សមាគម​មីក្រូ ថា ការស្ទង់មតិ​របស់​ស្ថាប័ន​៣ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ភាពលម្អៀង
ជាតិ
សេដ្ឋកិច្ច
សមាគម​មីក្រូ ថា ការស្ទង់មតិ​របស់​ស្ថាប័ន​៣ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ភាពលម្អៀង
13, Jul 2020 , 2:21 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ច្រានចោល​របាយការណ៍​រប​ស់​ស្ថាប័ន​ចំនួន​៣ ដែល​បាន​សិក្សា​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ ស្រប​ពេលដែល​វិបត្តិ​កូ​វីដ​-១៩ កំពុង​រាតត្បាត​នៅ​កម្ពុជា និង​ក្នុង​ពិភពលោក​។ សមាគម ចាត់ទុក​ការស្ទង់មតិ​របស់​ស្ថាប័ន​ទាំងនោះ ខ្វះ​លក្ខខណ្ឌ​បែប​វិទ្យាសាស្ត្រ និង​មាន​ភាពលម្អៀង​។​


​ស្ថាប័ន​ទាំង​៣ ដែល​សមាគម​មីក្រូហិរញ្ញវត្ថុ ច្រានចោល​របាយការណ៍​ស្ទង់​មតិ​នោះ រួមមាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (LICADHO) ពាក់ព័ន្ធ​នឹង​ការចេញផ្សាយ​នូវ​របាយការណ៍​មួយ មាន​ចំណងជើង​ថា​៖ «​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​» ដោយបាន​ស្ទង់​មតិ​កម្មករ​ចំនួន​១៦២​នាក់ មកពី​រោងចក្រ​ចំនួន​៣ ដែល​បាន​ព្យួរការងារ​ទាំងស្រុង ចន្លោះ​ខែមីនា និង​ឧសភា ឆ្នាំ​២០២០ ហើយ​ស្រប​ពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត ។ 
 
​របាយការណ៍​រួម ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ មិថុនា​នោះ បាន​ផ្តោត​ការសិក្សា​ពី​ផល​លំបាក​នៃ​ការជាប់​ជំពាក់​បំណុលរ​បស់​កម្មករ​ទាំងនោះ បាន​ទាញ​សេចក្តី​សន្និដ្ឋានថា​៖ «​បញ្ហា​នេះ​បង្កើតឱ្យមាន​វិបត្តិ​រំលោភសិទ្ធិ​មនុស្ស​ជាច្រើន ដែលនាំឱ្យ​ពួកគាត់​ជួប​ការលំបាក​ខ្លាំង​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​និង​ធ្វើឱ្យ​ការកាន់កាប់​ដីធ្លី​របស់​ពួកគាត់​ត្រូវ​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ ប្រសិនបើ​គ្មាន​កម្មវិធី​សម្រាល​បន្ទុក​បំណុល​ភ្លាមៗ​ទេ នោះ​កម្មករ កម្មការិនី​ទាំងនេះ នឹងត្រូវ​ប្រឈម​នឹង​ការលក់​ដី​ឬ​ផ្ទះ កាត់បន្ថយ​ការបរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់កម្ចី​កាន់តែ​ច្រើនឡើង ដើម្បី​យកទៅ​សងបំណុល​ដែលមាន​ស្រាប់​»​។​
 
​សមាគម​មីក្រូហិរញ្ញវត្ថុ ចាត់ទុក​វិធីសាស្ត្រ​នៃ​ការស្ទង់មតិ​នេះ ខ្វះ​លក្ខខណ្ឌ​បែប​វិទ្យាសាស្ត្រ ហើយ​មាន​ភាពលម្អៀង និង​ខ្វះ​ការយល់ដឹង​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ ជាពិសេស​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​អាច​ផ្ទៀងផ្ទាត់​ឡើងវិញ​បាន​។ 
 
