កោះកុង៖ អន្ទាក់ចាប់សត្វព្រៃចំនួន៣២,៣២២អន្ទាក់ និងរណាយន្តសម្រាប់អារឈើ១,៩៥៤គ្រឿង នៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ ត្រូវបានមន្ត្រីក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរឹបអូសបានពីព្រានព្រៃក្នុងរយៈពេល១ឆ្នាំកន្លះ គឺពីខែមករា ឆ្នាំ២០១៩ ដល់មិថុនា ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបង្ហាញនាដំណើរទស្សនកិច្ចរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងក្រុមអ្នកសារព័ត៌មាន ទៅកាន់តំបន់ការពារធម្មជាតិជួរភ្នំក្រវាញស្ថិតនៅខេត្តកោះកុង កាលពីថ្ងៃទី៩កក្កដា។
លោក នេត្រ ភក្រា្ត បានបញ្ជាក់ថា ឧបករណ៍សម្រាប់ចាប់សត្វព្រៃនិងកាប់ព្រៃឈើទាំងនេះ ជាការប្រើប្រាស់ឡើងពីសំណាក់ជនទុច្ចរិត ក្នុងគោលបំណងបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកបានបន្តថា ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃនេះ គឺជាក្តីព្រួយបារម្ភមួយចាំបាច់ដែលអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមគ្នាចាត់វិធានការ ក្នុងការគ្រប់គ្រងនិងរឹតបន្តឹងវិធានការលើការប្រើប្រាស់ ឬលក់ដូរឧបករណ៍ទាំងអស់នេះឱ្យបានត្រឹមត្រូវបំផុត។
លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញស្ថិតនៅខេត្តកោះកុង កាលពីថ្ងៃទី៩កក្កដា ឆ្នាំ២០២០។
អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជាបានគ្រប់ពេលវេលា ដោយបង្កការគំរាមកំហែងខ្លាំងដល់ប្រភេទសត្វកម្រ ឬជិតផុតពូជពីផែនដី។ អន្ទាក់ចាប់សត្វព្រៃទាំងនោះ មានអន្ទាក់ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដោយបានបញ្ជាក់ថា អន្ទាក់ប្រភេទនេះនឹងកាន់តែគ្រោះថ្នាក់នៅពេលជនល្មើសប្រើប្រាស់នូវចរន្តអគ្គិសនីតភ្ជាប់ទៅអន្ទាក់ដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។
ដោយឡែក ការកាប់បំផ្លាញព្រៃឈើដោយប្រើប្រាស់នូវរណាយន្ត គឺមានការគំរាមគំហែងដ៏ធំក្នុងការបាត់បង់ទីជម្រសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀតកំពុងរស់នៅ។ ជាពិសេសការបាត់បង់ព្រៃឈឺ ធ្វើឱ្យកម្ពុជាមានភាពប្រឈមខ្លាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក នេត្រ ភក្ត្រា បាននិយាយថា រណាយន្តគឺជាឧបរកណ៍មួយដែលចូលរួមចំណែកបំផ្លិចបំផ្លាញ់ធនធានធម្មជាតិរបស់កម្ពុជាយ៉ាងខ្លាំង ដោយរណាយន្តមួយគ្រឿងមានសមត្ថភាពបំផ្លាញដើមឈើធំៗនៅក្នុងព្រៃ បានរហូត៣ដើមនៅក្នុងមួយថ្ងៃ។
លោកបានបញ្ជាក់ដូច្នេះ៖« ប្រសិនបើក្រុមអ្នកបំផ្លាញព្រៃឈើប្រើប្រាស់រណាយន្ត ដើម្បីអារដើមឈើតូចៗ នោះវានឹងកាន់តែងាយស្រួលក្នុងការបំផ្លាញបន្ថែមទៀត។ អ្វីទាំងអស់នេះ ជាបញ្ហាមួយដែលត្រូវទាមទារឱ្យមានការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសណាដែលបានយករណាយន្តទាំងនេះមកប្រើប្រាស់នៅក្នុងតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជាដោយខុសច្បាប់»។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ដើម្បីអភិរក្ស និងការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃទាំងអស់នៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញនោះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីសម្ព័ន្ធមិត្តសត្វព្រៃ បានដាក់វេនគ្នាចុះល្បាតព្រៃជារៀងរាល់ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វ។ ជាមួយនឹងគ្នានេះ មន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ចាប់សត្វនានា ដើម្បីដោះចេញ និងបំផ្លាញចោលផងដែរ។
ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវម្លាំងឬជំនួយដល់សុខភាពនោះ។ តែផ្ទុយមកវិញ ការបរិភោគសត្វព្រៃ អាចធ្វើឱ្យពរដ្ឋប្រឈមមុខនឹងគ្រោះថ្នាក់ទៅវិញ ដោយសារតែអាចមានមេរោគផ្សេងៗ។ ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ និងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការ បង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើងតាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់។
ចំពោះជនណាដែលនៅបន្តប្រព្រឹត្តិអំពើខុសច្បាប់នៃការបំផ្លាញព្រៃនិងបរបាញ់សត្វព្រៃទៀត នឹងប្រឈមការពិន័យចន្លោះពី១០ម៉ឺនទៅ១លានរៀល។ លើសនេះ នឹងអាចឈានទៅដល់ការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ដែលអាស្រ័យលើទំហំល្មើសដែលមាននៅក្នុងច្បាប់ ស្តីពីការការពារតំបន់ធម្មជាតិ។
ជាមួយគ្នានេះ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃដែលបានធ្វើជាមួយរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០១មក បានបន្តផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វព្រៃពីព្រាន។ ពិសេស ពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភពទឹក ប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោក អេដាដ លេហ្ទឺរ (Eduard Lefter) មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយ បង្ហាញជំហរគាំទ្រជាមួយរាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថានក្នុងកិច្ចគាំពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាកុំឱ្យមានការបាត់បង់បន្តទៀត។
ក្នុងរយៈពេល៦ខែឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអង្គការដៃគូនានា ដោះអន្ទាក់ចាប់សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិនានាទូទាំងប្រទេសកម្ពុជាបានជាង២ម៉ឺនអន្ទាក់ និងរឹបអូសនណាយន្តអារឈើ បាន២៣៦៩គ្រឿង។ ដោយឡែក នៅក្នុងឆ្នាំ២០១៩ មានអន្ទាក់ជាង ៤ ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និង រណាយន្តជិត៣៥០០គ្រឿង ត្រូវបានអាជ្ញាធរ ដកហូតនិងរឹបអូសពីក្នុងតំបន់ការពារធម្មជាតិ៕