សង្គមអន្តរជាតិ
អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីមីយ៉ាន់ម៉ា ណែនាំមន្ត្រីរៀបចំការបោះឆ្នោតអនុវត្តការងារឲ្យត្រឹមត្រូវ ជៀសវាងបំពានអំណាច និងពុករលួយ ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ។ រូបភាពពីវិមានប្រធានាធិបតីមីយ៉ាន់ម៉ា
×
ប្រមុខដឹកនាំកំពូលមីយ៉ាន់ម៉ា លោក Win Myint បានណែនាំឲ្យភាគីពាក់ព័ន្ធចូលរួមបង្កើតការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខដ៏ខ្លីនេះប្រកបដោយសេរី និងតម្លាភាព។ លោក បានជំរុញឲ្យមន្ត្រីរៀបចំការបោះឆ្នោតទាំងអស់ធានាឲ្យបាននូវសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតសម្រាប់អ្នក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
តាមរយៈសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីមីយ៉ាន់ម៉ាចុះថ្ងៃ១០ កក្កដា លោក Win Myint បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់រួមមានទាំងប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត រដ្ឋមន្ត្រីពាក់ព័ន្ធ អង្គភាពយុត្តិធម៌ និងជាពិសេសនោះមន្ត្រីរៀបចំការបោះឆ្នោតត្រូវអនុវត្តការងារប្រកបដោយតម្លាភាព និងដាក់ចិត្តឲ្យបានមុតមាំក្នុងដំណើរការបោះឆ្នោតខាងមុនេះ។
តាមការចុះផ្សាយរបស់គេហទំព័រផ្លូវការមីយ៉ាន់ម៉ា លោកប្រធានាធិបតី បានគូសបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែធានាឲ្យបានភាពត្រឹមត្រូវសម្រាប់ការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្សឆ្នាំ២០២០ ដ្បិតនេះ ក៏ជាការតាំងចិត្តរបស់រដ្ឋាភិបាលដឹកនាំដោយបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលមានគោលដៅអភិវឌ្ឍន៍មីយ៉ាន់ម៉ាឲ្យក្លាយជាប្រទេសប្រជាធិបតេយ្យមួយ។
ជាមួយនឹងការណែនាំនេះ លោកប្រធានាធិបតី ក៏បានព្រមានចាត់វិធានផ្នែកច្បាប់ចំពោះអ្នកដែលមានចេតនាបំពាននឹងគោលការណ៍បោះឆ្នោតដូចគ្នា។ លោក សង្កត់ធ្ងន់ថា ជនទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសដូចជាហាមឃាត់ពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត, គំរាមកំហែង, បំពានអំណាច, លួចបន្លំ, ពុករលួយ និងស៊ីសំណូក និងរើសអើងជាដើមនោះ នឹងត្រូវប្រឈមមុខនឹងច្បាប់ជាក់ជាពុំខាន។
គួរជម្រាបបន្តិចថា បើមិនមានការប្រែប្រួលនោះ រដ្ឋអាស៊ាន ដែលលេចឈ្មោះខ្លាំងដោយសារវិបត្តិជនភៀសខ្លួនរ៉ាំរ៉ៃនោះ នឹងមានការបោះឆ្នោតសកលនៅខែវិច្ឆិកាខាងមុខនេះហើយ។ មកទល់ពេលនេះ មានគណបក្សនយោបាយចំនួន ៩៧ហើយ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងមណ្ឌលបោះឆ្នោតសរុបទាំអស់ ៣៣០ មណ្ឌល។ នេះ គឺជាការបោះឆ្នោតបែបប្រជាធិបតេយ្យលើកទី២ហើយសម្រាប់មីយ៉ាន់ម៉ា ក្នុងរយៈពេល ៥ ទសវត្សរ៍ចុងក្រោយមកនេះ។
បច្ចុប្បន្ន បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាប្រធាន គឺជាបក្សកាន់អំណាច។ សម្រាប់បក្សកាន់អំណាចស៊ីវិលមួយនេះ ទោះក្នុងអាណត្តិដឹកនាំលើកដំបូងរបស់ខ្លួនមិនទាន់អាចសម្រេចបានសមិទ្ធផលដូចការបោះឆ្នោតក៏ដោយ ក៏បក្សនេះ នៅតែរំពឹងថានឹងទទួលបានការគាំទ្រច្រើនលើសលប់សម្រាប់ការដឹកនាំអភិវឌ្ឍន៍មីយ៉ាន់ម៉ាបន្តទៀត៕
Tag:
មីយ៉ាន់ម៉ា
បោះឆ្នោត
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com