ជាតិ
សង្គមជាតិ
អាជ្ញាធរ​រឹបអូស​បាន​រណា​អារឈើ និង​អន្ទាក់​សត្វ​រាប់ម៉ឺន​នៅ​ព្រៃ​ក្នុង​ខេត្តកោះកុង ពោធិ៍សាត់ និង​ កំពង់ស្ពឺ​
13, Jul 2020 , 11:38 am        
រូបភាព
​កោះកុង​៖ អន្ទាក់​ចាប់​សត្វព្រៃ​ចំនួន​៣២,៣២២​អន្ទាក់ និង​រណា​យន្ត​សម្រាប់​អារឈើ​១,៩៥៤​គ្រឿង នៅ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ ស្ថិតក្នុង​ខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ ត្រូវបាន​មន្ត្រី​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រឹបអូស​បាន​ពី​ព្រានព្រៃ​ក្នុង​រយៈពេល​១​ឆ្នាំកន្លះ គឺ​ពី​ខែមករា ឆ្នាំ​២០១៩ ដល់​មិថុនា ឆ្នាំ​២០២០​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​បង្ហាញ​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន រួមទាំង​ក្រុម​អ្នកសារព័ត៌មាន ទៅកាន់​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​ស្ថិតនៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​៩​កក្កដា​។

 
​លោក នេត្រ ភ​ក្រា្ត បាន​បញ្ជាក់ថា ឧបករណ៍​សម្រាប់​ចាប់​សត្វព្រៃ​និង​កាប់​ព្រៃឈើ​ទាំងនេះ ជាការ​ប្រើប្រាស់​ឡើង​ពី​សំណាក់​ជន​ទុច្ចរិត ក្នុង​គោលបំណង​បំផ្លិចបំផ្លាញ​សម្បត្តិ​ធនធានធម្មជាតិ  ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក​បាន​បន្តថា ការកាប់​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​នេះ គឺជា​ក្តី​ព្រួយបារម្ភ​មួយ​ចាំបាច់​ដែល​អាជ្ញាធរ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូល​រួមគ្នា​ចាត់វិធានការ ក្នុងការ​គ្រប់គ្រង​និង​រឹតបន្តឹង​វិធានការ​លើ​ការប្រើប្រាស់ ឬ​លក់ដូរ​ឧបករណ៍​ទាំងអស់នេះ​ឱ្យបាន​ត្រឹមត្រូវ​បំផុត​។


លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញស្ថិតនៅខេត្តកោះកុង កាលពីថ្ងៃទី៩កក្កដា ឆ្នាំ២០២០។
 
​អន្ទាក់​គឺជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​កម្ពុជា​បាន​គ្រប់ពេលវេលា ដោយ​បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​ប្រភេទ​សត្វ​កម្រ ឬ​ជិត​ផុត​ពូជ​ពី​ផែនដី​។ អន្ទាក់​ចាប់​សត្វព្រៃ​ទាំងនោះ មាន​អន្ទាក់​ខ្លះ​ធ្វើ​ពី​ខ្សែ​នីឡុង ឬ​ខ្សែកាប​ដែក​ដែល​បង្ក​គ្រោះថ្នាក់​បំផុត​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា ដោយបាន​បញ្ជាក់ថា អន្ទាក់​ប្រភេទ​នេះ​នឹង​កាន់តែ​គ្រោះថ្នាក់​នៅពេល​ជនល្មើស​ប្រើប្រាស់​នូវ​ចរន្តអគ្គិសនី​ត​ភ្ជាប់​ទៅ​អន្ទាក់​ដើម្បី​ឆក់​សត្វ​ក្នុងព្រៃ ឬ​ការប្រើ​សំឡេង​សត្វ​សប្ប​និមិត្ត​ដើម្បី​ចាប់​សត្វ​។​


 
​ដោយឡែក ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ប្រើប្រាស់​នូវ​រណា​យន្ត គឺមាន​ការ​គំរាម​គំហែង​ដ៏​ធំ​ក្នុងការ​បាត់បង់​ទី​ជ​ម្រ​សម្រាប់​សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងៗ​ទៀត​កំពុង​រស់នៅ​។ ជាពិសេស​ការបាត់បង់​ព្រៃ​ឈឺ ធ្វើឱ្យ​កម្ពុជា​មាន​ភាព​ប្រឈម​ខ្លាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ លោក នេត្រ ភក្ត្រា បាន​និយាយថា រណា​យន្ត​គឺជា​ឧ​បរ​កណ៍​មួយ​ដែល​ចូលរួមចំណែក​បំផ្លិចបំផ្លាញ់​ធនធានធម្មជាតិ​របស់​កម្ពុជា​យ៉ាងខ្លាំង ដោយ​រណា​យន្ត​មួយគ្រឿង​មាន​សមត្ថភាព​បំផ្លាញ​ដើមឈើ​ធំៗ​នៅក្នុង​ព្រៃ បាន​រហូត​៣​ដើម​នៅក្នុង​មួយថ្ងៃ​។ 
 
