អន្តរជាតិ
ចិន ពន្លះអាមេរិកជាថ្មី ក្រោយបញ្ចប់លំហាត់យោធានៅសមុទ្រចិនខាងត្បូងដោយជោគជ័យ នាវាចម្បាំងចិនក្នុងសមយុទ្ធកន្លងទៅ។ រូបភាព Xinhua
× បន្ទាប់ពីបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដោយជោគជ័យក្នុងសមុទ្រចិនខាងត្បូង រយៈពេលជិតមួយសប្តាហ៍មក រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី៩ កក្កដាកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយទៀតសម្តែងការខកចិត្ត និងជំទាស់ដាច់ខាតលើការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធានេះ។
តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិរបស់ខ្លួន រដ្ឋាភិបាលចិន បានហៅសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិកពាក់ព័ន្ធនឹងសមយុទ្ធយោធាចិនថ្មីៗនេះ ថារឿងមិនពិត, យល់ឃើញពីត្រូវមកខុស និងប៉ុនប៉ងធ្វើឲ្យប្រទេសក្នុងតំបន់កាន់តែឃ្លៀតឆ្ងាយពីគ្នា ហើយកេងចំណេញស្ថានភាពដោយគ្មានតម្លាភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times។
តាមការបញ្ជាក់របស់លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិន ការធ្វើសមយុទ្ធយោធារបស់ចិនក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃ១ ដល់៥ កក្កដាកន្លងទៅ គឺជាលំហាត់យោធាប្រចាំឆ្នាំ ដែលមាន ការជូនដំណឹងជាមុនត្រឹមត្រូវ ហើយមានគោលដៅបង្កើនសមត្ថភាពការពារសន្តិសុខ អធិបតេយ្យ និងសន្តិភាពជាតិរបស់កងទ័ពជើងទឹកចិនប៉ុណ្ណោះ។ លោក បន្តថា លំហាត់យោធានេះ ក៏មិនបានដាក់ គោលដៅលើប្រទេសណាផងដែរ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ក្រោមកិច្ចប្រឹងប្រែងរបស់ចិន និងសមាជិកអាស៊ាន ស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង មានស្ថិរភាព និងឆ្ពោះទៅរកទិសដៅមួយដ៏ល្អហើយ។ ក៏ប៉ុន្តែអាមេរិក នៅតែបន្តបញ្ជូននាវា និងយន្តហោះចម្បាំងទ្រង់ទ្រាយធំរបស់ខ្លួនមកកាន់ សមុទ្រចិន ខាងត្បូងម្តងហើយម្តងទៀតក្នុងចេតនាបង្ករឿង និងបង្ហាញសាច់ដុំរបស់ខ្លួន ដែលបានធ្វើឲ្យសន្តិសុខ និងស្ថិរភាពក្នុងតំបន់រងការគំរាមកំហែង។
អ្នកនាំពាក្យ ថែមទាំងបានហៅអាមេរិកពេញៗមាត់ថា ជាអ្នកបង្ករឿងធំបំផុត ដែលជំរុញឲ្យមានយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូអ ហើយបានដើរផ្ទុយនឹងសេចក្តីប្រាថ្នា និងកិច្ចប្រឹងប្រែងក្នុងការកសាងសន្តិភាពរបស់ប្រទេសក្នុងតំបន់។ ចិន សង្ឃឹមថា អាមេរិក នឹងរៀនសូត្រពីកំហុសរបស់ខ្លួន ហើយបញ្ឈប់ប្រតិបត្តិការបង្ករឿងផ្នែកយោធានៅក្នុងសមុទ្រចិនខាងត្បូង ជាពិសេសនោះ បញ្ឈប់ការចោទប្រកាន់ចិន ដោយគ្មានមូលដ្ឋានតទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com