របរ​ត្បាញ​កន្ទេលកក់ ជួយ​អ្នកស្រី រុន នាង ឲ្យ​មានលទ្ធភាព​ទិញ​ដី ធ្វើ​ផ្ទះ និង ចិញ្ចឹម​កូន​៥​នាក់
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរ​ត្បាញ​កន្ទេលកក់ ជួយ​អ្នកស្រី រុន នាង ឲ្យ​មានលទ្ធភាព​ទិញ​ដី ធ្វើ​ផ្ទះ និង ចិញ្ចឹម​កូន​៥​នាក់
12, Jul 2020 , 10:59 pm        
រូបភាព
​កណ្ដាល​៖ របរ​ត្បាញកន្ទេល​កក់មូល បាន​ជួយ​អ្នកស្រី រុន នាង រកប្រាក់​ទិញ​ដី ធ្វើ​ផ្ទះ និង​ចិញ្ចឹម​កូន​បាន​ដោយ​ស្រួល​។ មិនមែន​ថា​របរ​នេះ មិន​ហត់ ឬ​មិន​ប្រើ​កម្លាំង​នោះទេ ប៉ុន្តែ​គ្រាន់តែ​ថា​របរ​នេះ​ចាយ​ដើមទុន​តិច ហើយ​ក្នុង​មួយឆ្នាំ​អាច​ទទួលផល​បាន​ច្រើនដង​។



ដើម្បី​ជ្រាប​ច្បាស់ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​នា​ម៉ោងជាង​១០​ព្រឹក ជា​ពេលវេលា​អ្នកភូមិផង​ទើរ​ឆ្នាំ​ដាំបាយ អ្នកស្រី រុន នាង ដែលមាន​វ័យ​៥៣​ឆ្នាំ ក៏បាន​ផ្អាក​ការងារ​ត្បាញកន្ទេល ដែល​កំពុង​ធ្វើ​ជាមួយ​ក្មួយ​ស្រី ដើម្បី​ឆ្លៀត​មក​ដាំបាយ ទុកឱ្យ​កូន​និង​ប្ដី​មកពី​ធ្វើការ​វិញ​ដែរ​។ ឈរ​នៅ​ខាងក្រោម​ផ្ទះ ដែលមាន​កម្ពស់​ខ្ពស់ជាង​៣​ម៉ែត្រ ក្បែរ​គ្រែ​ជិត​ចង្ក្រាន​បាយ ស្ត្រី​សម្បុរ​ស្រអែម វ័យ​៥៣​ឆ្នាំ រុន នាង ថា​របរ​ត្បាញកន្ទេល​កក់មូល​នេះ ជួយ​ឱ្យ​គាត់​អាច​ទិញ​ដី និង​ធ្វើ​ផ្ទះ​ធំ​ខ្ពស់​បាន​៖«​ខ្ញុំ​ធ្វើ​ផ្ទះ បាន ដោយសារតែ​ខ្ញុំរ​ករបរ​ត្បាញកន្ទេល​កក់​នេះ​។ ខ្ញុំ​ខ្ចីប្រាក់​មីក្រូហិរញ្ញវត្ថុ​អត្ថា​កសិករ ៣​ពាន់​ដុល្លារ ហើយ​ត្បាញកន្ទេល​រំដោះ​ឱ្យគេ​ទៅ​។ ផ្ទះ​នេះ​ធ្វើ​១២​ឆ្នាំ​ហើយ ទទឹង​៧​ម៉ែត្រ បណ្ដោយ​១២​ម៉ែត្រ​។ ត្បាញ​បាន​១០​ហូត​(១០​កន្ទេល​)​បាន​៤០​ម៉ឺន​រៀល បើ​២០​ហូត​បាន​៨០​ម៉ឺន​រៀល ខ្ញុំ​អាច​បង់​ឱ្យគេ​បាន​ម្ដង​»​។​
 
