កីឡាជាតិ
ជាតិ
លីគកំពូលសប្តាហ៍ទី៧ ស៊ុតបញ្ចូលទីគ្នា២៦គ្រាប់ ខណៈ Privat រកបាន Hat-Trick ពីរសប្តាហ៍ជាប់គ្នា
13, Jul 2020 , 1:00 pm        
រូបភាព
កីឡាករ Privat (អាវខៀវ)សម្រេចបាន Hat-Trick ពីរសប្តាហ៍ជាប់គ្នា, រូបភាពផ្តល់ដោយ CNCC
កីឡាករ Privat (អាវខៀវ)សម្រេចបាន Hat-Trick ពីរសប្តាហ៍ជាប់គ្នា, រូបភាពផ្តល់ដោយ CNCC
ដោយ:
ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៧ ក្លិបនីមួយៗមានការស៊ុតបញ្ចូលទីគ្នាចំនួន២៦គ្រាប់ ដែលគ្រាប់បាល់ភាគច្រើនរកបានដោយកីឡាករបរទេស។ ខ្សែប្រយុទ្ធ Jean Marie Privat របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបង្ហាញភាពលេចធ្លោជាងគេ សម្រាប់ការប្រកួតពីរសប្តាហ៍កន្លងមកនេះ។



គ្រាប់បាល់ចំនួន២៦គ្រាប់ត្រូវបានកីឡាករកម្ពុជា និងបរទេសបំប៉ោងសំណាញ់ទីគ្នារៀងៗខ្លួន នាការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងសប្តាហ៍ទី៧ ដែលបានបញ្ចប់កាលពីពេលថ្មីៗ។ ក្នុងចំណោមគ្រាប់បាល់ទាំងនេះ ភាគច្រើនរកបានដោយកីឡាករបរទេសរហូតដល់១៥គ្រាប់ ខណៈកីឡាករកម្ពុជារកបាន១១គ្រាប់។

គ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាក្នុងសប្តាហ៍ទី៧មានចំនួនតិចជាង បើធៀបនឹងសប្តាហ៍ទី៦ ដែលមានការស៊ុតបញ្ជូលទីគ្នារហូតដល់៣១គ្រាប់។ គ្រាប់ទាំងនេះរកបានដោយកីឡាករកម្ពុជាចំនួន១៣ និងបរទេសចំនួន១៨គ្រាប់។

ខ្សែប្រយុទ្ធកាមេរ៉ូន Jean Marie Privat របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបង្ហាញភាពលេចធ្លោជាងគេ តាមរយៈការសម្រេចបាន Hat-Trick ពីរសប្តាហ៍ជាប់គ្នា។ ចំណែកមិត្តរួមក្រុមរបស់គេកីឡាករ Araujo Pinheiro Pedro Augusto សម្រេចបាន៤គ្រាប់ម្នាក់ឯង ក្នុងជំនួបយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ១០-០ ដែលកាលនោះ Privat រកបាន៣គ្រាប់។

ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានលត់ភ្ញៀវអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៧-២។ ក្នុងនោះខ្សែប្រយុទ្ធ Privat សម្រេចបាន៣គ្រាប់ម្នាក់ឯង ដែលនាំឲ្យរូបគេក្លាយជាកីឡាករសម្រេចបាន Hat-Trick ពីរសប្តាហ៍ជាប់គ្នា។ ក្នុងជ័យជម្នះនោះដែរ Araujo Pinheiro Pedro Augusto រួមចំណែកបានពីរគ្រាប់ និងរួមចំណែកម្នាក់១គ្រាប់ពីកីឡាករ ហួយ ផល្លីន និង សឿយ វិសាល ខណៈកីឡាករ Abbee Ndjoo Hurber ជាអ្នករកគ្រាប់ឲ្យអាស៊ីអឹរ៉ុប។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ នោះដែរ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ២-០ រីឯក្រុមកងយោធពលខេមរភូមិន្ទយកស៊ីអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១។ នាការប្រកួតកាលពីថ្ងៃអាទិត្យ ទី១២ កក្កដា ឆ្នាំ២០២០ ក្រុមបឹងកេតបានយកឈ្នះម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ៤-១ រីឯម្ចាស់ផ្ទះវិសាខាយកឈ្នះអគ្គិសនីកម្ពុជា ៤-០ ខណៈណាហ្គាវើលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយភ្នំពេញក្រោន។

គិតត្រឹមសប្តាហ៍ទី៧ ក្រុមព្រះខ័នរាជស្វាយរៀងកំពុងគ្រងកំពូលតារាងបណ្តោះអាសន្នដោយមាន១៩ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន(១៥ពិន្ទុ), បឹងកេត(១៤ពិន្ទុ), វិសាខា(១៣ពិន្ទុ), អង្គរថាយហ្គឺរ(១២ពិន្ទុ) និងណាហ្គាវើល(១២ពិន្ទុ)៕

Tag:
 បាល់ទាត់
  Cambodian Leaដgue 2020
  Jean Marie Privat
© រក្សាសិទ្ធិដោយ thmeythmey.com