​លោក​បានបញ្ជាក់​ដូច្នេះ​៖« ប្រសិនបើ​ក្រុម​អ្នក​បំផ្លាញ​ព្រៃឈើ​ប្រើប្រាស់​រណា​យន្ត ដើម្បី​អារ​ដើមឈើ​តូចៗ នោះ​វា​នឹង​កាន់តែ​ងាយស្រួល​ក្នុងការ​បំផ្លាញ​បន្ថែមទៀត​។ អ្វី​ទាំងអស់នេះ ជា​បញ្ហា​មួយ​ដែល​ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ណា​ដែល​បាន​យក​រណា​យន្ត​ទាំងនេះ​មកប្រើប្រាស់​នៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​ដោយ​ខុសច្បាប់​»​។​
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ ដើម្បី​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ និង​សត្វព្រៃ​ទាំងអស់​នៅ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​នោះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​មន្ត្រី​សម្ព័ន្ធមិត្ត​សត្វព្រៃ បានដាក់​វេន​គ្នា​ចុះ​ល្បាត​ព្រៃ​ជា​រៀងរាល់ ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វ​។ ជាមួយនឹង​គ្នា​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដើរ​ស្វែងរក​អន្ទាក់​ចាប់​សត្វ​នានា ដើម្បី​ដោះចេញ និង​បំផ្លាញចោល​ផងដែរ​។​
 
​ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ បញ្ឈប់​ការដាក់​អន្ទាក់​ចាប់​សត្វ ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វ​ព្រែ និង​កុំ​ជឿ​លើ​ជំនឿ​ថា​បរិភោគ​សាច់សត្វ ឈាម ឬ​យក​ឆ្អឹង​សត្វព្រៃ​ទៅធ្វើ​ឱសថ​ប៉ូវ​ម្លាំ​ង​ឬ​ជំនួយ​ដល់​សុខភាព​នោះ​។ តែ​ផ្ទុយ​មកវិញ ការបរិភោគ​សត្វព្រៃ អាចធ្វើឱ្យ​ពរ​ដ្ឋ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ទៅវិញ ដោយសារតែ​អាចមាន​មេរោគ​ផ្សេងៗ​។ ជាមួយគ្នានេះ ដើម្បី​កាត់ផ្តាច់​មុខរបរ​ចូល​ព្រៃ​កាប់​ឈើ និង​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វព្រៃ និង​បរបាញ់​សត្វព្រៃ ក្រសួងបរិស្ថាន​បានរៀបចំ​ផែនការ បង្កើន​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ ឬ​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ ឱ្យ​រីកចម្រើន​ឡើង​តាមរយៈ​ការជំរុញឱ្យ​មានការ​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​របស់​ពួកគាត់​។​


 
​ចំពោះ​ជន​ណា​ដែល​នៅ​បន្ត​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នៃ​ការបំផ្លាញ​ព្រៃ​និង​បរបាញ់​សត្វព្រៃ​ទៀត នឹង​ប្រឈម​ការពិន័យ​ចន្លោះ​ពី​១០​ម៉ឺន​ទៅ​១​លាន​រៀល​។ លើស​នេះ នឹង​អាចឈាន​ទៅដល់​ការជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ ដែល​អាស្រ័យ​លើ​ទំហំ​ល្មើស​ដែលមាន​នៅក្នុង​ច្បាប់ ស្តីពី​ការការពារ​តំបន់​ធម្មជាតិ​។​
 
​ជាមួយគ្នានេះ អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ​ដែល​បានធ្វើ​ជាមួយ​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០០១​មក បាន​បន្ត​ផ្ដល់ជំនួយ​បច្ចេកទេស ដើម្បី​ពង្រឹង​តំបន់ការពារធម្មជាតិ កែលម្អ​ជីវភាព​រស់នៅ​ដែល​អាស្រ័យ​លើ​ព្រៃឈើ សង្គ្រោះ​សត្វព្រៃ​ពី​ព្រាន​។ ពិសេស ពី​ការជួញដូរ និង​ការពារ​តំបន់​ជួរ​ភ្នំក្រវាញ ដែលជា​ព្រៃឈើ​ទី​ជម្រាល​ប្រភពទឹក ប្រភព​ជីវចម្រុះ និង​ជា​ទ្រព្យធន​សេដ្ឋកិច្ច​ធំជាងគេ​របស់​កម្ពុជា​។  នេះ​ជាការ​លើកឡើង​របស់លោក អេ​ដា​ដ លេ​ហ្ទឺ​រ (Eduard Lefter) មន្ត្រី​គ្រប់គ្រង​ផ្នែក​ច្បាប់​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយ បង្ហាញ​ជំហរ​គាំទ្រ​ជាមួយ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងបរិស្ថាន​ក្នុង​កិច្ច​គាំពារ​ធនធានធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​កុំឱ្យ​មានការ​បាត់បង់​បន្តទៀត​។​
 
​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ ២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​អង្គការ​ដៃគូ​នានា ដោះ​អន្ទាក់​ចាប់​សត្វព្រៃ​នៅតាម​តំបន់ការពារធម្មជាតិ​នានា​ទូទាំងប្រទេស​កម្ពុជា​បាន​ជាង​២​ម៉ឺន​អន្ទាក់ និង​រឹបអូស​ន​ណា​យន្ត​អារឈើ បាន​២៣៦៩​គ្រឿង​។ ដោយឡែក នៅក្នុង​ឆ្នាំ​២០១៩  មាន​អន្ទាក់​ជាង ៤ ម៉ឺន​អន្ទាក់​ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ និង រណា​យន្ត​ជិត​៣៥០០​គ្រឿង ត្រូវបាន​អាជ្ញាធរ ដកហូត​និង​រឹបអូស​ពី​ក្នុង​តំបន់ការពារធម្មជាតិ​៕ 





Tag:
 ព្រៃឈើ​
  សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com