​រស់នៅក្នុង​ភូមិព្រែកតា​​អុង​ទីមួយ ឃុំ​ពាម​ឧ​កញ្ញា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល ស្ត្រី​វ័យ​ចំណាស់​កូន​៥ រូបនេះ មិនដែល​ចុះចាញ់​នឹង​ការនឿយហត់ ដែល​កើតឡើង​ពី​ការប្រឹងប្រែង​ត្បាញកន្ទេល​ឡើយ ដ្បិតអី​អ្នកស្រី​យល់ឃើញថា បើ​មិន​ប្រឹងប្រែង​ដោយ​ខ្លួនឯង នោះ​មិនមាន​អ្នកណា​មកជួយ​គាត់​ឡើយ​៖«​កម្សត់​ណាស់​ទម្រាំ​ង​បាន​ដី​ប៉ុណ្ណោះ ហត់នឿយ​ណាស់​។ ខ្ញុំ​ទិញ​ដី​គេ ជំនាន់​នោះ​តម្លៃ​១,៣៥០​ដុល្លារ​។ កាល​ខ្ញុំ​ទិញ​ដី​ហ្នឹង​អាយុ​របស់ខ្ញុំ​៤៣​ឆ្នាំ ហើយ​ខ្ញុំ​ធ្វើ​ផ្ទះ​អាយុ​៤៤​ឆ្នាំ​។ ទាំង​ទិញ​ដី​និង​ធ្វើ​ផ្ទះ គឺ​ពឹង​លើរ​បរចាក់​កន្ទេល​ទាំងអស់​។ ក្បាលដី​ទទឹង​១២​ម៉ែត្រ បណ្ដោយ​៦០​ម៉ែត្រ ហើយ​កាលនោះ​ខ្ញុំ​ទិញ​គេ​ជំពាក់​ទៀត​។ ខ្ញុំ​ចេះតែ​បង់​រំ​លោះ​បន្តិចៗ​ទៅ​»​។ 
 
​ដោយសារតែ​ខ្លាច​កូនៗ មាន​អារម្មណ៍​ថា​ខ្មាស​គេ​ព្រោះតែ​គ្រួសារ​ក្រ និង​មិន​មានផ្ទះ​ធំ​ដំនឹង​គេ ស្ត្រី​សំដី​ញាប់​ហើយ​ច្បាស់ៗ រុន នាង ត្រូវ​ខំ​ត្បាញកន្ទេល​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បាន​ប្រាក់​ច្រើន យកទៅ​បង់​រំ​លោះ​ប្រាក់​ធនាគារ ដែល​បាន​ខ្ចី​យកមក​ទិញ​ដី និង​ធ្វើ​ផ្ទះ​៖«​មួយថ្ងៃ​ខ្ញុំ​ត្បាញ​បានតែ​មួយ​ហូត​ទេ តែ​បង្ខំ​បង់ប្រាក់​ឱ្យ​ធនាគារ ខ្ញុំ​ត្បាញ​បាន​មួយ​ហូត​កន្លះ ហើយ​ខ្ញុំ​ជួយ​គេ​មួយ​ហូត​។ ខ្ញុំ​ជួយ​គេ​ដំបូង​ឡើយ មួយ​ហូត​តែ​៥​ពាន់​រៀល​ទេ តែ​ចេះតែ​ឡើង​តិចៗ​រហូត​ទៅ ឥឡូវ​មួយ​ហូត​ឱ្យគេ​១​ម៉ឺន​៨​ពាន់​រៀល​។ ខ្ញុំ​ប្រញាប់​ប្រាក់​ទើប​ខ្ញុំ​ជួល​គេ​។ ជួល​គេ​មិនសូវ​ខាត​ទេ បើ​កក់​យើង​មាន​ខ្លួនឯង តែបើ​កក់​យើង​ទិញ​គេ​ទាំងស្រុង មិនបាន​ស៊ី​ទេ​។ ថ្ងៃ​ខ្លះ​ខ្ញុំ​ត្រូវដាក់​អំពូល​ភ្លើង​ត្បាញ​ទាំងយប់​។ ប្អូន​ខ្ញុំ​ថា នាង​អើយ យើង​ត្បាញ​ទាំងយប់​ទៀត​បាន​ទាន់​។ ខ្ញុំ​ត្បាញ​ពី​ម៉ោង​៥​ល្ងាច រហូតដល់​ម៉ោង​៩​យប់​បាន​កន្ទេល​មួយ​ហើយ​»​។​
 
