សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកការទូត​អាមេរិក​៖ ទំនាក់ទំនង​អាមេរិក​-​វៀតណាម​បច្ចុប្បន្ន មាន​ភាពរឹងមាំ​ខ្លាំង​ជាង​ពេលណា​ទាំងអស់​
12, Jul 2020 , 8:29 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម Daniel Kritenbrink ។ រូបភាព VNA
អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម Daniel Kritenbrink ។ រូបភាព VNA
ដោយ:
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​វៀតណាម លោក Daniel Kritenbrink បាន​វាយតម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​អាមេរិក និង​វៀតណាម​។ អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​រូបនេះ បាន​មើលឃើញ​ពី​ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស​រវាង​ប្រទេស​ទាំងពីរ ក្នុង​ការកសាង​ភាពជា​ដៃគូ និង​មិត្តភាព​ក្នុង​កម្រិត​កំពូល​មួយ​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ក្នុង​ខួប​លើក​ទី​២៥ នៃ​ចំណងមិត្តភាព​អាមេរិក​-​វៀតណាម លោក Daniel Kritenbrink នៅ​ថ្ងៃទី​១០ កក្កដា បាន​លើកឡើងថា បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការហៅ​គ្នា​ទៅវិញទៅមក​ថា ជា​មិត្ត និង​ដៃគូ​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News​។​
 
​នាឱកាស​ដដែល​នោះ លោក​អគ្គរដ្ឋទូត បាន​ពណ៌នា​ថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ​គឺជា​ទំនាក់ទំនង​វិសាមញ្ញ​មួយ​។ លោក ហ៊ាន​និយាយថា ប្រទេស​ទាំងពីរ បាន​កសាង​ភាពជា​ដៃគូ និង​មិត្តភាព​យ៉ាង រហ័ស និង​ជោគជ័យ ដែល​ចំណុច​នេះ លោក អះអាងថា គឺជា​ដ៏​គួរ​ឲ្យ​មោទកភាព​សម្រាប់​ប្រទេស​ទាំងពីរ ផងដែរ​។​
 
​មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ បាន​រម្លឹក​ពី​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​កាលពី​២៥​ឆ្នាំមុន​។ ពោល​គឺជា​ពេលដែល​ប្រទេស​ទាំងពីរ​ចាប់​ផ្តើមកសាង​ទំនាក់ទំនង​ការទូត​ជាថ្មី​ឡើងវិញ និង​ជា​ពេលដែល​អាមេរិក និង​វៀតណាម ដាក់ចិត្ត​ចាប់ដៃគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ទុក​រឿង​សង្គ្រាម​ប្រវត្តិសាស្ត្រ​គូសត្រូវ ជាមួយគ្នា​នៅ​មួយ​ឡែក​។​
 
​ខណៈ​អះអាង​ជាថ្មី​ពី​ការបន្ត​ទទួលខុសត្រូវ​លើ​កម្អែល​សង្គ្រាម​ប្រវត្តិសាស្ត្រ​ដែល​អាមេរិក​បាន​បង្ក​ក្នុង​ទឹកដី​វៀតណាម លោក ក៏បាន​បញ្ជាក់​ពី​គោលជំហ​មិន​ងាករេ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​បង្កើត​ទំនុកចិត្ត​រវាង​អាមេរិក និង​វៀតណាម ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រកបដោយ​តម្លាភាព សេរី និង​តុល្យភាព​។ វិស័យ​ការពារ និង​សន្តិសុខ ក៏ត្រូវ​រាប់បញ្ចូល​ជា​ការងារ​អាទិភាព​សម្រាប់​ប្រទេស​ទាំងពីរ​ផងដែរ​៕ 

Tag:
 អាមេរិក​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com