អន្តរជាតិ
ការ​ប្រជែង​របស់​ចិន​ជាមួយនឹង​ប្រព័ន្ធ​កំណត់​ទីតាំង GPS មាន​ហានិភ័យ​ខ្ពស់​
13, Jul 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ រុក្កែត​ដែល​ដឹក​ផ្កាយ​រណប Beidou-3 ដែល​ជា​ផ្កាយ​រណប​ចុង​ក្រោយ​របស់​ចិន​ត្រូ​វ​បាន​បង្ហោះ​ចេញ​ពី​ស្ថានីយ៍​ផ្កាយ​រណប Xichang ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។
រូបឯកសារ៖ រុក្កែត​ដែល​ដឹក​ផ្កាយ​រណប Beidou-3 ដែល​ជា​ផ្កាយ​រណប​ចុង​ក្រោយ​របស់​ចិន​ត្រូ​វ​បាន​បង្ហោះ​ចេញ​ពី​ស្ថានីយ៍​ផ្កាយ​រណប Xichang ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។
ដោយ: VOA
​ប្រទេស​ចិន​បង្កើត​ប្រព័ន្ធ​ផ្កាយរណប BeiDou សម្រាប់​រក​ទីតាំង​ដោយ​ខ្លួនឯង ដើម្បី​ប្រជែង​ជាមួយនឹង​ប្រព័ន្ធ GPS របស់​សហរដ្ឋអាមេរិក និង​កំពុងផ្ដល់​សេវា​ដែល​គ្របដណ្ដប់​ទូទាំង​ពិភពលោក ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ​និង​ឆាប់រហ័ស ដែលមាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ទំនើប​។

 
​ឥឡូវនេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​លើកឡើងថា ប្រព័ន្ធ​នេះ​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៤ ហើយ​ឥឡូវនេះ​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រទេស​នានា​ជាង​ពាក់កណ្ដាល​ពិភពលោក ហើយ​ប្រព័ន្ធ​បង្ហាញផ្លូវ​របស់​ចិន​ត្រូវបាន​នាំចេញ​ទៅកាន់​ជាង ១២០ ប្រទេស​ទូទាំង​ពិភពលោក​។​
 
​ដូច​ប្រព័ន្ធ GPS ដែរ សេវាកម្ម​ទាំងនេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ជា​សាធារណៈ​។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​បាន​និយាយថា ភាពខុសគ្នា​រវាង​ប្រព័ន្ធ GPS របស់​អាមេរិក និង​ប្រព័ន្ធ​BeiDou របស់​ចិន​គឺ​ប្រព័ន្ធ​ការពារ​សន្តិសុខ​។​
 
​ហានិភ័យ​សន្តិសុខ​
 
​ប្រព័ន្ធ​ផ្កាយរណប​បង្ហាញ​ផ្លូវធំៗ​នៅក្នុង​ពិភពលោក មានដូចជា GPS ប្រព័ន្ធ GLONASS របស់​រុស្ស៊ី និង​ប្រព័ន្ធ Galileo របស់​អឺរ៉ុប ដែល​ភាគច្រើន​ដើរតួនាទី​ជា​ឧបករណ៍​ផ្ដល់​សញ្ញា​ឲ្យ​ឧបករណ៍​រាប់ពាន់​លាន​ផ្សេងទៀត​ប្រើប្រាស់ ដើម្បី​កំណត់​ទីតាំង​ច្បាស់លាស់​របស់​ឧបករណ៍​ទាំងនោះ​នៅលើ​ផែនដី​។​
 
BeiDou គឺជា​ប្រព័ន្ធ​ទំនាក់ទំនង​សម្រាប់​មុខងារ​ពីរ ដែល​អនុញ្ញាត​ឲ្យ​វា​កំណត់​នូវ​ទីតាំង​របស់​អ្នកទទួល​សញ្ញា​។ ឧបករណ៍​ប្រើ​ប្រព័ន្ធ BeiDou អាច​បញ្ជូន​ទិន្នន័យ​ត្រឡប់​ទៅ​ផ្កាយរណប​វិញ ដែល​សូម្បីតែ​ការផ្ញើ​សារ​ជា​អក្សរ អាចធ្វើ​ទៅបាន​រហូតដល់ ១២០០ តួអក្សរ​ចិន​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន CCTV បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា​៖ «​នៅក្នុង​ភាសា​សាមញ្ញ អ្នក​មិន​ត្រឹមតែ​អាច​ដឹង​ពី​ទីតាំង​របស់​អ្នក​នៅក្នុង​ប្រព័ន្ធ BeiDou ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ថែមទាំង​អាច​ប្រាប់​អ្នកដទៃ​ពី​ទីតាំង​របស់​អ្នក​នៅក្នុង​ប្រព័ន្ធ​នេះ​ផងដែរ​»​។​
 