​ខណៈ​កូនប្រសា​ស្រី​កំពុង​ត្បាញកន្ទេល​ជាមួយ​ក្មួយ​ស្រី​បង្កើត នៅ​ខាង​ក្រោមផ្ទះ​ក្បែរ​គ្រែ​ដែរនោះ ស្ត្រី​ដែល​ចាប់រ​បរតពី​ម្ដាយ​និង​ជីដូន​រូបនេះ បញ្ជាក់ថា កាលពី​ប្រមាណ​ជា​២០​ឆ្នាំមុន អ្នកភូមិ​ព្រែកតា​​អុង​ទី​១ ប្រកប​របរ​ត្បាញកន្ទេល​សឹង​គ្រប់​ផ្ទះ​៖«​កាលពី​មិនទាន់មាន​រោងចក្រ គេ​ត្បាញ​សឹង​គ្រប់​ផ្ទះ ព្រោះ​បើ​មិនមាន​មុខរបរ​នេះ គេ​ក៏​គ្មាន​ចំណូល​។ ផ្ទះ​អ្នកខ្លះ​គេ​ធ្វើ​ស្រូវ បើ​ផ្ទះ​របស់ខ្ញុំ គឺ​តាំងពី​ខ្ញុំ​អាយុ​១៧​ឆ្នាំ​។ កាលពី​ជំនាន់​យាយ​របស់ខ្ញុំ គេ​និយាយ​១​ហាប ស្មើរ​នឹង​៦០​គីឡូ​កក់ ហ្នឹង​ភាសា​ចាស់ៗ​ពី​ដើម​»​។​
 
​អ្នកស្រី រុន នាង រំឭក​ពី​តម្លៃ​លក់​កន្ទេល​កាលពី​ប្រមាណ​២០​ឆ្នាំមុន រហូតដល់​តម្លៃ​បច្ចុប្បន្ន​៖«​កន្ទេល​នេះ​ចេញ​យូរហើយ តាំងពី​ខ្ញុំ​នៅ​ក្រមុំ ម្ដាយ​ខ្ញុំ​មិនឱ្យ​ខ្ញុំ​ទៅ​រោងចក្រ​ឯណា​ទេ​។ ពីមុន​តម្លៃ​បានតែ​១​ម៉ឺន​៥​ពាន់​រៀល​ទេ ក្រោយមក​២​ម៉ឺន ហើយ​៣​ម៉ឺន បន្ទាប់មក​៤​ម៉ឺន ឥឡូវ​បាន​៥​ម៉ឺន​៧​ពាន់​រៀល ប៉ុន្តែ​ពេល​កូ​រ៉ូ​ណា​ហ្នឹង​បានតែ​៥​ម៉ឺន​រៀល​ទេ​»​។ 


 
​បែរក្រោយ​ដើរទៅ​មើល​ឆ្នាំ​បាយ ដែល​ដាំ​នៅលើ​ជើងក្រាន​ធ្វើ​ដោយ​ដីឥដ្ឋ ព្រោះ​ភ្លើង​រលត់​ធ្លាក់​កន្ទុយ​អុស​ចុះក្រោម​ខ្លះ ស្ត្រី​កូនប្រុស​៣​រូបនេះ និយាយ​បណ្ដើរ​ហើយ​ដៃ​លើ​កន្ទុយ​អុស​ដាក់​ក្នុង​ជើងក្រាន​បណ្ដើរ ថា​សម្រាប់​អ្នកភូមិ​ខ្លះ​ដែល​មិន​ចង់​រវល់​ច្រើន ឬ​មិនមាន​ជម្រើស គឺ​ត្បាញកន្ទេល​យកទៅលក់​ឱ្យ​កូនចៅ​កាត់​ចិន​នៅក្នុង​ភូមិ​។​
 
