COVID-19
ជាតិ
មេសហជីព២១ស្ថាប័ន ស្នើសម្ដេច ហ៊ុន សែន អន្តរាគមន៍ទៅនិយោជក ឲ្យបើកប្រាក់អតីតភាពការងារដល់កម្មករ តំណាងសហជីព យកញត្តិទៅដាក់នៅខុទ្ទការិយាល័យសម្ដេច ហ៊ុន សែន កាលពីព្រឹក១៣ កក្កដា។ (រូបពីលោក ឃុន ថារ៉ូ)
× ភ្នំពេញ៖ មេសហជីព២១ស្ថាប័ន បានដាក់លិខិតស្នើឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យនិយោជកបើកប្រាក់អតីតភាពការងារឆ្នាំ២០១៩ និងឆ្នាំ២០២០ ដល់កម្មករនិយោជិតនៅក្នុងពេលជំងឺកូវីដ-១៩នេះ។ មេសហជីពអះអាងថា បើគ្មានដំណោះស្រាយសមស្របណាមួយនោះទេ ក្រុមសហជីពនឹងធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយសារពាក់ព័ន្ធលើបញ្ហានេះ តាមបណ្ដាញសង្គម ដើម្បីបង្ហាញជាសាធារណៈថែមទៀត។
ការដាក់ញត្តិស្នើដល់សម្ដេចនេះ ដោយសារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្មានការឆ្លើយតបលើញត្តិ ដែលក្រុមសហជីពដាក់សុំកិច្ចអន្តរាគមន៍ កាលពីថ្ងៃទី២២ មិថុនា កន្លងទៅ។ តំណាងសហជីព២១ស្ថានប័ន នៅព្រឹកថ្ងៃទី១៣ មិថុនានេះ បានយកញត្តិទៅដាក់នៅខុទ្ទការិយាល័យ សម្ដេច ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ជំរុញនិយោជកបើកប្រាក់ដល់កម្មករ។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្រាក់អតីតភាពការងារសំខាន់ណាស់ សម្រាប់កម្មករនៅអំឡុងពេលជួបវិបត្តិសេដ្ឋកិច្ចនេះ ដើម្បីយកទៅដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។ លោកស្រីថ្លែងថា៖ «ការដាក់សំណើរទៅសម្ដេចនេះ ដោយសារគ្មានដំណោះស្រាយពីក្រសួងការងារ។ ហើយការដាក់ញត្តិដល់សម្ដេចនេះ ក្រុមសហជីពយើងសង្ឃឹមថាសំណើនឹងទទួលបានការឆ្លើយតប ដោយមានដំណោះស្រាយសមស្របដល់កម្មករ»។
បច្ចុប្បន្នកម្មកររាប់ម៉ឺននាក់ត្រូវបាត់បង់ការងារ និងបាត់ចំណូលជាបន្តបន្ទាប់។ លើសពីនេះ កម្មករខ្លះជាប់ជំពាក់បំណុល រួមទាំងមានតម្រូវការចំណាយច្រើន លើសមាជិកគ្រួសារដែលមានជំងឺ និងចំណាយប្រចាំថ្ងៃទៀតផង។ ការសម្រេចរបស់ក្រសួងការងារ លើការពន្យារពេលបើកប្រាក់អតីតភាពការងារនេះ គឺជាការបន្តផ្ដល់សិទ្ធស្របច្បាប់ឲ្យនិយោជក ដែលធ្វើឲ្យកម្មករដែលជូនទុក្ខលំបាកផ្នែកសេដ្ឋកិច្ច រងការប៉ះពាល់កាន់តែធ្ងន់ធ្ងរពីពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការរៀបរាប់ពីស្ថានភាពលំបាករបស់កម្មករ ដែលសរសេរក្នុងញត្តិជូនទៅសម្ដេច ហ៊ុន សែន។
លោកស្រី សុភ័ណ្ឌ បញ្ជាក់ប្រាប់ថា តំណាងខុទ្ទការិយាល័យសម្ដេចលោក គង់ ចំរើន ជាអ្នកទទួលញត្តិ ហើយបានអះអាងថានឹងធ្វើការឆ្លើយតបញត្តិវិញ តាមនីតិវិធី។
បើគ្មានដំណោះស្រាយសមស្របណាមួយពីការដាក់ញត្តិនេះ ក្រុមសហជីពនឹងធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយដល់ប្រព័ន្ធបណ្ដាញសង្គម ដើម្បីបង្ហាញដល់ថ្នាក់ដឹកនាំឲ្យដឹងកាន់តែច្បាស់ពីស្ថានភាពលំបាកកម្មករ ។ លោកស្រី សុភ័ណ្ឌ ថ្លែងដូច្នេះថា៖ «ការដាក់នេះ បើនៅតែគ្មានដំណោះស្រាយ ឬឆ្លើយតបឲ្យបានសមស្របទេ ក្រុមសហជីពនឹងបន្តធ្វើយុទ្ធសាស្ត្រតាមប្រព័ន្ធអនឡាញ ផ្សព្វផ្សាយពីបញ្ហានេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ពិសេសកម្មករ អ្នកពាក់ព័ន្ធ ចូលបញ្ចេញមតិនិងតម្រូវការ។ ការធ្វើបែបនេះ ជាជម្រើសចុងក្រោយ ដែលបានក្រុមយើងបានខិតខំទាមទារ ហើយការផ្សាយសារតាមប្រព័ន្ធរបស់ក្រុមសហជីព និងអ្នកពាក់ព័ន្ធ នឹងអាចជ្រាបដល់រដ្ឋាភិបាលពីទុកលំបាក»។
រីឯលោក លោក ឃុន ថារ៉ូ មន្ត្រីគ្រប់គ្រងកម្មវិធីការងារ និងសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់ យល់ឃើញថា បើគ្មានដំណោះស្រាយលើបញ្ហានេះ នឹងអាចកើតមានវិបត្តិសង្គម និងការតវ៉ាទាមទារទ្រង់ទ្រាយធំ។ «បើគ្មានដំណោះស្រាយឲ្យទាន់ពេលឬសមស្រប នឹងអាចកើតចេញជាវិបត្តិសង្គមក្នុងករណីដែលភាពក្រីក្ររបស់កម្មករត្រូវបានធ្លាក់ចុះ។ ការតវ៉ាទាមទារនឹងកើតមានទ្បើងក្នុងករណីដែលរដ្ឋមិនមានវិធានការឆ្លើយតបដើម្បីគាំពារដល់អ្នកដែលងាយរងគ្រោះជាពិសេសកម្មករនិយោជក»។ នេះបើតាម លោក ឃុន ថារ៉ូ សរសេរប្រាប់សារព័ត៌មានតាម whatsApp ៕
Tag:
កម្មករ
សហជីព
ប្រាក់អតីតភាពការងារ
© រក្សាសិទ្ធិដោយ thmeythmey.com