​សមាគម​មីក្រូហិរញ្ញវត្ថុ បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៣ កក្កដា​នេះ​ថា​៖«​ដូចដែល​បានបញ្ជាក់​ស្រាប់​ក្នុង​របាយការណ៍​នេះ ការស្ទង់មតិ​នេះ គ្រាន់តែ​ប្រមូលយក​ព័ត៌មាន​ពី​មនុស្ស​ចំនួន ១៦២ នាក់​ពី​រោងចក្រ​ចំនួន​៣ ក្នុងចំណោម​រោងចក្រ​រាប់រយ​ពាន់ និង​កម្មករ​រាប់សែន​នាក់​។ អ្នកចូលរួម​សម្ភាស​ទៀតសោត ក៏ត្រូវ​បានជ្រើសរើស​តាមរយៈ​ប្រធាន​សហជីព​ក្នុង​រោងចក្រ​នីមួយៗ ពោលគឺ​មិនមែន​រើស​ដោយ​ចៃដន្យ​(random) ដែល​នេះ​មិនមែនជា​វិធីសាស្ត្រ​ដែល​អាច​ទុកចិត្ត​បានឡើយ ដោយសារតែ​អាចមាន​ភាពលម្អៀង​នៃ​អ្នក​ជ្រើសរើស​ស្រាប់​»​។ 
 
​របាយការណ៍​រួម​របស់​សង្គម​ស៊ីវិល និង​សហជីព ស្តីពី​«​ធ្វើការ​រហូតដល់​ជំពាក់​បំណុល​វ័ណ្ឌក​» នេះ បាន​អះអាងថា បញ្ហា​បំណុល បាន​បង្ខំ​ឱ្យ​កម្ម​ករលក់​ទ្រព្យសម្បត្តិ​និង​ខ្ចី​គេ​បន្ថែម ដើម្បី​សងបំណុល​ដល់​ស្ថាប័នហិរញ្ញវត្ថុ​។ របាយការណ៍​ដដែល បាន​បញ្ជាក់ថា កម្មករ​រាប់ម៉ឺន​នាក់​នឹង​ប្រឈម​ការលំបាក​កាន់តែខ្លាំង ក្នុង​ជីវភាព​រស់នៅ និង​ការសង់​ប្រាក់​ត្រឡប់​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​វិញ ខណៈ​មាន​រោងចក្រ​ព្យួរការងារ​ជា​បន្តបន្ទាប់​។​
 
​អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​បញ្ជាក់ថា កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ខិតខំ​ធ្វើ​ការងារ​យ៉ាង​ខ្លាំង ដើម្បី​មានលទ្ធភាព​ផ្គត់ផ្គង់​អាហារ​បរិភោគ​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​។ អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ បន្ថែមថា ៖«​ពេលនេះ ពួកគាត់​ស្ទើរតែ​មិនអាច​មានលទ្ធភាព​ចិញ្ចឹម​ខ្លួនឯង ។ ប្រសិនបើ​គ្មាន​កម្មវិធី​សម្រាល​បន្ទុក​បំណុល ឬ​កិច្ច​គាំពារ​ផ្នែក​សង្គម​ទេ ខ្ញុំ​ព្រួយបារម្ភ​ថា បញ្ហា​ទាំងនេះ នឹង​នាំឱ្យ​ពួកគាត់​ជួប​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​» ។​
 
