COVID-19
អន្តរជាតិ
បើកសាលាឡើងវិញ៖ លោក ត្រាំ រងការរិះគន់ថា យកសុខភាពក្មេងៗទៅលេងសើច រូបភាព AFP
× ប្រធានសភាអាមេរិក ណាន់ស៊ី ផេឡូស៊ី បានរិះគន់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់បើកសាលារៀនឡើងវិញ បើទោះជាករណីឆ្លង COVID-19 នៅអាមេរិកកើនឡើងឥតឈប់ឈរ។ បើបើកទ្វារឡើងវិញ លោកស្រី ផេឡូស៊ី និយាយនៅថ្ងៃទី១២ ខែកក្កដា ថា រដ្ឋាភិបាលសហព័ន្ធត្រូវកំណត់គោលការណ៍ណែនាំមួយដើម្បីការពារសុវត្ថិភាពរបស់កុមារ និងសិស្សអាមេរិក។ រដ្ឋមន្ត្រីអប់រំអាមេរិកវិញ ក៏មិនទាន់មានដំណោះស្រាយជាក់លាក់ក្នុងរឿងនេះដែរ។
លោកស្រី ណាន់ស៊ី ផេឡូស៊ី ចាត់ទុកការទាមទារចុះឡើងៗរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជាការយកជីវិតក្មេងៗទៅលេងសើច នៅពេលដែលអាមេរិកកំពុងប្រឈមមុខរលកឆ្លងជំងឺ COVID-19 ឥតស្រាកស្រាន្ត ពិសេសនៅតាមបណ្ដារដ្ឋដែលបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា អាមេរិកមានករណីឆ្លងសរុបជាងបីលានបួនសែននាក់ និងស្លាប់ជាង១៣ម៉ឺននាក់។
លោកស្រី ផេឡូស៊ី មន្ត្រីកំពូលបក្សប្រជាធិបតេយ្យដែលមិនសូវត្រូវគ្នានឹងលោក ត្រាំ នោះ បានរិះគន់ការចង់បើកសាលារៀនឡើងវិញនៅកាលៈទេសៈបែបនេះ ខណៈដែលរដ្ឋាភិបាលក៏គ្មានគោលការណ៍សុខាភិបាលជាក់លាក់ដើម្បីដោះស្រាយបញ្ហានេះដែរ។ ថ្លែងក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CNN លោកស្រី ផេឡូស៊ី លើកជាគំនិតឲ្យយកគោលការណ៍របស់មជ្ឈមណ្ឌលជំងឺឆ្លង CDC ជាបទដ្ឋានក្នុងការអនុវត្តវិធានការ ខណៈរដ្ឋខ្លះក៏បានធ្វើតាមផងដែរ។
«ប្រធានាធិបតី និងរដ្ឋបាលរបស់លោក កំពុងលេងសើចជាមួយសុខភាពរបស់កុមារ។ យើងចង់ឲ្យកូនៗរបស់យើងទៅរៀនវិញ ទាំងឪពុកម្ដាយក៏ចង់ ហើយកូនៗក៏ចង់។ ប៉ុន្តែពួកគេត្រូវទៅរៀនដោយសុវត្ថិភាព។» លោកស្រី ផេឡូស៊ី និយាយបែបនេះជាមួយការព្រមានថា ការវិលត្រឡប់ទៅសាលារៀនវិញ ជាការប្រថុយប្រថាននឹងការឆ្លង។
ប៉ុន្តែរដ្ឋមន្ត្រីអប់រំអាមេរិក លោកស្រី Betsy DeVos អះអាងថា ករណីឆ្លងក្នុងចំណោមកុមារមានតិចជាងមនុស្សពេញវ័យ។ លោកស្រីក៏មិនសូវបារម្ភថា ក្មេងៗអាចជាភ្នាក់ចម្លងជំងឺនេះទៅកាន់គ្រូបង្រៀន សាច់ញាតិនៅផ្ទះ ឬអ្នកមើលថែពួកគេដែរ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី១២ ខែកក្កដា រដ្ឋមន្ត្រីរូបនេះ ក៏មិនបានបញ្ជាក់ពីផែនការសម្រាប់ការបើកសាលារៀនឡើងវិញដោយសុវត្ថិភាព និងអះអាងថា គ្មានដំណោះស្រាយតែមួយមុខនោះឡើយ ព្រោះបរិបទសាលាខុសៗគ្នា។
ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ស្របពេលការត្រៀមការពារកៅអីប្រធានាធិបតីផងនោះ លោក ត្រាំ ចង់ប្រើប្រាស់ការបើកសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេស និងការត្រឡប់ទៅសាលារៀនវិញ ដើម្បីបញ្ជាក់ពីដំណើរប្រក្រតីរបស់ប្រទេស ហើយលោកក៏បានដាក់សម្ពាធលើអភិបាលរដ្ឋនានាឲ្យបើករដ្ឋឡើងវិញដែរ។ ប៉ុន្តែការចាប់ផ្ដើមសកម្មភាពឡើងវិញ ក៏នាំឲ្យមានការហក់ឡើងករណីឆ្លងទៅវិញ។ ត្រឹមខែកក្កដា រដ្ឋ២៤ បានរាយការណ៍ពីការកើនឡើងករណីឆ្លង៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com