ជាតិ
ទេសចរ​ខ្មែរ​កាន់តែច្រើន ជួល​មគ្គុទ្ទេសក៍​ទេសចរណ៍ ពេល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​
13, Jul 2020 , 9:29 am        
រូបភាព
​សៀមរាប​៖ វិបត្តិ​កូ​វីដ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​មគ្គុទ្ទេសក៍​ទេសចរណ៍ រាប់ពាន់នាក់​។ ក្នុង​កាលៈទេសៈ​នេះ មគ្គុទ្ទេសក៍​មួយចំនួន បាន​ងាក​ទៅ​ប្រក​បរបរ​ផ្សេង ដើម្បី​ដោះស្រាយ​ជីវភាព ខ្លះ​ក៏​បន្ត​អាជីព​នេះ ដោយ​ឱកាស​លើ​ទេសចរ​ជនជាតិខ្មែរ​។​

 
​លោក ឆាយ ឈៀ​ត ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស ប្រចាំ​ប្រាសាទអង្គរវត្ត​។ ពីមុន មានតែ​ទេសចរ​បរទេស​ប៉ុណ្ណោះ ដែល​ជួល​សេវាកម្ម​មគ្គុទ្ទេសក៍​រប​ស់លោក ឆាយ ឈៀ​ត ពេល​ពួកគេ​ចង់ដឹង​រឿងរ៉ាវ​នានា​ក្នុង​ប្រាសាទអង្គរវត្ត​។ តែ​បច្ចុប្បន្ននេះ ទេសចរ​ក្នុងស្រុក ក៏​ចង់ដឹង​ប្រវត្តិ​ប្រា​សា ទ នេះដែរ​។​
 
​កំពុង​អង្គុយ​នៅក្រោម​ម្លប់​ដើមឈើ​ចំណាស់ មុខ​ប្រាសាទអង្គរវត្ត លោក ឆាយ ឈៀ​ត ប្រាប់ថា ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែលមាន​ជីវភាព​សមរម្យ ជួល​សេវាកម្ម​លោក ដើម្បី​បកស្រាយ​ប្រវត្តិសាស្ដ្រ​នានា ទាក់ទង​នឹង​អង្គរវត្ត​។ លោក​ប្រាប់ថា ថ្ងៃ​ខ្លះ​លោក​អាច​នាំ​ភ្ញៀវ​បាន​២ ទៅ​៣​ក្រុម នៅ​ថ្ងៃ​ធម្មតា និង​៤ ទៅ​៥​ក្រុម នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​ក្នុង​មួយក្រុម លោក​អាច​រកបាន​១០​ដុល្លារ បើ​ធៀប​នឹង​ដើរ​ភ្ញៀវ​បរទេស ដែល​លោក​ធ្លាប់​ជូន​បាន ១៥​ដុល្លារ​។​
 
​លោក ឆាយ ឈៀ​ត មើលឃើញថា ភ្ញៀវទេសចរ​ជាតិ​មួយចំនួន បានបង្ហាញ​ការចង់​ដឹង​ប្រវត្តិ​ប្រា សាទ ដែល​ពីមុន​មានតែ​ទេសចរ​បរទេស​ប៉ុណ្ណោះ​។ មគ្គុទ្ទេសក៍​រូបនេះ​ប្រាប់ថា​៖« ខ្មែរ​មក​ប្រាសាទ គួរតែមាន​មគ្គុទ្ទេសក៍ ព្រោះ​ខ្លះ​ដើរ​មើល​ច្រើនដង តែ​អត់​ដឹង​សូម្បី​ព្រះរាជា​ដែល​កសាង​ប្រាសាទ​នោះ គួរតែ​ស្វែងយល់​ប្រវត្តិសាស្ដ្រ​ឱ្យ​ច្រើន ព្រោះ​ជា​ប្រាសាទ​យើង​»៕
 
 

Tag:
 អង្គរវត្ត​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com