​សមត្ថភាព​នេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​យ៉ាងខ្លាំង​។ លោក​បណ្ឌិត Larry Wortzel​ស្នងការ​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច​និង​សន្តិសុខ​សហរដ្ឋអាមេរិក – ចិន ហៅ​កាត់​ថា USCC​បាន​ប្រាប់ VOA ថា​៖ «​តាម​ដែល​ខ្ញុំ​ដឹង រាល់​ឧបករណ៍​ចល័ត​ទាំងអស់​អាច​ត្រូវបាន​គេ​តាមដាន​បាន ព្រោះ​ពួកវា​ជានិច្ចកាល​ទាក់ទង​ជាមួយ​អង់​តែ​ន និង​ផ្កាយរណប​»​។​
 
​លោក​បណ្ឌិត Wortzel បន្ថែមថា​៖ «​ដូច្នេះ​ដូច​នៅក្នុង​សហរដ្ឋអាមេរិក​អញ្ចឹង មានការ​ព្រួយបារម្ភ​ថា ប៉ូលិស ឬ​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ អាច​តាមដាន​មនុស្ស​តាម​ទូរស័ព្ទ​របស់​ពួកគេ ហើយ​វា​អាច​កើតឡើង​បាន​។ ការពិត​ដូចគ្នា​គឺថា ទូរស័ព្ទ​ពឹង​លើ​ប្រព័ន្ធ BeiDou ប្រព័ន្ធ Glonass និង​ប្រព័ន្ធ Galileo​។ សំណួរ​គឺថា តើ​អ្នក​បារម្ភ​ថា​តើ​អ្នកណា​ជា​អ្នកតាមដាន​អ្នក​»?
 
​ច្បាប់​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​តៃវ៉ាន់​កាលពី​ឆ្នាំ ២០១៦ ក៏បាន​កត់សម្គាល់ថា សមត្ថភាព​របស់​ការ​ទំនាក់ទំនង​សម្រាប់​មុខងារ​ពីរ​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​។ ច្បាប់​នេះ​បាន​កំណត់ថា បុគ្គលិក​រដ្ឋាភិបាល​អាច​ជៀសវាង​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដែល​ពឹង​ផ្អែកលើ​ប្រព័ន្ធ BeiDou សម្រាប់​ប្រព័ន្ធ​រក​ផ្លូវ​លើ​ទូរស័ព្ទ​របស់​ពួកគេ​។​
 
​ការសិក្សា​មួយ​របស់ USCC កាលពី​ឆ្នាំ ២០១៧ ក៏បាន​រកឃើញថា ប្រព័ន្ធ​នេះ​អាច​ក្លាយជា​កន្លែង​មួយ​សម្រាប់​ការវាយប្រហារ​នានា​។ «​ប្រព័ន្ធ BeiDou អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​សន្តិសុខ តាមរយៈ​ការអនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចិន តាមដាន​អ្នកប្រើប្រាស់​ប្រព័ន្ធ​នេះ ដោយ​ដាក់​សញ្ញា​តាមដាន ឬ Malware ក្នុង​ប្រព័ន្ធ​បង្ហាញផ្លូវ ឬ​មុខងារ​ផ្ញើ​សារ​ជា​អក្សរ (​តាមរយៈ​ប៉ុស្តិ៍​ទំនាក់ទំនង​ផ្កាយរណប​) នៅពេលដែល​បច្ចេកវិទ្យា​ត្រូវបាន​គេ​ប្រើប្រាស់​ទូលំទូលាយ​»​។​
 
​ប៉ុន្តែ​របាយការណ៍​នេះ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា អ្នកជំនាញ​នៅក្នុង​វិស័យនេះ​កន្លងមក​បាន​និយាយថា ពួកគេ​មិនបាន​ដឹង​ពី​វិធី​ដាក់​សញ្ញា​តាមដាន ឬ Malware នៅក្នុង​ប្រព័ន្ធ​ស្វែងរក​ទីតាំង​នោះទេ​។​
 
​អាស្រ័យ​លើ​ទីកន្លែង​ផលិត​របស់​ទូរស័ព្ទ និង​តើ​មីក្រូ​ឈី​ប​ប្រភេទ​ណា​ដែល​ទូរស័ព្ទ​នោះ​ប្រើ «​សញ្ញា​តាមដាន ឬ Malware អាច​នឹង​បាន​គេ​ដាក់​នៅក្នុង​ឈី​ប​»​។ នេះ​បើតាម​សម្ដី​របស់លោក​បណ្ឌិត Wortzel ថែ្ល​ង​ប្រាប់ VOA​។ ហើយ​លោក បណ្ឌិត Wortzel បាន​បន្ថែម​នូវ​គំនិត​ផ្ទាល់ខ្លួន ដែល​មិន​ពាក់ព័ន្ធ​នឹង USCC ថា​៖ «​នេះ​ជា​ហេតុផល​ដែល​សហរដ្ឋអាមេរិក​បារម្ភ​ពី​ឧបករណ៍ និង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន Huawei ក៏ដូចជា​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Lenovo»​។​

