COVID-19
អន្តរជាតិ
COVID-19៖​ត្រឹមតែ​១​ថ្ងៃ ហ្វីលីពីន មាន​អ្នកស្លាប់​ដល់​ទៅ​១៦២​នាក់​
13, Jul 2020 , 3:29 pm        
រូបភាព
បុរសជនជាតិហ្វីលីពីនពាក់ម៉ាស់ក្នុងទីក្រុងម៉ានីល។ រូបភាព Xinhua
បុរសជនជាតិហ្វីលីពីនពាក់ម៉ាស់ក្នុងទីក្រុងម៉ានីល។ រូបភាព Xinhua
​ហ្វីលីពីន នៅ​ថ្ងៃទី​១៣ ខែកក្កដា បាន​រាយការណ៍​ពី​ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 ចំនួន​១៦២​នាក់ ដែលជា​តួលេខ​ប្រចាំ​ខ្ពស់​ជាងគេ​ក្នុងប្រទេស និង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ អាជ្ញាធរ​ប្រទេស​នេះ ក៏បាន​ព្រមាន​ពី​ហានិភ័យ​ដែល​ករណី​ស្លាប់ និង​ការឆ្លង​បន្ត​កើនឡើង​ក្រោយ​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​។​

 
​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន ប្រកាស​នៅ​ថ្ងៃទី​១៣ ខែកក្កដា ថា អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 មាន​ចំនួន​១៦២​នាក់​ថែមទៀត ដែល​ធ្វើ​តួលេខ​អ្នកស្លាប់​សរុប​កើន​ដល់​១៥៣៤​នាក់​។ ករណី​ឆ្លង​សរុប​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​ដល់​៥៦២៥៩ ក្រោយ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​២០៣៧​នាក់​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ករណី​ឆ្លង​នៅ​ហ្វីលីពីន បាន​ហក់​ឡើងជា​បន្តបន្ទាប់​ក្រោយ​ថ្ងៃទី​១ ខែកក្កដា នៅពេលដែល​រដ្ឋាភិបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​ឡើងវិញ​ដូចជា​ការបើក​ដំណើរការ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ជាមួយ​វិធាន​សុខាភិបាល ក្នុង​គោលដៅ​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​កម្រើក​ឡើងវិញ​។ 
 
​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ហ្វីលីពីន លោកស្រី Maria Rosario Vergeire ប្រាប់​អ្នកសារព័ត៌មាន ថា តួលេខ​ឆ្លង COVID-19 នឹង​បន្ត​កើនឡើង​ទៀត​។​
 
​កន្លងទៅ លោក ឌូ​ទើ​តេ បាន​បន្ធូរ​ការ​រឹតត្បិត​ដ៏​ម៉ឹងម៉ាត់ និង​យូរ​បំផុត​មួយ​នៅ​ទីក្រុង​ម៉ានីល ដែលមាន​ប្រជាជន​ច្រើន​។ ប៉ុន្តែ​លោក ក៏បាន​បញ្ជា​ឲ្យ​បិទ​ទីក្រុង​សេ​ប៊ូ​មួយរយៈ​ពេល​ទៀត​បន្ទាប់ពី​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​កើនឡើង​៕

Tag:
 COVID-19
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com