ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឃុ​ត ចក់ បារម្ភ​ពី​ការ​អស់អ្នក​បន្តវេន​ធ្វើ​ធ្មេញ​ត្បាញ​កន្ទេលកក់​ខ្មែរ​
12, Jul 2020 , 9:29 pm        
រូបភាព
​កណ្ដាល​៖ មាន​វ័យ​៧១​ឆ្នាំ លោក ឃុ​ត ចក់ ដែលមាន​ជំនាញ​ធ្វើ​ធ្មេញឈើ​ត្បាញកន្ទេល​ខ្មែរ កំពុង​ព្រួយបារម្ភ ខ្លាច​មិនមាន​អ្នក​បន្តវេន ព្រោះ​យុវជន​ងាក​ទៅធ្វើ​ការងារ​ផ្សេងៗ​។ បើទោះបីជា​រកប្រាក់​មិនសូវ​បាន​ក៏ពិតមែន ប៉ុន្តែ​ជំនាញ​ធ្វើ​ធ្មេញ​តម្បាញ​នេះ បាន​ជួយ​អ្នកភូមិ​ជាច្រើន​គ្រួសារ ក្នុង​ឃុំ​ពៀម​ឧក​ញ្ញា​អុង ឱ្យ​អាច​ត្បាញកន្ទេល​ខ្មែរ​លក់​ចិញ្ចឹម​ជីវី​ត​។ មាន​វ័យ​កាន់តែ​ចាស់​ទៅហើយ លោក ឃុ​ត ចក់ ពិតជា​ចង់​ចែករំលែក​ចំណេះ​ជំនាញ​របស់ខ្លួន ទៅ​យុវជន​ដោយ​មិន​គិតថ្លៃ​។​



តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន​៖



 
​អង្គុយ​លើ​គ្រែ​រនាបឫស្សី ពាក់អាវ​ពណ៌​សក​មូល នា​ម៉ោង​ប្រមាណ​១១​ព្រឹក លោក ឃុ​ត ចក់ កំពុង​ធ្វើ​ធ្មេញ​ត្បាញកន្ទេល​កក់មូល​ខ្មែរ​។ មាន​អាយុ​៧១​ឆ្នាំ លោក ឃុ​ត ចក់ ពិតជា​ព្រួយបារម្ភ​ខ្លាំង​ខ្លាច​មិនមាន​អ្នក​បន្តវេន​ចំណេះ​នេះ​៖«​ស្រុក​ហ្នឹង​មិនបាន​ស្ទូង​ពិតមែន ក៏​ទៅ​ទិញ​កក់​គេ​យកមក​ត្បាញ​ដែរ​។ ប៉ុន្តែ​ដំណើរ​ធ្វើ​សាច់​ធ្មេញ​មិនមាន​អ្នកណា​ធ្វើ​ទេ ទោះបីថា​រៀនមាន​គ្រូ ក៏​ពិបាក​រៀន​ដែរ​។ បាន​ថា​វា​លំបាក​រៀន ព្រោះ​បើ​គ្រឿង​ជាង​ផ្ទះ ស្រណុក​រៀន​ទេ ព្រោះ​ជា​គ្រឿង​ធំ​។ ប៉ុន្តែ​អានេះ​គ្រឿង​ល្អិត បើ​ចង់​ចេះ ទាល់តែ​អ្នកនោះ​តាំងចិត្ត​ឱ្យ​ធ្ងន់ តែបើ​ចិត្ត​ស្រាល ឆេវឆាវ​ទៅ​មិន​រួច​ទេ​»​។​
 
