ជាតិ
ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ ចំពោះ​ការទិញ​-​លក់​ផ្កា​កេសរ​កូ​ល​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ​
12, Jul 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ហាម​ការទិញ​-​លក់ ការដឹកជញ្ជូន និង ការប្រមូល ប្រភេទ​កេសរ​កូ​ល​ព្រៃ (​ផ្កាអ័រគីដេ​) នៅក្នុង​តំបន់ការពារធម្មជាតិ​។ ក្រសួង​ចាត់ទុក សកម្មភាព​ប្រមូល ឬ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ​ពី​តំបន់ការពារធម្មជាតិ គឺជា​អំពើ​ខុសច្បាប់ ដែល​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១១​ខែកក្កដា​។ 



​សេចក្ដីជូនដំណឹង​ដដែល បញ្ជាក់ថា ជនខិលខូច​មួយចំនួន បាន​បំផុស​ព័ត៌មាន​នៅក្នុង​បណ្ដាញ​សង្គម​អំពី​តម្លៃ​កេសរ​កូ​ល​ព្រៃ ដែលជា​កត្តា​ជំរុញ​ឲ្យ​មានការ​ប្រមូល​កេសរ​ព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​យ៉ាង​អនាធិបតេយ្យ​។ ការជួញដូរ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រភេទ​កេសរ​កូ​ល​ព្រៃ និង​អាច​ឈានដល់​ការ​ផុត​ពូជ​ទាំងស្រុង​នូវ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​មួយចំនួន​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន មាន​កេសរ​កូ​ល  ជាង​១៥០​ប្រភេទ និង​មាន​ជាង ៣​ពាន់​ដើម ដោយ​ក្នុងនោះ មាន​កេស​គោល ៣​ប្រភេទ ដែលជា​ប្រភេទ​បង្កាត់​ពូជ​នាំចូល​ពី​ប្រទេស​សិង្ហ​បុរី​៕ 

Tag:
 កេសរ​កូ​ល
© រក្សាសិទ្ធិដោយ thmeythmey.com