​កូ​វីដ​១៩ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​របរ​ត្បាញកន្ទេល​ដែរ តែ​ទោះជា​យ៉ាងណា តម្លៃ​នោះ​មិនបាន​ធ្វើឱ្យ​ស្ត្រី​មាន​ដីស្រែ​ធ្វើ​ស្រូវ​តិចតួច រុន នាង ខាត​ថ្លៃ​ដើមឡើយ​៖«​ទោះ​មាន​កូ​វីដ​១៩ តែ​ឈ្មួញកណ្ដាល​ក៏​នៅតែ​ទិញ​ដែរ គ្រាន់តែ​គេ​ឱ្យ​តម្លៃថោក គេ​ថា​មិនដឹង​យកទៅលក់​ឯណា​។ ចិន​គេ​មាន​លុយ គេ​ទិញ​យកទៅ​ទុក​។ ខ្មែរ​យើង គេ​ហា​ប៉ុណ្ណា យើង​លក់​ឱ្យគេ​ប៉ុណ្ណឹង បើ​មិន​លក់ តើ​បាន​អ្វី​ហូប​។ ធ្លាក់​ថ្លៃ​នៅ​៥​ម៉ឺន​មិន​អី​ទេ អាច​ចិញ្ចឹម​កូន​បាន​»​។​


 
​ព្រោះតែ​ចង់បាន​អង្ករ​ស្រែ​មាន​រសជាតិ​ឆ្ងាញ់ និង​លក់បាន​តម្លៃ​ខ្ពស់ សម្រាប់​អ្នកស្រី រុន នាង ដែលមាន​មុខ​មូល សើច​ស្រស់ ខំ​ឆ្លៀត​យក​កន្ទេល​ទៅ​លក់​នៅ​ខេត្តកំពង់ស្ពឺ​ដោយ​ខ្លួនឯង​ផ្ទាល់​៖«​គេ​អ្នកមាន​ប្រាក់ ១០​កន្ទេល​ទើប​គេ​លក់​ម្ដង ចំពោះ​ខ្ញុំ​បានតែ​២​ហូត​ខ្ញុំ​លក់​ហើយ​។ ជួល​កាល​ខ្ញុំ​យកទៅលក់​នៅឯ​ស្រែ ខ្ញុំ​ទៅ​ដូរ​ស្រូវ​។ ខ្ញុំ​យក​កន្ទេល​តែ​២០​ទៅ បាន​អង្ករ​មកវិញ​ប្រហែល​១០​តៅ ជួនកាល​បាន​១៥​តៅ​។ ខ្ញុំ​ទៅ​ស្រែ​បាន​ប្រាក់​បាន​អង្ករ​។ ខ្ញុំ​ទៅ​កំពង់ស្ពឺ ក្នុងស្រុក​ប​សែត​។ ខ្ញុំ​យកទៅលក់​នៅ​ទីនោះ ព្រោះ​ចង់បាន​អង្ករ​មកវិញ បើ​ទិញ​អង្ករ​គេ​វា​ថ្លៃ​។ យកទៅលក់ កន្ទេល​១ ដូរ​បាន​៥០​គីឡូ​ស្រូវ បើ​កិន​ជា​អង្ករ​បាន​៣​តៅ​ទៅ​៤​តៅ តែបើ​លក់​ឱ្យ​ចិន បាន​អង្ករ​តែ​១​តៅ​ទេ​»​។​