​រស់នៅក្នុង​ភូមិ​ព្រែកតាអុងទី​១ ឃុំ​ពាម​ឧ​កញ្ញា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល បុរស​សម្បុរ​ស្រអែម​មុខ​ជ្រួញ ថ្ពាល់ផត​រូបនេះ មិនអាច​ធ្វើ​ធ្មេញ​ត្បាញ​ទាន់​ឱ្យ​អតិថិជន​ឡើយ ត្បិត​អី​មានតែ​គាត់​ម្នាក់​ប៉ុណ្ណោះ ដែល​ចេះ​ជំនាញ​នេះ​៖«​ដល់​រដូវ​ត្បាញ សព្វថ្ងៃ​ខ្ញុំ​ធ្វើ​ម្នាក់ឯង ធ្វើ​មិនទាន់​ទេ​។ មួយថ្ងៃ​ជួនកាល​គេ​យកមក​ឱ្យធ្វើ​២​នាក់​ក៏មាន ៣​នាក់​ក៏មាន​។ ដល់​ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ហើយ ភ្នែក​ក៏​អន់ កម្លាំង​ក៏​កាន់តែ​ថយ ធ្វើ​មិនលឿន​ដូច​កាលពី​ក្មេង​ទេ​។ ៤​ថ្ងៃ​ទៅ​៥​ថ្ងៃ ទើប​ធ្វើ​ហើយ​១ ទាំង​ឈូស​គ្រប ទាំង​រៀប​ឫស្សី ទាំង​អារ ទាំង​បិទ​ពុម្ព ទាំងអស់​»​។​
 
​ទោះជា​យ៉ាងណា នៅក្នុង​ខែកក្កដា​នេះ មិនមែនជា​ខែ​ដែល​លោក​រវល់​ខ្លាំង​ឡើយ​៖«​អ្នក​មក​ធ្វើ​ច្រើន​នៅ​ខែ​ទឹក​ឡើង ព្រោះថា​យើង​ប្រមូល​ផល​រួច​ទឹក​ចូល​បឹង ហើយ​គេ​ជ្រលក់​កក់​ត្បាញ​។ ខ្លះ​គេ​មាន​ធ្មេញ​ស្រាប់ ខ្លះ​គេ​មិនមាន​ធ្មេញ គេ​មករក​ខ្ញុំ​ធ្វើ​។ អ្នកខ្លះ​គាស់​ធ្មេញចាស់​ហ្នឹង​ចេញ​ធ្វើ​អា​ថ្មី ដូច្នេះ​ខ្ញុំ​ធ្វើ​មិនទាន់​។ ពីមុន​មាន​អ្នកធ្វើ​៣​នាក់ នៅក្នុង​ភូមិ​នេះ តែ​ឥឡូវ​គាត់​ស្លាប់​អស់​ទៅហើយ​»​។​
 
​ចង់ឱ្យ​កូន​បន្តវេន​ដែរ ប៉ុន្តែ​ពួកគេ​មិន​ចង់​ធ្វើ ដូច្នេះ​ឪពុក​រូបនេះ​មិនអាច​បង្ខំ​កូន​បានឡើយ​៖«​សព្វថ្ងៃនេះ​មានតែ​ខ្ញុំ​ម្នាក់​ទេ​ដែល​ធ្វើ​។ កូន​របស់ខ្ញុំ​ចេះ​ធ្វើ​ដែរ ប៉ុន្តែ​គេ​មានគ្រួសារ គេ​មិន​យក​អានេះ​ជា​មុខរបរ​ទេ​។ គេ​ថា ត្រូវ​ចាយ​ពេល ៣​ទៅ​៤​ថ្ងៃ​ទើប​ធ្វើ​ហើយ​មួយ គេ​រក​មិនទាន់​មាត់​។ បើ​គេ​មាន​គ្រប​ចាស់​ស្រាប់ ក្នុង​១​ម៉ែត្រ​ខ្ញុំ​យក​៧​ម៉ឺន​រៀល បើ​ធ្វើ​ថ្មី​ទាំងស្រុង​តម្លៃ​១០​ម៉ឺន​រៀល​។ សព្វថ្ងៃនេះ​តម្លៃ​១០​ម៉ឺន​រៀល​ក៏​មិនសូវ​ចំណេញ​ដែរ ព្រោះ​ឈើ​ក៏​ឡើង​ថ្ងៃ​»​។​
 
