្រូវ​លុបចោល​ជា​បណ្តោះអាសន្ន​កាលពី​ខែកុម្ភៈ​។​
 
​ការចូល​របស់​ពួក​អ្នកកាសែត​ទៅក្នុង​រដ្ឋ Rakhine មានការ​រឹតត្បិត​ខ្លាំងណាស់​។ ពួក​អ្នកសារព័ត៌មាន​បរទេស​អាច​រាយការណ៍​ពី​តំបន់​នោះ​តែ​នៅក្រោយ​ទស្សនកិច្ច​តាម​ការកំណត់​ទុកជាមុន​នៅពេល​មានការ​អមដំណើរ​ដោយ​អ្នកតំណាង​រដ្ឋាភិបាល​។​
 
​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អ​.​ស​.​ប​.​បាន​ស៊ើបអង្កេត​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រួចជាស្រេច​ហើយ​អំពី​ការប្រព្រឹត្ត​ទៅលើ​ពួក​ជន​អំបូរ Rohingya រាប់សែន​នាក់​ដែល​បាន​រត់គេចខ្លួន​ពីរ​ដ្ឋ Rakhine នៅក្រោយ​មានការ​បង្ក្រាប​ដោយ​កង​យោធា​ជិត​បី​ឆ្នាំ​កន្លងទៅនេះ​។​
 
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​និយាយថា​ការបង្ក្រាប​នេះ​ជាការ​ឆ្លើយតប​ត្រឹមត្រូវ​តាមច្បាប់​ប្រឆាំងនឹង​ការវាយប្រហារ​ដោយ​ពួក​យុទ្ធជន​អំបូរ Rohingya ប្រដាប់អាវុធ​មួយក្រុម​តូច​ដែលមាន​ឈ្មោះថា កងទ័ព​សង្គ្រោះ​ពួក Rohingya ក្នុង​រដ្ឋ Arakan៕
 

© រក្សាសិទ្ធិដោយ thmeythmey.com