អន្តរជាតិ
នាវិកអាមេរិក១៧ រងរបួសក្នុងហេតុការណ៍ផ្ទុះឆេះនាវាដឹកឧទ្ធម្ភាគចក្រនៅកាលីហ្វ័រនីញ៉ា នាវា USS Bonhomme Richard កំពុងឆេះនៅឯកំពង់ផែ San Diego រដ្ឋកាលីហ្វ័រនីញ៉ា។ រូបភាព AP
× មនុស្សយ៉ាងហោចណាស់២១នាក់ដោយមានទាំងយោធាផង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយហេតុការណ៍ផ្ទុះឆេះនាវាចម្បាំងមួយគ្រឿងនៅមូលដ្ឋានក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃទី១២ ខែកក្កដា។ ក្រុមមន្ត្រីអាមេរិក កំពុងរកមូលហេតុនាំឲ្យមានហេតុការណ៍ផ្ទុះឆេះនេះ។
នាវា USS Bonhomme Richard ដែលជាប្រភេទនាវាចម្បាំងសម្រាប់គាំទ្រប្រតិបត្តិការឡើងគោក កំពុងស្ថិតនៅកំពង់ផែ San Diego នៃរដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីទទួលការថែទាំនៅពេលដែលហេតុការណ៍ផ្ទុះកើតឡើង។ ផ្សែងខ្មួលខ្មាញ់ត្រូវបានគេមើលឃើញ ហោះចេញពីផ្នែកជាច្រើនរបស់នាវា ខណៈដែលក្រុមសង្គ្រោះប្រើប្រាស់ទូកបាញ់ទឹកដើម្បីគ្រប់គ្រងការរាលដាលរបស់ភ្លើង។
បើតាម Twitter របស់អង្គភាព Naval Surface Forces របស់កងនាវាចរណ៍ប៉ាស៊ីហ្វិក នាវិក១៧នាក់ និងស៊ីវិល៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយរងរបួសស្រាលក្នុងហេតុការណ៍នេះ ខណៈអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ រងជួបបញ្ហារលាកភ្លើង និងឈ្លក់ផ្សែងរផងដែរ។ លោក Colin Stowell ប្រធានអង្គភាពពន្លត់អគ្គិភ័យទីក្រុង San Diego ប្រាប់ទូរទស្សន៍ CNN ថា ភ្លើងអាចឆេះបីបួនថ្ងៃទៀត ហើយភ្លើងទើបឆេះដល់បាតនាវា។
មិនទាន់ការបញ្ជាក់ពីមូលហេតុនាំឲ្យមានការផ្ទុះរហូតដល់នាំឲ្យមានការឆេះឡើយ។ ដោយឡែក លោក Mike Raney អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកប្រចាំទីក្រុង San Diego និយាយថា គ្រាប់ដែលមានលើនាវា ត្រូវបានចាក់សោរអស់ហើយមុនពេលនាវានេះចូលកំពង់ផែដើម្បីការជួសជុលតាមផែនការនោះ។ ចំណែកនាវាបំពាក់មីស៊ីលប្រដេញពីរគ្រឿង USS Fitzgerald និង USS Russell ដែលចតក្បែរនោះ ក៏ត្រូវបានអូសចេញភ្លាមដែរ។
នាវិកចំនួន១៦០នាក់ មានវត្តមានលើនាវានេះមុនពេលផ្ទុះ ខណៈជាទូទៅនាវានេះផ្ទុកមនុស្សជិតមួយពាន់នាក់។ កំពង់ផែ San Diego គឺជាផ្ទះរបស់នាវា USS Bonhomme Richard ដែលជាផ្នែកមួយនៃអង្គភាពទ័ពជើងទឹកប្រចាំតំបន់ប៉ាស៊ីហ្វិក។
USS Bonhomme Richard ដែលដាក់ដំណើរការនៅឆ្នាំ១៩៩៨ ជាប្រភេទនាវាធំជាងគេរបស់កងទ័ពជើងទឹកអាមេរិក តាមក្រោយនាវាដឹកយន្តហោះប៉ុណ្ណោះ។ នាវានេះ មានភារកិច្ចដឹកឧទ្ធម្ភាគចក្ររបស់កងកម្លាំងម៉ារីនអាមេរិក ក៏ដូចជាដឹកជញ្ជូនយោធាទៅច្បាំង៕
Tag:
អាមេរិក
កាលីហ្វ័រនីញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com