​អង្គុយ​សម្លឹងមើល​ទៅលើ​គ្រែ ដែល​ពោរពេញ​ទៅដោយ​គ្រឿង​ធ្វើ​ធ្មេញ​តម្បាញ បុរស​ចំណាស់​សម្តី​មួយៗ​ច្បាស់ៗ ឃុ​ត ចក់ ពិតជា​ចង់​ចែករំលែក​ចំណេះ​ជំនាញ​របស់ខ្លួន ទៅកាន់​យុវជន​៖«​ក្នុង​ចិត្ត​របស់ខ្ញុំ បើសិនជា​អត់​ពី​ខ្ញុំ​ទៅ តើ​បាន​អ្នកណា​គេ​បន្តទៀត​? បើសិនជា​អ្នកណា​គេ​ចង់​ធ្វើ ខ្ញុំ​មិន​លាក់​ចំណេះ​ទេ​។ បើ​គេ​ចង់​រៀន ឱ្យគេ​យក​ឧបករណ៍​មក​រៀន​ចុះ គេ​មក​រៀន​យកចំណេះ​ខ្លួនគេ​ទៅ ខ្ញុំ​មិន​បង្រៀន​យកប្រាក់​ខែ ឬ​ប្រាក់​ថ្ងៃ​អ្វី​ទេ​។ ប៉ុន្តែ​មិនមាន​អ្នកណា​មក​រៀន​»​។​
 
​មាន​ទេពកោសល្យ និង​ចំ​ណុង​ចំណូលចិត្ត​តាំងតែ​ពី​ក្មេង បុរស​មាន​ស្រុកកំណើត​ក្នុង​ខេត្តកណ្ដាល​រូបនេះ ខំ​ស្វែងយល់​ដោយ​ខ្លួនឯង​ពី​របៀប​ធ្វើ​ធ្មេញ​តម្បាញ​៖«​ខ្ញុំ​ស្រឡាញ់​អាជីព​នេះ​តាំងតែ​ពី​ក្មេង​។ ខ្ញុំ​រៀន​ធ្វើ​តាំងពី​អាយុ​២១​ឆ្នាំ​។ ខ្ញុំ​គាស់​គ្រប គាស់​ធ្មេញ ខ្ញុំ​រៀន​មើល​តែ​របស់គេ​ចាស់ ខ្ញុំ​រៀន​មិនមាន​គ្រូ​ទេ​។ ធ្មេញ​យើង​ត្បាញ​ជាលា​ត យើង​សង្កត់​ដៃ ចាក់​មួយ​សរសៃ បន្ទាប់មក​យើង​សង្កត់ ហើយ​ផ្ងារ​។ ដល់​ធ្មេញ​ផ្កាប់ ខ្សែ​ចេស​ចុះក្រោម ឆ្កឹះ​វា​ឡើងមក​វិញ រួច​ចាក់ឱ្យ​ផ្ទាត់ ទម្រាំ​បាន​មួយ​សរសៃៗ ចាយ​ពេល​យូរ ដូច្នេះ​ជាង​មួយ​សប្ដាហ៍​ទើប​ធ្វើបាន​កន្ទេល​មួយ​។ ខ្ញុំ​នឹក​ឃើញថា ប្រសិនបើ​បេះ​ជា​គោម​ត្រឡប់​ទៅវិញ ប្រហែលជា​ស្រួល​ជាង ដូច្នេះ​ខ្ញុំ​ក៏​ធ្វើជា​គោម​ទៅ​»​។ 
 
