កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Mercedes ឡើង​កំពូល​តារាង F1 ក្រោយ Hamilton ឈ្នះ​នៅ​ទីលាន Styrian
13, Jul 2020 , 7:19 pm        
រូបភាព
Lewis Hamilton ម្ចាស់​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់ បាន​យកឈ្នះ​ការប្រណាំង​រថយន្ត Formula One នៅ​ទីលាន Styrian Grand Prix ក្នុងប្រទេស​អូទ្រីស សម្រាប់​រដូវ​កាល ២០២០​។ ឆ្លងកាត់​ការប្រណាំង​ពីរលើក​ក្រុម Mercedes ឈរ​កំពូល​តារាង​ផ្នែក​គ្រឿង​ម៉ាស៊ីន មាន​៨០​ពិន្ទុ នាំមុខ McLaren Renault ដែល​ឈរ​លេខ​២ ចំនួន​៤១​ពិន្ទុ​។​

 
​នា​ទីលានប្រណាំង​លើក​ទី​២ ក្នុងប្រទេស​អូទ្រីស Styrian Grand Prix នៅ​ថ្ងៃទី​១២ ខែកក្កដា Hamilton បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១ ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ២២​នាទី និង​៥០​វិនាទី ក្នុងការ​ប្រណាំង​ទាំង​៧១​ជុំ​។ មិត្ត​រួម​ក្រុម Mercedes កីឡាករ Valtteri Bottas បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​២ ខណៈ​កីឡាករ Max Verstappen ដែល​បើកបរ​ឲ្យ Red Bull ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​។​
 
​នេះ​ជា​ជ័យជម្នះ​ទី​៨៥​ក្នុង​អាជីព​របស់​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស វ័យ​៣៥​ឆ្នាំ ក្នុង​ព្រឹត្តិការណ៍ F1 ពិភពលោក ដែល​មានន័យថា​រូបគេ​កំពុង​ដើរ​ឆ្នោះ​ទៅរក​ការ​បំបែក​កំណត់ត្រា​ឈ្នះ​ការប្រណាំង​ច្រើនជាងគេ​លើ​លោក​របស់លោក Michael Schumacher អតីត​កីឡាករ​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ ដែល​ឈ្នះ​ចំនួន ៩១​ដង​។​


 
​ការ​ឈ្នះ​ក្នុងការ​ប្រណាំង​លើក​ទី​ពីរ​ប្រចាំ​រដូវ​កាល​ឆ្នាំ​២០២០​នេះ បាន​នាំ​ឲ្យ Hamilton ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង​ពិន្ទុ F1 បណ្តោះអាស្ន ដោយ​រកបាន​៣៧​ពិន្ទុ តាម​ពីក្រោយ​មិត្ត​រួម​ក្រុម Bottas ចំនួន​៦​ពិន្ទុ ដ្បិត​អ្នក​ប្រណាំង​សញ្ជាតិ​ហ្វាំ​ឡង់​រូបនេះ​បានឈ្នះ​ការប្រណាំង​នៅ​ជំនួប​បើកឆាក និង​ទទួលបាន​លេខ​២ ក្នុងការ​ប្រណាំង​លើក​នេះ​។​
​ទាំង Hamilton និង Bottas សុទ្ធតែ​បានរួម​ចំណែង​ជួយ​ឲ្យ​ក្រុម​របស់​ពួកគេ Mercedes នាំមុខ​ពិន្ទុ​លើ​ផ្នែក​គ្រឿង​ម៉ាស៊ីន​។ ឆ្លងកាត់​២​ប្រកួត Mercedes រកបាន​៨០​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ McLaren Renault ចំនួន​៤១​ពិន្ទុ​។​
 
​ការប្រណាំង​នៅ​ទីលាន​បន្ទាប់ ដែលជា​ទីលាន​ទី​៣​សម្រាប់​រដូវ​កាល​នេះ នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​ហុង​គ្រី Hungarian Grand Prix នា​ថ្ងៃទី​១៧-១៩ ខែកក្កដា​៕

Tag:
 Mercedes
  Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com