​តែ​យ៉ាងណា​សមាគម​មីក្រូហិរញ្ញវត្ថុ អះអាងថា ទិន្នន័យ​របាយការណ៍​នេះ គ្មាន​ភាពស៊ីចង្វាក់​ជាមួយ​ទិន្នន័យ​លម្អិត​របស់​សមា​គម ការិយាល័យ​ឥណទាន​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា​នោះទេ​។ «​របាយការណ៍​(​សង្គម​ស៊ីវិល និង​សហជីព​)​នេះ ក៏​មិនបាន​បញ្ចេញ​នូវ​ទំហំ​ឥណទាន ប្រភព​ចំណូល​ផ្សេងទៀត​ក្រៅតែពី​ប្រាក់បៀវត្ស​រោងចក្រ ដែល​ទិន្នន័យ​ទាំងនេះ​មាន​ភាពចាំបាច់​ក្នុងការ​វាយតម្លៃ​ផលប៉ះពាល់​ពិតប្រាកដ​។​ការស្ទង់មតិ​នេះ​ក៏ត្រូវ​បានធ្វើ​ក្នុងពេល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ រួមផ្សំ​នឹង​អ្នកចូលរួម​ឆ្លើយ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​រោងចក្រ​ព្យួ​ការងារ ដូចនេះ​ជា​កត្តា​សន្យា​នុ​ម័ត ប្រាក់ចំណូល​របស់​ពួកគាត់​នឹង​ធ្លាក់ចុះ ដែលនាំឱ្យ​ប៉ះពាល់​ជីវភាព​រស់នៅ ក៏​ដូច​លទ្ធភាព​ក្នុង​ការសង​ត្រលប់​ទៅកាន់​គ្រឹះស្ថាន ហើយ​រឹតតែ​មិនមាន​អារម្មណ៍ល្អ​ចំពោះ​ស្ថានភាព​ទូទៅ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​។​
 
​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា អះអាងថា ខ្លួន​នឹង​បន្ត​សិក្សា​តាមដាន​បន្ថែម​ទៅលើ​ស្ថានភាព​វិ​វត្ត​នៃ​វិស័យ​កាត់ដេរ ព្រមទាំង​ជំរុញ​ដល់​សមាជិក​ខ្លួន​ទាំងអស់ ឱ្យ​បន្ត​ការជួយ​សម្រាល​ដល់​អតិ​ថិ​ជន​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ និង​តាម​លទ្ធភាព​ផ្សេងៗ​ទៀត​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ឥណទាន​ឡើងវិញ ដល់​អតិ​ថ​ជន​ជាង​ពីរ​សែន​នាក់ ក្នុង​ទំហំ​ឥណទាន​ជាង​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ​។​
 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ សង្គម​ស៊ីវិល និង​សហជីព ជាពិសេស​អង្គ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (LICADHO) តែងតែ​ចេញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​បំណុល​ពលរដ្ឋ ជំពាក់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់ ដើម្បី​រក​វិធី​ដោះស្រាយ និង​សម្រាល​បន្ទុក​របស់​ពល​រដ្ឋ​។ ប៉ុន្តែ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា សុទ្ធតែ​ប្រតិកម្ម​តប​ថា ការស្ទង់មតិ​ចេញផ្សាយ​របាយការណ៍​នេះ ភាគច្រើន​គ្មាន​មូលដ្ឋាន និង​មិន​យល់​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​
 
​បើតាម​សមាគម​មីក្រូ ការអនុម័ត​ផ្តល់ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ទៅ​អតិថិជន ក៏ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ច្រើន រួមមាន​គោលបំណង​ប្រាក់កម្ចី សមត្ថភាព​សង​ត្រលប់​ដោយ​ផ្ទៀងផ្ទាត់​ប្រវត្តិ​កម្ចី​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា និង​ហានិភ័យ​នានា ដែលជា​ផ្នែក​មួយ​នៃ​គោលការណ៍​ការពារ​អតិថិជន​។​
 
​គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៃ​សមាជិក​របស់​សមាគម បាន​បញ្ចេញ​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា ជាង​២,១​លាន​នាក់ ដែលមាន​ទំហំ​ឥណទាន​សរុប ជាង​៣០​ទ្រី​លាន​រៀល (៧,៤​ប៊ី​លាន​ដុល្លា​) ខណៈ​អតិថិជន​បញ្ញើ​សរុប​មាន​ជាង​២,៨​លាន​នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប ជាង​១៥​ទ្រី​លាន​រៀល (៣,៧​ប៊ី​លាន​ដុល្លា​) ៕

Tag:
 មីក្រូហិរញ្ញវត្ថុ​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com