ជាតិ
លោក សុខ សំណាង កាក់កបនឹងការចិញ្ចឹមបង្កងអូស្ដ្រាលី
× សៀមរាប៖ លោក សុខ សំណាង ជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប បានចាប់ផ្តើមសាកល្បងចិញ្ចឹមបង្កងអូស្ដ្រាលី នៅចុងឆ្នាំ២០១៩ ក្រោយពីមើលឃើញវិស័យទេសចរណ៍ដែលលោកពឹងអាស្រ័យផលមិនសូវមានសញ្ញាល្អ។ ក្រោយសាកល្បងមួយរយៈ លោក សំណាង ចាប់ផ្តើមពង្រីកការចិញ្ចឹមបង្កងអូស្ដ្រាលី ហើយបច្ចុប្បន្នលោកក្លាយជាគ្រូបង្គោលបណ្ដុះបណ្ដាលវគ្គសិក្សាខ្លីជំនាញចិញ្ចឹមបង្កងនេះ។ សម្រាប់កសិកររូបនេះ ការចិញ្ចឹមបង្កងមានភាពងាយស្រួល ហើយជារបរដែលស្ងៀមស្ងាត់តែរកចំណូលបានខ្ពស់។
ដ្បិតថា ការចិញ្ចឹមបង្កង ហាក់មានការពេញនិយម នាពេលបច្ចុប្បន្នបែបណាក្ដី តែរបរនេះ មិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅឡើយ។ ពលរដ្ឋខ្មែរមួយចំនួន ដែលមានជីវភាពសមរម្យ បានសាកល្បងចិញ្ចឹមបង្កងនេះ តែជាការកម្សាន្ត លម្អ និងខ្លះទៀត ដើម្បីហូបក្នុងគ្រួសារ ឬចិញ្ចឹមសម្រាប់ចែកចាយមេពូជតែប៉ុណ្ណោះ។
លោក សុខ សំណាង ដែលជាអ្នកចិញ្ចឹមបង្កងអូស្ដ្រាលីមួយរូប យល់ថា ពលរដ្ឋខ្មែរគួរចាប់អារម្មណ៍របរមួយនេះ ដើម្បីផ្គត់ផ្គង់បង្កងសាច់ ដែលកំពុងមានតម្រូវការទីផ្សារ។ លោកយល់ថា របរនេះមានភាពងាយស្រួល មិនចំណាយពេលច្រើនដើម្បីថែទាំ និងមានពេលវេលាសម្រាប់ធ្វើការអ្វីផ្សេង។ ធ្លាប់សិក្សាជំនាញការចិញ្ចឹមបង្កងនៅប្រទេសអូស្ដ្រាលី លោក សំណាង ប្រាប់ថា ការចិញ្ចឹមបង្កងគឺប្រើពេលចន្លោងពី៦ខែទៅ៩ខែ ឬលើសពីនេះ និងអាចមានទម្ងន់ពី៦០ក្រាម ទៅជាង១០០ក្រាម។ ចំណែកចំណីរបស់វា បង្កងស៊ីទាំងសត្វ និងរុក្ខជាតិ ដូចជាកំប្លោក សារ៉ាយ កញ្ឆែត ស្លឹករុក្ខជាតិ និងផ្លែឈើមួយចំនួន ដែលអាចរកជុំវិញផ្ទះបាន។ អ្នកចិញ្ចឹមក៏អាចទិញចំណីស្រាប់ ដែលមានលក់លើទីផ្សារបានផងដែរ។
តាមការសិក្សារបស់លោក សំណាង មេបង្កងមួយក្បាល អាចញាស់កូនបានពី៣០០ ទៅ៨០០កូន តាមមេតូចមេធំ។ លោកបន្ថែមថា កូនបង្កងក្រោយញាស់រយៈពេលពី៣ ទៅ៦សប្ដាហ៍ អាចលក់ជាមេពូជបាន ដែលទីផ្សារបច្ចុប្បន្ន មួយក្បាលតម្លៃពី១ពាន់ ទៅ២ពាន់រៀល។
ដោយមើលឃើញថា បង្កងអូស្ដ្រាលី មានតម្រូវ និងទីផ្សារល្អ លោក សំណាង លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ងាកមកសាកល្បងចិញ្ចឹម ដែលជំហានដំបូងចិញ្ចឹមជាលក្ខណៈគ្រួសារ។ លោកយល់ថា ការចិញ្ចឹមបង្កងសព្វថ្ងៃ ភាគច្រើនចិញ្ចឹមដើម្បីចែកចាយមេពូជ ដូច្នេះហើយទើបធ្វើឱ្យតម្លៃបង្កងថ្លៃ។ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ចិញ្ចឹមបង្កងឱ្យកាន់តែច្រើន និងក្លាយជាទីផ្សារសាច់ទូលំទូលាយដូចសាច់គោ សាច់ជ្រូកជាដើម ដើម្បីឱ្យពលរដ្ឋខ្មែរគ្រប់រូបមានលទ្ធភាពហូបបង្កង ដូចត្រីសាច់ដទៃទៀតដែរ៕
Tag:
បង្កងអូស្ដ្រាលី
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com