 
​ស្ត្រី​វ័យ​ចំណាស់​ដែលមាន​កូនស្រី​២​នាក់​រូបនេះ រៀបរាប់​ពី​ដំណើរ​លក់​កន្ទេល​កក់មូល​នៅ​ស្រុក​ផ្សេង​ដូច្នេះ​៖«​ខ្ញុំ​ជួល​កង់​បី​ដឹក​ទៅ បើ​ទៅ​២​នាក់​គេ​យក​ម្នាក់​៥​ម៉ឺន​រៀល​។ យកទៅ​ស្រួល​លក់ តែ​ឆ្នាំនេះ​មិនមាន​មនុស្ស​ទៅជា​មួយ​ខ្ញុំ​ទេ​។ ដី​ធ្វើ​ស្រូវ​របស់ខ្ញុំ មានតែ​៤​ទៅ​៥​ប្រាំង​(​ស្រែ​) ទេ មាន​ក្បាល​២០​ម៉ែត្រ បណ្ដោយ​៤០​ម៉ែត្រ ខ្លះ​បណ្ដោយ​១២​ម៉ែត្រ ខ្លះទៀត​បណ្ដោយ​៥០​ម៉ែត្រ​»​។​
 
​ឈរ​ជាប់​ចង្ក្រាន​បាយ ហើយ​ភ្នែក​សម្លឹង​មើលមុខ​របស់​ខ្ញុំ អ្នកស្រី នាង ថា​ផ្ទះ​របស់​អ្នកស្រី​ដែលមាន​ដី​ធ្វើស្រែ​តិចតួច​នោះ ត្រូវ​ខំ​សង្វាត​ត្បាញកន្ទេល​រៀងរាល់ឆ្នាំ​៖«​អ្នកមាន​ដី​ច្រើន​គេ​ធ្វើ​ស្រូវ ខ្ញុំ​មាន​ដី​តិច ខ្ញុំ​ធ្វើ​កក់​ទៅ តែ​៣​ទៅ​៤​ប្រាំង រួច​បាន​១​ឆ្នាំ​។ ១​ប្រាំង ធ្វើបាន​កក់​១​រយ​គីឡូក្រាម ត្បាញ​បាន​កន្ទេល​២៤​បន្ទាត់ ចុះ​មួយឆ្នាំ​បាន​៥​រយ​គីឡូក្រាម គិត​ទៅ​មើលឃើញ​បាន​ប៉ុន្មាន​?»​។​
 
​ព្រោះតែ​យក​ការ​ត្បាញកន្ទេល​ជា​របរ​ស្នូល​សម្រាប់​ចិញ្ចឹមជីវិត ដូច្នេះ​គ្រួសារ​ដែល​ត្បាញកន្ទេល​ត​ជំនាន់​នេះ ត្រូវ​យកចិត្តទុកដាក់​ទៅនឹង​ការដាំ​វត្ថុធាតុដើម​៖ «​កក់​នេះ​សាប​រួចហើយ ទើប​ដក​យកទៅ​ស្ទូង​។ ដី​ស្ទូង​ក្បាល​២០​ម៉ែត្រ បណ្ដោយ​៤០​ម៉ែត្រ ខ្លះ​១​រយ​៣០​ម៉ែត្រ​អ៊ីចឹងទៅ​។ ស្ទូង​ហើយ​តែ​២​ខែ​ទេ បាន​ផល​ហើយ ដាក់​ទឹក​២​ទៅ​៣​ដង​បាន​កាប់​ហើយ​។ ដាក់​ជី​២​ដង ឱ្យ​វា​ឆាប់​លូតលាស់ ឆាប់​បាន​កាប់​។ បើ​យើង​មិន​ដាក់​ជី​ទេ គឺ​មិនឆាប់​ខ្ពស់​ទេ វា​បានតែ​១​ម៉ែត្រ​អី​ទេ​»៕


 
 

Tag:
 កក់មូល​
  កក់​
  របរ​
  ត្បាញ​
  រុន នាង​
  ដី​
  ផ្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com