​ទោះជា​យ៉ាងណា ការធ្វើ​ធ្មេញ​តម្បាញ​មាន​២​ករណី គឺ​ធ្វើ​ថ្មី​ទាំងស្រុង និង​គ្រាន់តែ​ជួសជុល​៖«​ធ្មេញ​យើង​ធ្វើ​តែម្ដង កាលណា​សឹក​ធ្មេញ បានន័យថា​ត្បាញ​មិនសូវ​កើត យើង​យកមក​គាស់​ធ្មេញចាស់​ចេញ មេ​នៅ​ដដែល យើង​គ្រាន់តែ​ធ្វើ​ធ្មេញ​ឫស្សី​ទេ​។ បើ​យើង​ត្បាញ​លាត អានេះ​(​ធ្មេញ​ឫស្សី​)​មិនមាន​ឆែក​ទេ គឺមាន​តែ​មូលៗ​ទាំងអស់​។ បើ​យើង​ចង់​អន្ទង យើង​លស់​វា​ធម្មតា អា​ធ្មេញ​លាត​ក៏​ធ្វើ​ដូចគ្នា​អ៊ីចឹង​ណា​។ បើ​ធ្មេញ​គោម គេ​សម្រូត​ចុះក្រោម មាន​ខ្នាត គេ​អាវាស់ ទើប​គេ​ច្រៀក​នៅក្នុង​នោះ ពេល​បាន​មួយ​ចំហៀង ទើប​យើង​ប្រែ​មួយ​ចំហៀង​ទៀត​»​។​
 
​សម្រាប់​ឈើ​ដែល​ជ្រើសរើស​យកមក​ធ្វើ​ធ្មេញ​តម្បាញ ត្រូវ​បានកំណត់​ច្បាស់លាស់​៖«​គេ​ធ្វើ​ធ្មេញ​ពី​ឈើ​ខ្លុង​ត្បែង និង​ឈើទាល​។ បើ​ឈើ​ផ្ដៀក វា​ស្រាល ចំណែក​ឈើ​ត្រាច និង​ឈើ​សុ​ក្រំ ធ្ងន់​ប្រហែល​គ្នា​។ គេ​ត្រូវ​ការធ្វើ​ឈើ​ធ្ងន់​ល្អ​ជាង កាលណា​យើង​ដំ​ទៅ​វា​ហាប់​។ បើ​ឈើ​ស្រាល​កាលណា​យើង​ដំ វា​លោត​ទៅវិញ សាច់​កន្ទេល​វា​មិន​ហាប់​ទេ​»​។​
 
​មិនមែន​ចេះ​ត្រឹមតែ​ធ្វើ​ធ្មេញ​តម្បាញ​ពុម្ព​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុរស​វ័យ​ជ្រេ​រូបនេះ ចេះ​ធ្វើ​ធ្មេញ​តម្បាញ​ប៉ែក​អាស៊ី​និង​អ៊ឺរ៉ុប​ជាច្រើន​ទៀត​។ លោក ឃុ​ត ចក់ រៀបរាប់​ដោយ​លើ​ឈើ​ពុម្ព ប្រវែង​ប្រហែល​កន្លះ​ម៉ែ​ត្រមក បង្ហាញ​ខ្ញុំ​ផង​៖«​អានេះ​ពុម្ព​ខ្មែរ អានេះ​ពុម្ព​អាមេរិកកាំង អានេះ​ពុម្ព​ខ្មែរ អានេះ​ពុម្ព​បារាំង អានេះ​ជប៉ុន អានេះ​ក៏​ជប៉ុន អានេះ​ពុម្ព​ខ្មែរ អា​មួយ​នេះ​ធំជាងគេ ពុម្ព​បារាំង​ផង អ៊ឺរ៉ុប​ផង ជប៉ុន​ផង ខ្មែរ​ផង​។ អា​មួយ​នេះ ជប៉ុន​ដែរ មាន​មេ​កូន​ទៅទៀត គឺ​វា​មាន​ម៉ូត​ច្រើន​»៕   
 
 

Tag:
 ធ្មេញឈើ​
 ​ត្បាញកន្ទេល​
 ​បារម្ភ​
 ​កក់​
 
© រក្សាសិទ្ធិដោយ thmeythmey.com