អាជ្ញាធរ​ប្រាប់​ឱ្យ​អាជីវករ​នៅ​បរិវេណ​ប្រាសាទ​អង្គរ និង​ត្រពាំង​សេស រុះរើ​តូប​ចេញ មុន​ថ្ងៃ ១៥ សីហា ខាងមុខ
ជាតិ
អាជ្ញាធរ​ប្រាប់​ឱ្យ​អាជីវករ​នៅ​បរិវេណ​ប្រាសាទ​អង្គរ និង​ត្រពាំង​សេស រុះរើ​តូប​ចេញ មុន​ថ្ងៃ ១៥ សីហា ខាងមុខ
13, Jul 2020 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ទៅដល់​ម្ចាស់​អាជីវករ​ទាំងអស់ ដែលមាន​តូប​លក់ដូរ​ជា​អចិន្ត្រៃយ៍​នៅមុខ​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត និង​ត្រពាំង​សេស ឱ្យ​រុះរើ​ទីតាំង​របស់ខ្លួន​ចេញ ដើម្បីឱ្យ​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់​នៅមុខ​តំបន់​ទេសចរណ៍​មួយ​នេះ ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​កាន់តែច្រើន​។  នេះ​បើ​យោងទៅតាម​ការប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​១០ ខែកក្កដា កន្លងទៅ​។



​សេចក្ដីប្រកាស​ព័ត៌មាន បាន​កត់សម្គាល់ថា ក្នុង​រយៈពេល​កន្លងមក មាន​អា​ជីករ​ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​ធំៗ​ជាច្រើន បាន​ស្ម័គ្រចិត្ត​រុះរើ​តូប​របស់ខ្លួន​ចេញ ហើយ​បានប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​អប្សរា ដើម្បី​ធ្វើកា​អភិវឌ្ឍ​ហើយ​។ ចំណែក​ម្ចាស់​អាជីវកម្ម​ដទៃ​ផ្សេងទៀត ដែល​មិនទាន់បាន​រុះរើ​តូប​ខ្លួន​នៅលើ​ទីតាំង​ទាំងពីរ​នេះ ត្រូវ​ចូលរួម​សហការ​ក្នុងការ​អនុវត្តន៍​តាម​សេចក្ដីប្រកាស និង​ប្រគល់​ទីតាំង​ជូន​ដល់​អាជា្ញធរ​អប្សរា​ឱ្យបាន​មុន​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​ខាងមុខនេះ​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា ការចុះរ​រើ​តូប និង​ការអភិវឌ្ឍ​គម្រោង​នានា នៅ​បរិវេណ​ប្រាសាទ​អង្គរ ត្រូវបាន​ធ្វើឡើង​ទៅតាម​លិខិត ដែល​បាន​ចុះ​កាលពី​ថ្ងៃទី ២២ ខែមករា ដើមឆ្នាំ​២០២០​មកម្ល៉េះ​។ គោលដៅ​ធំ​នៃ​ការអនុវត្ត​នេះ គឺ​ដើម្បី​រួមចំណែក​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេ​ចរណ៍​ទេសភាព និង​បរិស្ថាន​នៅ​បរិវេណ​មុខ​ខាងលិច​ប្រាសាទ​អង្គរ មាន​ភាពល្អ​ប្រសើរឡើង ព្រមទាំង​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ ដែលជា​និមិត្តរូប​នៃ​ព្រលឹង​ជាតិខ្មែរ ឱ្យ​កាន់តែ​ល្បីល្បាញ និង​ស័ក្ដិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com