​ប្រជែង​នឹង GPS របស់​សហរដ្ឋអាមេរិក​
 
​សហរដ្ឋអាមេរិក​ជា​យូរណាស់​មកហើយ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ពិភពលោក​ក្នុង​ផ្នែក​កំណត់​ទីតាំង​តាម​ប្រព័ន្ធ​ផ្កាយរណប ដោយ​ប្រើ​ប្រព័ន្ធ GPS​។​
 
​នៅក្នុង​ឆ្នាំ ១៩៩៦ ក្នុងអំឡុង​វិបត្តិ​ច្រក​ដែនសមុទ្រ​តៃវ៉ាន់ ប្រទេស​ចិន​បាន​បាញ់​មី​ស៊ី​លបី​គ្រាប់​ទៅកាន់​ច្រក​ដែនសមុទ្រ​របស់​តៃវ៉ាន់​ជាការ​ព្រមាន​។ ស្រប​ពេលដែល​គ្រាប់​មី​ស៊ី​ល​ដំបូង​បាន​បាញ់​ចំ​គោលដៅ​ដូច​ការគ្រោងទុក កងទ័ព​រំដោះប្រជាជន (PLA) បាត់ដាន​ពី​គ្រាប់​មី​ស៊ី​លពីរ​គ្រាប់​ផ្សេងទៀត​។ ប្រទេស​ចិន​បាន​អះអាងថា សហរដ្ឋអាមេរិក​បាន​កាត់ផ្ដាច់​សញ្ញា GPS ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក ដែល​ចិន​ប្រើប្រាស់​ដើម្បី​តាមដាន​គ្រាប់​មី​ស៊ី​ល​។ ព្រឹត្តិការណ៍​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បង្កើត​ប្រព័ន្ធ​ផ្កាយរណប​កំណត់​ទីតាំង​ជាស​កល​ដោយ​ខ្លួនឯង​។​
 
​ប្រមាណ​ជិត ២៥​ឆ្នាំ​ក្រោយមក ប្រព័ន្ធ BeiDou ឥឡូវនេះ​កំពុងតែ​ព្យាយាម​ប្រកួតប្រជែង​យក​តួនាទី​ដ៏​លេចធ្លោ​របស់ ប្រព័ន្ធ GPS​។ បើ​និយាយ​ពី​ទំហំ វា​បាន​យកឈ្នះ​គូប្រជែង​អាមេរិក​បាត់ទៅហើយ​។ នៅ​ចុងខែ​មិថុនា ប្រព័ន្ធ​BeiDou មាន​ផ្កាយរណប​ចំនួន ៣៥ នៅក្នុង​ប្រតិបត្តិការ បើ​ប្រៀបធៀប​ជាមួយ​ផ្កាយរណប​របស់ GPS មានតែ ៣១ ប៉ុណ្ណោះ​។​
 
​ប្រព័ន្ធ BeiDou ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ១៩៩៤​។ ប្រព័ន្ធ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កម្មវិធី​អវកាស «​ធំ​បំផុត​» និង​ដំបូង​បំផុត​ដែល​ចិន​បាន​បង្កើតឡើង​។ គិត​ត្រឹម​ពីរ​ឆ្នាំកន្លះ​មុន មាន​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​ជាង ៣០​ម៉ឺន​នាក់​មកពី​វិទ្យាស្ថាន និង​សាជីវកម្ម ជាង​៤០០ កន្លែង​ផ្សេងៗ​គ្នា ចូលរួមចំណែក​នៅក្នុង​កម្មវិធី​នេះ​។ ជាមួយនឹង​បច្ចេកវិទ្យា 5G ប្រព័ន្ធ BeiDou ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហៅថា​ជា «​សសរស្ដម្ភ​ពីរ​នៃ​មហាអំណាច​មួយ​»​។​
 
​លោក Yang Changfeng ប្រធាន​ផ្នែក​រចនា​ប្រព័ន្ធ BeiDou បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន CCTV កាលពី​ខែ​មុន​ថា ប្រទេស​ចិន​ឥឡូវនេះ​កំពុង​ប្រែខ្លួន​ពី​ប្រទេស​ដ៏​សំខាន់​មួយ​ក្នុង​ទី​អវកាស ទៅជា​មហាអំណាច​ក្នុង​ទី​អវកាស​យ៉ាងពិត​ប្រាកដ​»​។​
 
​លោក​បណ្ឌិត Meneut បាន​និយាយថា​៖ «​ការលេចឡើង​នៃ​ប្រព័ន្ធ GPS «BeiDou» របស់​ចិន មិនមែនជា​គូប្រជែង​ធម្មតា​មួយ​ក្នុង​សេវាកម្ម​កំណត់​ទីតាំង​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ​។ វា​គឺជា​គូប្រជែង​ផ្នែក​យុទ្ធសាស្ត្រ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com